ស្វែងរកពួកយើង:

ក្រុមជាងជំនាញម៉ាស៊ីនត្រជាក់ជាង 100 នាក់ ទទួលបានការបង្ហាញគ្រឿងបង្គុំ និងបច្ចេកវិទ្យានៃផលិតផល LG ម៉ូដែលថ្មី

ដោយ

Koun Jab Luffy

02 កុម្ភៈ 2023 05:12 ល្ងាច

អាន 3 នាទី

Article image
ក្រុមជាងជំនាញជួសជុល ថែទាំ និងដំឡើងម៉ាស៊ីនត្រជាក់ជាង 100 នាក់ក្នុងរាជធានីភ្នំពេញ ទទួលបានវគ្គបណ្តុះបណ្តាលស្តីពីគ្រឿង បង្គុំ និងបច្ចេកវិទ្យាថ្មីរបស់ម៉ាស៊ីនត្រជាក់ LG ម៉ូដែល 2023 ពីអ្នកបច្ចេកទេសគ្រឿងអេឡិចត្រូនិចនៃក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics។ កម្មវិធីនេះរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមទៀតលើ ការវិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗរបស់ផលិតផល LG ដែលជាមូលដ្ឋានគ្រឹះក្នុងការផ្តល់សេវាជួសជុលថែទាំ និងដំឡើងម៉ាស៊ីនត្រជាក់ ដល់អតិថជនដោយមានទំនួលខុសត្រូវ និងមានប្រសិទ្ធភាព។
Article image
លោក ហេង សេងហ៊ាត ប្រធានផ្នែកបណ្តុះបណ្តាលផលិតផលLG នៃក្រុមហ៊ុន ជីហ្គៀគ្រុបបានលើក ឡើងថាបច្ចេកវិទ្យាមានការអភិវឌ្ឍន៍ជារៀងរាល់ថ្ងៃ ហើយថែមទាំងមានភាពឆ្លាតវៃដែលអាចជួយសម្រួលការងាររបស់មនុស្សបានច្រើន។ ដូច្នេះហើយបានជាក្រុមហ៊ុន ជីហ្គៀគ្រុប និងដៃគូយុទ្ធសាស្ត្រអាជីវកម្ម LG Electronics តែងតែធ្វើអាជីវកម្មផ្សារភ្ជាប់ជាមួយនឹងការផ្តល់ចំណេះដឹងដល់អ្នកប្រើប្រាស់គោលដៅ និង អ្នកផ្តល់សេវាដើម្បីជំរុញឱ្យពួកគេចេះប្រើប្រាស់គ្រឿងអេឡិចត្រូនិចបានត្រឹមត្រូវ និងឆ្លើយតបតាម តម្រូវការចាំបាច់របស់ពួកគេ។
Article image
លោកបន្ថែមថា «រាល់ការផ្តល់សេវាកម្មរបស់ក្រុមជាងរបស់យើងតែងតែផ្តោតលើគុណភាពសេវាកម្ម ផលិតផល ផ្តល់ចំណេះដឹង និងសុខភាពរបស់អ្នកប្រើប្រាស់។ ដូច្នេះហើយទើបយើងអាចឈរជើង នៅលើផ្សារបាន មិនតែប៉ុណ្ណោះសុខភាពរបស់ អ្នកប្រើប្រាស់ក៏ជារឿងសំខាន់ដូចគ្នា ដូច្នេះហើយបាន ជាក្រុមហ៊ុន LG បានផលិតម៉ាស៊ីនត្រជាក់ ដែលផ្តល់ភាពត្រជាក់ដោយសុវត្ថិភាពពោលគឺបានបំពាក់ បច្ចេកវិទ្យា ដែលអាចកំចាត់មេរោគ បាក់តេរីដែលបណ្តាលឱ្យកើតមានជំងឺផ្សេងៗ ជាពិសេសបញ្ហាផ្លូវដង្ហើមតែម្តង»។
Article image
លោកហ៊ ហាប់  នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍សំណេះសំណាល នៅក្នុងកម្មវិធីជាមួយក្រុមជាង និងបានជំរុញឱ្យពួកគេ ផ្តល់សេវាកម្ម ប្រកបដោយគុណភាព និងមានទំនួលខុសត្រូវបំផុត ព្រមទាំងហានទទួលយកចំណេះដឹងថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យារបស់ គ្រឿងអេឡិចត្រូនិចដែលកំពុងមានការវិវឌ្ឍន៍យ៉ាងលឿនតាមតម្រូវការទីផ្សារប្រើប្រាស់បច្ចុប្បន្ន។ លោកបន្ថែមថា ក្រុមហ៊ុន ជីហ្គៀ គ្រុបនៅតែបន្តគាំទ្រ និងផ្តល់ចំណេះដឹងតាមរយៈវគ្គបណ្តុះបណ្តាល បច្ចេកទេសថ្មីៗផ្ទាល់ និងតាមរយៈអនឡាញ និងមានចងក្រងឯកសារ សំរាប់ក្រុមជាងផងដែរ ដើម្បី ទទួលបានចំណេះដឹង កាន់តែទូលំទូលាយ និងអាចប្រកួតប្រជែងនៅលើទីផ្សារបានជាពិសេសផ្តល់ សេវាកម្មដែលល្អបំផុតសំរាប់អតិថិជន។
Article image
ដៃគូអាជីវកម្មចែកចាយគ្រឿងអេឡិចត្រូនិច LG និងមានផ្តល់សេវាជួសជុលម៉ាស៊ីនត្រជាក់នៃក្រុមហ៊ុន ជីហ្គៀ គ្រុប លោក ណម លាងហ៊ឹមបាននិយាយថាលោកពេញចិត្តនឹងការផ្តល់វគ្គបណ្តុះបណ្តាល របស់ក្រុមហ៊ុននេះណាស់ព្រោះតែងតែផ្តល់នូវចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងគ្រឿងអេឡិចត្រូនិចមូដែលជំនាន់ក្រោយ។ លោកថានេះជាមូលដ្ឋានគ្រឹះមួយសំខាន់ដែលលោក អាចចែករំលែកបន្តទៅកាន់ក្រុមការងារ ដើម្បីបង្កើនចំណេះដឹងនៅក្នុងវិស័យនេះកាន់តែទូលំទូលាយ និងងាយស្រួលពន្យល់ទៅកាន់អតិថិជន ផងដែរ ហើយនេះជាចំណុចសំខាន់បំផុតដែលពួកគេត្រូវការ។
Article image
លោក ធន់ សុខរី ជាងជួសជុល ថែទាំ និងដំឡើង ម៉ាស៊ីនត្រជាក់ ដែលបានចូលរួមសិក្ខាសាលាព្រឹកនេះ បាននិយាយថានេះជាឱកាសដ៏ល្អមួយដែលលោកបានចូលរួមវគ្គបណ្តុះណ្តាលជាមួយក្រុមហ៊ុន ជីហ្គៀ គ្រុបព្រោះលោកបានរៀនសូត្របានច្រើនអំពីបច្ចេកទេស ប្រតិបត្តិការ គ្រឿងបន្លាស់ និងបញ្ហានានា របស់ម៉ាស៊ីន ដែលអាចកើតមាននៅពេលដែលអតិថិជនប្រើប្រាស់។ បន្ទាប់ពីបានចូលរួមកម្មវិធី នាព្រឹកនេះវាបានជួយឱ្យលោកបង្កើនសមត្ថភាពភាពន្ថែម និងមានភាពច្បាស់លាស់លើគ្រឿងម៉ាស៊ីន ហើយអាចបង្កើនទំនុកចិត្តពីអតិថិជនលើការផ្តល់សេវារបស់លោកថែមទៀតផង។
Article image
ជាង 12 ឆ្នាំមកនេះក្រុមហ៊ុន ជីហ្គៀ គ្រុប និង LG Electronics តែងតែធ្វើអាជីវកម្ម ផ្សារភ្ជាប់ជាមួយនឹងចំណេះដឹងផ្នែកគ្រឿងអេឡិចត្រូនិច ការប្រកបអាជីវកម្មបែបទំនើប និងបណ្តុះ ធនធាន ឱ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់តាមរយៈប្រតិបត្តិការនៃអាជីវកម្មនីមួយៗរបស់ យើងកន្លងមក៕
ក្រុមជាងជំនាញម៉ាស៊ីនត្រជាក់ជាង 100 នាក់ ទទួលបានការបង្ហាញគ្រឿងបង្គុំ និងបច្ចេកវិទ្យានៃផលិតផល LG ម៉ូដែលថ្មី