ស្វែងរកពួកយើង:

ប្រធាននាយកប្រតិបត្តិនៃធនាគារ CIMB ចុះបម្រើសេវាកម្ម ដល់អតិថិជនដោយផ្ទាល់ ក្នុងទិវាថ្លែងអំណរគុណអតិថិជន

ដោយ

Koun Jab Luffy

21 កញ្ញា 2019 05:52 ល្ងាច

អាន 3 នាទី

Article image
កាលពីថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2019  ធនាគារ CIMB បានរៀបចំប្រារព្ធទិវាថ្លែងអំណរគុណអតិថិជន ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌ នៅគ្រប់សាខាទាំង 14 ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ឆ្លើយតបនឹងការបន្តគាំទ្ររបស់អតិថិជន ដែលជំរុញឲ្យធនាគារ មានភាពរីកច្រើនជាលំដាប់ ធនាគារ CIMB បានបង្កើតព្រឹត្តិការណ៍នេះឡើង ដើម្បីបង្កើតនូវបរិយាកាសរីករាយ ប្លែកខុសពីពេលមុនៗ ដោយមានការតុបតែងក្នុងសាខា និងសម្លៀកបំពាក់របស់បុគ្គលិក បែបប្រពៃណីខ្មែរ ព្រមទាំងការផ្តល់ជំនូនអនុស្សាវរីយ៍ ដល់គ្រប់អតិថិជន ដែលបានអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារផងដែរ។
ក្នុងឱកាសនេះដែរ ធនាគារ CIMB បានផ្តល់នូវបទពិសោធន៍សេវាកម្មបម្រើអតិថិជនគួរឲ្យចាប់អារម្មណ៍ ដោយមានការបម្រើសេវាកម្មធនាគារ នៅបញ្ជរសាខាដោយផ្ទាល់ ពីសំណាក់គណៈគ្រប់គ្រងរបស់ធនាគារ រួមមានប្រធាននាយកប្រតិបត្តិ (CEO) ទៀតផង។ កម្មវិធីនេះមិនត្រឹមតែបង្កើតនូវឱកាស សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងគណៈគ្រប់គ្រង និងបុគ្គលិកជួរមុខរបស់ធនាគារប៉ុណ្ណោះទេ តែថែមទាំងបង្កើតនូវដំណើរការទទួលយកមតិយោបល់អតិថិជនដោយផ្ទាល់ផងដែរ។ តាមរយៈទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងអតិថិជន គណៈគ្រប់គ្រងរបស់ធនាគារអាចយល់ដឹងកាន់តែច្បាស់ អំពីចំណុចខ្វះខាតនានា ដែលអតិថិជនចង់ឲ្យកែតម្រូវ។ ដូច្នេះធនាគារអាចកែលម្អ និងនាំយកសេវាកម្មបម្រើអតិថិជនដ៏ល្អប្រសើរ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
Article image
លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB បានមានប្រសាសន៍ថា៖ «នៅធនាគារ CIMB អតិថិជនគឺជាអ្វី ដែលយើងផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុត។ ការបន្តគាំទ្ររបស់អតិថិជន បានរួមចំណែកដល់ភាពរីកចម្រើន ដោយឥតឈប់ឈររបស់ធនាគារ តាំងពីបើកដំណើរការដំបូង។ ហើយកម្មវិធីថ្ងៃនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនង រវាងថ្នាក់ដឹកនាំធនាគារ និងអតិថិជនដោយផ្ទាល់ ឲ្យកាន់តែជិតស្និទ្ធ និងយល់ដឹង អំពីតម្រូវការរបស់អតិថិជន។ ហើយគោលដៅរបស់ធនាគារ គឺចង់ផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ ដល់អតិថិជន ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថា ថ្ងៃណាក៏ជាទិវាថ្លែងអំណរគុណអតិថិជនដែរ។ នេះគឺជាអ្វីដែលយើងយកចិត្តទុកដាក់ និងសម្តែងការថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់អតិថិជនយើង ក៏ដូចជាការចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ជាមួយគ្នា ដើម្បីសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងភាពជួបជុំរីករាយ ទាំងអស់គ្នា»។
Article image
លោកវិសាល ដែលជាអតិថិជនមួយរូប របស់ធនាគារ CIMB បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា៖ «ថ្ងៃនេះ ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន ហើយខ្ញុំមិនបានរំពឹងថា មានកម្មវិធីធនាគារពិសេសដូច្នេះឡើយ។ ខ្ញុំបានប្រើប្រាស់សេវាកម្មធនាគារ CIMB តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ សេវាកម្ម ដែលខ្ញុំតែងតែប្រើប្រាស់ និងពេញចិត្តបំផុតនោះ គឺសេវាកម្មផ្ទេរប្រាក់ ទៅក្រៅប្រទេស។ ដោយសារធនាគារ CIMB មានបណ្តាញសាខាក្នុងតំបន់អាស៊ាន ការផ្ទេរប្រាក់របស់ខ្ញុំ គឺពិតជាងាយស្រួល រហ័ស និងមានសុវត្ថិភាពមែនទែន ហើយបុគ្គលិកខាងធនាគារក៏ផ្តល់សេវាកម្ម និងជួយសម្រួលដល់ខ្ញុំផងដែរ។ ខ្ញុំសូមសរសើរ ដែលធនាគារ CIMB យកចិត្តទុកដាក់ខ្ពស់ ដល់អតិថិជនដូច្នេះ ហើយព្រមទាំងមានការប្រារព្ធពិធីថ្លែងអំណរគុណអតិថិជននេះទៀតផង»។
Article image
គួរបញ្ជាក់ផងដែរថា មានអតិថិជនរាប់រយនាក់ ដែលបានចូលរួមប្រារព្ធទិវាថ្លែងអំណរគុណអតិថិជន ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌ នៅគ្រប់សាខា របស់ធនាគារ CIMB ទូទាំងប្រទេស អំឡុងពេលមួយថ្ងៃនេះ។ នេះគឺជាលើកទី៣ហើយ ដែលធនាគារ CIMB បានរៀបចំព្រឹត្តិការណ៍រំភើបរីករាយបែបនេះ ដើម្បីឆ្លើយតបទៅនឹងការបន្តគាំទ្ររបស់អតិថិជនជាច្រើនឆ្នាំកន្លងមកនេះ ដែលជួយជម្រុញឲ្យធនាគារ CIMB មានការរីកចម្រើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ គិតចាប់តាំងពីពេលបើកដំណើរការអាជីវកម្មដំបូង ក្នុងខែវិច្ឆិកា ឆ្នាំ 2010។
Article image
នៅក្នុងនាមជាធនាគារ ដែលយកចិត្តទុកដាក់ខ្ពស់ លើអតិថិជន ធនាគារ CIMB នឹងផ្តល់ជូនកម្មវិធីថែរក្សាទំនាក់ទនង ជាមួយនឹងអតិថិជនជាច្រើនទៀត នាពេលខាងមុខផងដែរ។