ស្វែងរកពួកយើង:

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី បើកវេទិការដ្ឋាភិបាលឌីជីថល លើកទី 1 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ដោយ

Koun Jab Luffy

11 មីនា 2024 11:03 ថ្ងៃត្រង់

អាន 4 នាទី

Article image
នៅព្រឹកថ្ងៃទី 11 ខែមីនា ឆ្នាំ 2024 នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជា អធិបតី បើកវេទិការដ្ឋាភិបាលឌីជីថល លើកទី 1 ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នធំៗ ជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន លើកឡើងថា វេទិកានេះ នឹងមានការរៀបចំនូវកិច្ចពិភាក្សា ផងដែរ ដូច្នេះ ដើម្បីជាធាតុចូលបន្ថែមដល់ កិច្ចពិភាក្សា សម្ដេចសូមស្នើឲ្យអង្គវេទិកា ផ្ដោតការយកចិត្តទុកដាក់ លើចំណុចជាគន្លឹះចំនួន 5 ដូចខាងក្រោម៖
ទី1៖ ការឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញា សិប្បនិម្មិត (Generative AI) ដែលម៉្យាងនាំឲ្យមានការជំរុញនវានុវត្តន៍ និងបង្កើនផលិតភាព និងម៉្យាងទៀត នាំឲ្យមានកំណើននៃរំហូរទិន្នន័យឯកជនប្រជាពលរដ្ឋ និងការប្រើប្រាស់ ទិន្នន័យទាំងនោះឆ្លងកាត់ព្រំដែន ដែលបង្កជាការព្រួយបារម្ភ ដល់ការយកប្រៀបផ្នែកពាណិជ្ជកម្ម ការបំពានឯកជនភាពរបស់ប្រជាពលរដ្ឋ និងការគំរាមកំហែងសន្តិសុខសាយប័រជាដើម។
ទី2៖ ការសម្រួចបន្ថែមលើវិធានការគោលនយោបាយពាក់ព័ន្ធ និងការអនុវត្តកម្មវិធីបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ដោយប្រើប្រាស់អភិក្រម «រដ្ឋាភិបាលទាំងមូល» (Open Whole-of-Government Approach) និងការបើកចំហសម្រាប់ការចូលរួមពីគ្រប់តួអង្គ។
ទី3៖ ការធ្វើសុខដុមនីយកម្មលើគោលនយោបាយ, បទប្បញ្ញត្តិ, ស្តង់ដារវាងប្រទេសក្នុងតំបន់ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសេវាឌីជីថល ក៏ដូចជាការពង្រឹងនូវការចែករំលែកចំណេះដឹងនិងបទពិសោធន៍។
ទី4៖ ការកំណត់ចលករគន្លឹះ ជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីសាស្រ្តជំរុញសន្ទុះនៃការបង្កើនសមត្ថភាពចាប់យក និង ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ប្រជាពលរដ្ឋ។
ទី5៖ ការពង្រឹងយន្តការតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខសាយប័រ និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ជាអាទិ៍៖ ការឆបោក តាមប្រព័ន្ធអនឡាញ (Online scam) និង ព័ត៌មានក្លែងក្លាយ ។
Article image
សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា វេទិការដ្ឋាភិបាលឌីជីថល លើកទី 1 អាចដំណើរការទៅដោយរលូន និងសូមលើកទឹកចិត្តឲ្យមានការចូលរួម ពិភាក្សាឲ្យបានផុលផុស ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កា។
Article image
សូមជម្រាបថា បច្ចេកវិទ្យាឌីជីថល គឺជាវិស័យដ៏មានសារៈសំខាន់ ក្នុងយុគសម័យបរិវត្តកម្មឌីជីថលនេះ ដើម្បីជំរុញ ដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថលតាំងពីពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសមកម្ល៉េះ។
ក្នុងនីតិកាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាលលើឌីជីថល កាន់តែច្បាស់លាស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី 1។ ក្នុងនោះបញ្ចកោណទី 5 បានផ្តោតលើការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ ផ្អែកលើស្មារតីខាងលើនេះហើយ ទើបក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំឡើងនូវ «វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ 2024»។
Article image
វេទិកានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ នៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអ្នកជំនាញបរិវត្តកម្មឌីជីថលនៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាការបង្ហាញអំពី សមិទ្ធផលរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា ដែលបានបង្កើតឡើង រយៈពេលប្រមាណ 18 ខែ កន្លង មកនេះស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល 2021-2035 និងគោលនយោបាយរដ្ឋាភិ បាលឌីជីថលកម្ពុជា 2022-2035 ជាពិសេសបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី 1 របស់រាជ រដ្ឋាភិបាលកម្ពុជា។
Article image
វេទិកានេះ ត្រូវបានបែងចែកចេញជាពីរផ្នែក ដែលផ្នែកទី 1 ជាទម្រង់សិក្ខាសាលា ដែលមានការរៀបចំកិច្ច ពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗ ពីវាគ្មិនជាតិ និងអន្តរជាតិពាក់ព័ន្ធទិដ្ឋភាពគោលនយោបាយ និន្នាការនៃ ការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តនៃការ ជំរុញល្បឿនបរិវត្តកម្មឌីជី ថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។
Article image
ផ្នែកទី 2 ជាទម្រង់ពិព័រណ៍ឌីជីថល ដែលមានការតាំងពិព័រណ៍ពីបច្ចេកវិទ្យាឌីជីថល ផលិតផល និងដំណោះស្រាយ បម្រើ ឲ្យរដ្ឋាភិបាលឌីជីថល ដែលមានការចូលរួមពីក្រសួងស្ថាប័ន និងក្រុមហ៊ុនជាតិ និងអន្តរជាតិផងដែរ៕
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី បើកវេទិការដ្ឋាភិបាលឌីជីថល លើកទី 1 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ