បច្ចុប្បន្ន​នេះ​ ពុំ​មាន​នរណា​ម្នាក់​ហៅ​កូនៗ​របស់​ខ្លួន​ថា​ ‹‹​កូនស្រី​ទី​មួយ​››​ ឬ​ ‹‹​កូនប្រុស​ទី​ ពីរ​››​ ទេ​។​ មនុស្ស​យើង​ភាគច្រើន​បាន​ចាត់​ទុក​ឈ្មោះ​ថា​ជា​កត្តាចាំបាច់​បំផុត​។​ ​ឈ្មោះ​គឺជា​រឿង​ថ្មី​សម្រាប់​ Nokia​ ។​ អ្នក​ប្រើប្រាស់​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ចែក​អោយ​ដាច់​ពី​គ្នា​រវាង​ Nokia​ C3-00​ និង​ Nokia​ X3-00​ ឥឡូវនេះ​នឹង​បាន​ស្រាន្ត​ចិត្ត​ហើយ​ ក្រោម​ការ​ណែនាំ​ឈ្មោះ​ខ្សែស្រឡាយ​ Nokia​ ថ្មី​គឺ​ Nokia​ Lumia​ និង​ Nokia​ Asha​។​     ​ផលិតផល​ Nokia​ នៅ​លើ​ទីផ្សារ​មាន​ចំនួន​ច្រើន​មហិមា​។​ ‹‹​ សូ​ម្បី​តែ​យើង​ក៏​ធ្លាប់​ច្រឡំ​ខ្លួនឯង​ដែរ​អំពី​ការ​ដាក់​ឈ្មោះ​នា​ពេល​កន្លង​មក​››​ ។​ នេះ​គឺជា​សម្តី​របស់​លោក​ Chris​ George​ ដែល​ជា​សមាជិក​មួយ​រូប​នៃ​ក្រុមការងារ​ស្ថាបត្យកម្ម​យីហោ​ Nokia​ និង​ដែល​ទើបបាន​ឧទ្ទេសនាម​ឈ្មោះ​ខ្សែ​  ស្រ​ឡាយ​ថ្មី​អោយ​ Nokia​។​ កាលពី​ខែសីហា​ ក្រុមហ៊ុន​ Nokia​ បាន​សម្រេចចិត្ត​ប្រសិទ្ធ​នាម​ថ្មី​អោយ​ផលិតផល​មួយ​ចំនួន​របស់​ខ្លួន​។​ លោក​ Chris​ George​ បាន​មាន​ប្រសាសន៍​ថា​ ៖​ ‹‹​ ការ​ដាក់​ឈ្មោះ​ខ្សែស្រឡាយ​ផលិតផល​គឺជា​និន្នាការ​ធំ​នៅ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​។​ វា​គឺជា​ការ​ជំរុញ​មនុស្សជាតិ​ និង​បច្ចេកវិទ្យា​ខិត​កាន់តែ​ជិត​គ្នា​ឡើងៗ​››​។​     ​សេចក្តីសម្រេច​ដាក់​ឈ្មោះ​ជា​ខ្សែស្រឡាយ​ ជា​ជាង​ឈ្មោះ​មួយ​សម្រាប់​ម៉ូ​ដែល​មួយ​ គឺ​អាស្រ័យ​ដោយ​ កត្តា​ពីរ​យ៉ាង​ ៖​ (១)​ កត្តា​ជោគជ័យ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ​ទៀត​សម្រេច​បាន​តាម​រយៈ​ការ​អនុវត្ត​ បែប​នេះ​ (២)​ កត្តា​ស្មុ​គ្រ​ស្មាញ​នៃ​ការ​គិត​រក​ឈ្មោះ​ដាក់​អោយ​ផលិតផល​ម៉ូ​ដែល​    នីមួយៗ​។​​     ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ការ​ជ្រើសរើស​ឈ្មោះ​ពុំ​មែន​ជា​កិច្ចការ​សាមញ្ញ​ឡើយ​។​​ផលិតផល​បាន​ត្រូវ​បាន​សម្គាល់​ដោយ​ឈ្មោះ​ពាណិជ្ជកម្ម​ ឬ​ និមិត្តសញ្ញា​ពាណិជ្ជកម្ម​តាំងពី​សតវត្ស​ទី​ ១២​ មក​ម្ល៉េះ​។​ ឈ្មោះ​ផលិតផល​សម្រាប់​លាង​សម្អាត​ដូច​ជា​ Brasso​ និង​ Brillo​ នៅ​ដំណាច់​សតវត្ស​ទី​ ២០​ បាន​បើកផ្លូវ​អោយ​មានឈ្មោះ​ផលិតផល​កែវ​ការពារ​កំ​ដៅ​ Pyrex​ និង​ Windex​ នៅ​ទស​វត្ស​ ១៩២០​ និង​ឈ្មោះ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ដូច​ជា​ I.B.M​ និង​ G.M​ នៅ​ក្នុង​ទស​វត្ស​ឆ្នាំ​ ១៩៦០​។​​     មាន​ពេល​ខ្លះ​ ឈ្មោះ​ផលិតផល​ធំៗ​បាន​ត្រូវ​ប្រសិទ្ធ​នាម​ឡើង​ដោយ​ចៃដន្យ​ ៖​ Coca​ Cola​ ត្រូវ​បាន​ គណនេយ្យករ​មួយ​រូប​ដាក់​ឈ្មោះ​អោយ​ដោយ​គាត់​បាន​គិត​ថា​ តួអក្សរ​ C​ ពីរ​ដង​ មើលទៅ​សម​ភ្នែក​ សម្រាប់​ការ​ផ្សាយពាណិជ្ជកម្ម​។​​មាន​ពេល​ខ្លះ​ទៀត​ ការ​ដាក់​ឈ្មោះ​នាំ​អោយ​មាន​បញ្ហា​។​ ក្រុមហ៊ុន​ Ford​ Motor​ បាន​ពឹងពាក់​អោយ​កវី​ និង​តួ​សម្តែង​ជួយ​គិត​រក​ឈ្មោះ​ដាក់​អោយ​ឡាន​ថ្មី​ដ៏​អស្ចារ្យ​មួយ​។​ ក្រោយមក​ទៀត​ ក្រុមហ៊ុន​នេះ​បាន​ បដិសេធ​មិន​ទទួលយក​ការ​ផ្តល់​យោបល់​អ្វី​ទាំងអស់​ ហើយ​បែរជា​ទៅ​ជ្រើសរើស​ឈ្មោះ​ចៅប្រុស​របស់​ Henry​ Ford​ មក​ដាក់​ទៅ​វិញ​។​ Edsel​ គឺជា​ឈ្មោះ​មិន​ទំនង​ ធ្វើ​អោយ​ផលិតផល​ទទួល​បរាជ័យ​។​      ​បច្ចុប្បន្ន​នេះ​ ការ​ដាក់​ឈ្មោះ​ត្រូវ​ផ្អែក​លើ​អាថ៌​កំបាំង​នៃ​អក្សរសិល្ប៍​បូក​ផ្សំ​នឹង​វិទ្យាសាស្ត្រ​ម៉ាឃីតធីង​។​​ប្រសិនបើ​លោក​អ្នកមាន​ច​ម្ង​ល់​ថា​ ហេតុ​អ្វី​បានជា​ផលិតផល​បច្ចេកវិទ្យា​ជា​ច្រើន​បាន​ដាក់​ឈ្មោះ​តាម​ឈ្មោះ​ផ្លែ​ឈើ​ ចំឡើយ​គឺ​ ព្រោះ​មនុស្ស​យើង​គិត​ថា​ ឈ្មោះ​ផ្លែ​ឈើ​វា​ធ្វើ​អោយ​គេ​បាន​លំហែចិត្ត​។​​នៅ​ពេល​បង្កើត​គំនិត​រួច​ហើយ​ ដំណាក់កាល​ទី​មួយ​គឺ​ ត្រូវ​ពិនិត្យ​មើល​ថា​តើ​ ឈ្មោះ​នោះ​បាន​ត្រូវ​យក​មក​ប្រើ​ និង​ចុះ​ឈ្មោះ​ពាណិជ្ជសញ្ញា​ហើយ​ឬ​នៅ​នា​ពេល​បច្ចុប្បន្ន​នេះ​?​កាលពី​ឆ្នាំ​ ១៩៨០​ មាន​ពាណិជ្ជសញ្ញា​ផលិតផល​បច្ចេកវិទ្យា​ត្រឹមតែ​ ១០​ ០០០​ ប៉ុណ្ណោះ​ តែ​បច្ចុប្បន្ន​ នេះ​សរុប​ទាំងអស់​មាន​រហូត​ដល់​ទៅ​ជាង​ ៣០០​ ០០០​។​      ​លោក​ Chris​ George​ បាន​បញ្ជាក់​ថា​ ៖​ ‹‹​ ក្នុង​ចំណោម​ឈ្មោះ​ចំនួន​ ២០០​ ដែល​បាន​ស្នើ​ឡើង​ពី​ដំបូង​ មាន​តែ​ឈ្មោះ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ឆ្លង​ផុត​ដំណាក់កាល​ទី​មួយ​ខាងលើ​››​ ។​​ដំណាក់កាល​ទី​ពីរ​គឺ​ ភាសា​វិទូ​ជា​ច្រើន​រូប​ដែល​មាន​ឯកទេស​លើ​ភាសា​ចំនួន​ ៨៤​ ប្រភេទ​បាន​ចាប់ផ្តើម​ពិនិត្យ​ថា​ តើ​ឈ្មោះ​ដែល​ឆ្លងកាត់​ដំណាក់កាល​ទី​មួយ​ទាំងនោះ​មាន​អត្ថន័យ​អវិជ្ជមាន​ដែរ​ឬទេ​?​ ពិបាក​អាន​នៅ​ក្នុង​ភាសា​ដទៃ​ទៀត​ដែរ​ឬទេ​?​ ព្រោះថា​ព្យញ្ជន​ខ្លះ​ដូច​ជា​ J,​ L,​ R​ និង​ V​ ពិបាក​បញ្ចេញ​សម្លេង​ណាស់​នៅ​ក្នុង​ភាសា​មួយ​ចំនួន​។​ ប្រទេស​ខ្លះ​ពុំ​មាន​ព្យញ្ជនៈ​ដូច​ប្រទេស​ខ្លះ​ទៀត​ឡើយ​ (​ឧ​.​ ភាសា​ប៉ូ​ឡូញ​ពុំ​មាន​ព្យញ្ជនៈ​ Q​ ទេ​)​។​ មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ Lumi​ ឬ​ Lumia​ គឺជា​ពាក្យ​ដ៏​ចំណាស់​មួយ​នៃ​ភាសា​អេ​ស្ប៉ា​ញ​ដែល​គេ​ឈប់​ប្រើ​ហើយ​។​ លោក​ Chris​ George​ បាន​មាន​ប្រសាសន៍​ថា​ ៖​ ‹‹​ថ្វី​ត្បិត​តែ​វា​ជា​គ្រាមភាសា​ តែ​យើង​បានដឹង​អំពី​ឫសគល់​របស់​វា​ ហើយ​ក៏​បាន​សម្រេចចិត្ត​ធ្វើការ​ស្ទាបស្ទង់​មតិ​អ្នក​ប្រើប្រាស់​ដើម្បី​ពិនិត្យ​អោយ​ដឹង​អំពី​សេចក្តី​ ឬ​អត្ថន័យ​នៃ​ពាក្យ​នេះ​។​ លទ្ធផល​បង្ហាញ​យ៉ាងដូច​នេះ​ ៖​ ប្រជាជន​អេ​ស្ប៉ា​ញ​ជាង​ ៦០%​ គិត​ថា​វា​គឺជា​ឈ្មោះ​ដ៏​មាន​អត្ថន័យ​ខ្លឹមសារ​សម្រាប់​ផលិតផល​បច្ចេកវិទ្យា​។​ ពួក​គេ​គិត​ថា​ ពាក្យ​នោះ​មាន​ន័យ​ថា​ ‹‹​ពន្លឺ​››​ ឬ​ ‹‹​ស្ទីល​››​ ហើយ​ពុំ​មាន​បង្កប់ន័យ​អវិជ្ជមាន​ទេ​។​ ​       ពាក្យ​ថា​ Lumia​ ក៏​មាន​ន័យ​ដែរ​នៅ​ក្នុង​ភាសា​ហ្វាំ​ង​ឡង់​។​ វា​មាន​ថ្នាក់​ជា​នាម​ពហុវចនៈ​ បាន​សេចក្តី​ថា​ ‹‹​ព្រិល​››​។​ដំណាក់កាល​ចុង​ក្រោយ​ គឺ​ត្រូវ​ឆ្លងកាត់​ការ​ផ្គូរ​ផ្គង​ឈ្មោះ​ដែល​ចំរាញ់​បាន​ទាំងនោះ​ជាមួយ​យីហោ​ Nokia​។​​ឈ្មោះ​ផលិតផល​មួយ​ដែល​លក់ដាច់​បំផុត​គឺ​ Intel​ Pentium​ processor​។​ អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​រក​ឃើញ​ថា​ មនុស្ស​ចូល​ចិត្ត​ពាក្យ​ដែល​បញ្ចប់​ដោយ​ ‹‹tium››​។​ វា​បញ្ជាក់​សេចក្តី​អោយ​ Processor​ នោះ​ថា​ ‹‹​ដំណើរការ​លឿន​ជាងគេ​››​។​ ​ចំពោះ​ឈ្មោះ​ Nokia​ Lumia​ ក្រុមការងារ​បាន​យក​មក​ផ្ទឹម​នឹង​ Nokia​។​ ក្រោយ​ពី​បាន​ពិនិត្យ​ឃើញ​ថា​ សម​គ្នា​ល្ហើយ​ ក៏​បាន​យក​ទៅ​ឧទ្ទេសនាម​បង្ហាញ​ជូន​ក្រុម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ Nokia​។​ ទី​បញ្ចប់​ឈ្មោះ​នេះ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​។​​ចំនែក​ឈ្មោះ​ស្រ​ឡាយ​ Nokia​ Asha​ ក្រុមការងារ​បាន​ខិតខំ​ពិនិត្យ​ជំរើស​ជា​ច្រើន​ផង​ដែរ​។​ វា​គឺជា​ឈ្មោះ​ផលិតផល​ Series​ 40​ សម្រាប់​លក់​ជា​ពិសេស​នៅ​ក្នុង​ទីផ្សារ​កំពុង​អភិវឌ្ឍន៍​។​ Asha​ គឺជា​ពាក្យ​នៅ​ក្នុង​ភាស​ហិ​ណ្ឌី​ មានសំនៀង​ពិ​រោះ​ស្តាប់​ ហើយ​មាន​សេចក្តី​ថា​ ‹‹​សង្ឃឹម​››​៕