
Changan CS55 Plus រថយន្ត SUV ជំនាន់ទី 4 ប្រកាសសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារកម្ពុជា តម្លៃតែជាង 2 ម៉ឺនប៉ុណ្ណោះ!
កាលពីម្សិលមិញនេះ ក្រុមហ៊ុន RMA Cambodia បានប្រកាសដាក់សម្ពោធជាផ្លូវការណ៌ Changan CS55 Plus រថយន្ត SUV ជំនាន់ថ្មី ដែលរួមបញ្ចូលគ្នារវាងប្រណិតភាព ភាពឆ្លាតវៃ និងសុវត្ថិភាពខ្ពស់សម្រាប់រាល់ដំណើរការកម្សាន្តនៅលើទីផ្សារកម្ពុជាហើយ មានតម្លៃតែជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ។ ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើងនូវ Showroom 60m ក្រោមការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន RMA Cambodia និងក្រុមហ៊ុន Changan Cambodia រួមជាមួយនិងភ្ញៀវកិត្តិយស ដែលជាអតិថិរបស់ក្រុមហ៊ុន Changan Cambodia ក៏ដូចជា អ្នកផលិតមាតិការថយន្ត ហើយនិងអ្នកសារព័ត៌មានជាច្រើនរូប។


នៅក្នុងឱកាសដ៏ពិសេស លោក ធី ចន្ទនីមល ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Changan Cambodia បានមានប្រសាសន៌ថា Changan CS55 Plus 2026 នេះ គឺរថយន្ត SUV ស៊េរីថ្មី ជំនាន់ 4 ហើយរបស់ CS55 ដែលត្រូវបានប្រកាសលក់នៅលើទីផ្សារប្រទេសកម្ពុជា ហើយក៏ជាម៉ូដែលមួយ ដែលមានការផ្លាស់ប្តូរទៅលើការឌីស្សាញរូបរាងទាំងខាងក្រៅ និងខាងក្នុងកាន់តែទំនើបទៀតផង។ អ្វីដែលពិសេសនោះ ជាមួយនិងវត្តមាននៅពេលនេះ Changan CS55 Plus រថយន្ត SUV ជំនាន់ថ្មី្ គឺមានតម្លៃធូជាងម៉ូដែលមុនៗ ដោយក្រុមហ៊ុន ប្រកាសលក់សម្រាប់អតិថិជនត្រឹមតែ 29,900 ដុល្លារតែប៉ុណ្ណោះ ដែលពិតជាធូរមែនទែនប្រៀបធៀបជាមួយនិងរថយន្តដែលមានលក្ខណៈសម្បត្តិទូទៅប្រហែលគ្នា។


បើមើលទៅលើការឌីស្សាញផ្នែកខាងមុខរបស់រថយន្ត SUV ជំនាន់ថ្មី Changan CS55 Plus នេះ គឺឃើញថាមានការផ្តាស់ប្តូរទៅលើវប៉ាណាមុខថ្មីមានទំហំធំ មានភាពប្រណិត មើលទៅពិតជាមានភាពទាក់ទាញ ហើយមិនតែប៉ុណ្ណោះ ក្រុមហ៊ុន ថែមទាំងមានការឌីស្សាញនូវ Daytime Running Light ថ្មី ដែលមានរាងអក្សរ C ភ្ជាប់គ្នាកាត់ទទឹង ដោយប្រើប្រាស់នូវអំពូល LED មើលទៅដូចឡានអគ្គិសនីអញ្ចឹង។ ចំពោះចង្កៀងវិញ គឺមានការបំពាក់នូវអំពូលគុជផ្តល់នូវពន្លឺច្បាស់ ហើយនិងមានភ្ជាប់នូវមុខងារបញ្ចាំងភ្លើង ហ្វា+កូដ អូតូ ដែលអាចឆ្លាស់គ្នាទៅវិញទៅមកបានយ៉ាងរលូនទៅតាមស្ថានភាពផ្លូវ។ ក្រឡេកមកមើលផ្នែកចំហៀងវិញ គឺមានការបំពាក់នូវកាមេរ៉ាលើកញ្ចក់មើលក្រោយ មានដៃទ្វាងាយស្រួលបើកបិទ និងប្រើប្រាស់នូវយ៉ាន់កង់ថ្មីទំហំ 19 អ៊ីង។

ទាក់ទងនឹងផ្នែកខាងក្រោយនៃរថយន្ត SUV ជំនាន់ថ្មី Changan CS55 Plus នេះ គឺមានការឌីស្សាញថ្មីទាំង ស្រុងដូចគ្នា ដោយមើលទៅគឺបង្ហាញពីភាពប្រណិតខ្លាំងមែនទែន ជាមួយនិងការរចនាស្តុបក្រោយជាមួយនិងអំពូល LED រត់ជាខ្សែរកាត់ទទឹងមានភ្លឺច្បាស់ងាយស្រួលក្នុងធ្វើដំណើរពេលយប់។ អ្វីដែលពិសេសនោះ ក្រៅពីមាន Spoiler ខាងលើស្អាតហើយនោះ នៅខាងក្រោមនៃរថយន្តក៏មានការបំពាក់នូវបំពង់ស៊ីម៉ាំងភ្លោះ ដែលមើលទៅដូចឡានស្ព័រអញ្ចឹង។ ហើយបើមើលទៅតួរថយន្តវិញ គឺប្រើប្រាស់នូវដែកថែបរឹងមាំបំផុត ស្របពេលដែលប្រព័ន្ធប៊ូមវិញ គឺមានការប្រើប្រាស់នូវ MacPherson independent នៅផ្នែកខាងមុខ និង Multi-Link independent នៅផ្នែកខាងក្រោយ។ ផ្តល់នូវការធ្វើដំណើរប្រកបដោយផាសុភាពទោះស្ថិតនៅលើស្ថានភាពផ្លូវរលាក់ក៏ដោយ។

Changan CS55 Plus រថយន្ត SUV ជំនាន់ទី 4 នេះ គឺមានការប្រើប្រាស់នូវម៉ាស៊ីនប្រភេទ BlueCore Turbo Engine ចំនុះ 1.5 លីត្រ មានកម្លាំង 180 សេះ និងមានកម្រិតរមួលរហូដល់ទៅ 280nm ហើយនិងកម្រិតស៊ីសាំងតិចបំផុត គឺត្រឹមតែ 6-7 លីត្រប៉ុណ្ណោះសម្រាប់បើកបរសម្ងាយ 100km។

ចំពោះផ្នែលខាងក្នុងនៃរថយន្តនេះ វិញ គឺមានការឌីស្សាញមកជាមួយដៃចង្កូតអេឡិចត្រូនិក EPS ធូស្រូលបើក មានដៃទ្វា ភ្ជាប់ដោយគន្លឺថ្មី ស្រួលបើកដូចគ្នា។ ហើយបើនិយាយពីកៅអីវិញទាំងខាងមុខ និងខាងក្រោយ គឺរចនាចេញពីស្បែក មានទំហំធំទូលាយ ផ្តល់នូវផាសុកភាពបំផុត។ បន្ថែមពីនេះ ក៏នូវមានកុងទ័រឌីជីលថលសម្រាប់អ្នកបើកបរទំហំ 10 អ៊ីង និងអេក្រង់កម្សាន្តទំហំ 12.8 អ៊ីង ដែលទ្រទ្រង់នូវ Apple Car Play និង Android Auto ក៏ដូចជា Google Map មករួចជាស្រេច ជាពិសេសនោះ គឺមានតម្លើងនូវ International e-Sim ដែលអនុញាតអោយបើក App និងទស្សនា YouTube បានទៀតផង។ ជាមួយគ្នានេះ អ្នកប្រើប្រាស់ក៏អាបញ្ឆេះរថយន្តពីចំងាយ ក៏ដួចជាបញ្ជាទៅមុខងារប្រើប្រាស់នានាតាមទូរស័ព្ទរបស់ខ្លួបានផងដែរ។

សម្រាប់ចំណុចពិសេសផ្សេងៗទៀតមានដូចជា មុខងារ wireless charge, ចង្កឹះលេខថ្មីនៅខាងលើ, មានអំពូល Ambien Light ដល់ទៅ 256 ពណ៌ និងកៅអី Auto សារេបាន 6 របៀបសម្រាប់អ្នកបើកបរ និង 4 របៀបសម្រាប់អមដំណើរ, មានដំបូលខាងលើ Panoramic Sky Roof បើកបិទបានធំ ហើយនិងបញ្ជាបានតាម voice ទៀតផង។

ទៅលើប្រព័ន្ធសុវត្ថិភាពវិញនៅលើ Changan CS55 Plus រថយន្ត SUV ជំនាន់ទី 4 នេះ មានដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ, ហ្វ្រាំង ABS, ប្រព័ន្ធទប់លំនឹងពេលបើកបរល្បឿនលឿន ESP, ប្រព័ន្ធចាប់ល្បឿនតាមស្លាកចរាចរណ៌, ពោងសុវត្ថិភាពដល់ទៅ 6 គ្រាប់, ប្រព័ន្ធកំណត់ល្បឿនស្វ័យប្រវត្តិតាមឡានខាងមុខ, ប្រព័ន្ធជំនួយបើកបរឆ្លាស់គន្លងផ្លូវដោយស្វ័យប្រវត្តិ, ប្រព័ន្ធជំនួយនៅលើដៃចង្កូតផ្តល់សញ្ញាអោយនៅតាមគន្លងផ្លូវត្រឹមត្រូវ, ប្រព័ន្ធរ៉ាដា និងសិនស័រមួយជុំរថយន្ត រួមនិងប្រព័ន្ធកាមេរ៉ា 540 ដឺក្រេ ដែលអាចមើល និង Record មួយជុំឡានបានទៀតផង។ ពិតជាពិសេសខ្លាំង។


