រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី 8 សីហា ឆ្នាំ 2013 កន្លងទៅនេះ ស្រាបៀរ លីអូ បានរៀបចំសន្និសីទកាសែតមួយនៅសណ្ឋាគារ ណាហ្គាវើល ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងមកពី ស្រាបៀរ លីអូ សហព័ន្ធកីឡាប្រដាល់កម្ពុជា និង ស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អិន ដើម្បីប្រកាសជាផ្លូវការនូវការឧបត្ថម្ភផ្តាច់មុខរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រដាល់ក្បាច់គុណបុរាណខ្មែរដ៏អស្ចារ្យមួយគឺ “កំពូលអ្នកប្រដាល់ ស្រាបៀរ លីអូ” វគ្គមួយ ដែលត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់កម្ពុជា។
លោក Bernard Anthony ជាអ្នកគ្រប់គ្រងទូទៅស្ថានីយទូរទស្សន៍ស៊ីធីអិន បានថ្លែងនៅក្នុងសន្និសីទកាសែតនោះថា៖«នេះជាលើកទី១ហើយ ដែលស្រាបៀរលីអូបានមកចាប់ដៃជាមួយស៊ីធីអិន ក្នុងការបង្កើតនៅកម្មវិធីប្រកួត កំពូលអ្នកប្រដាល់ស្រាបៀរលីអូ នេះឡើង។ ព្រឹត្តិការណ៍ដែលនឹងប្រកួតរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង១រសៀលដល់ម៉ោង២នេះ ពិតជាមានការចាប់អារម្មណ៍ខ្លាំងដោយសារបានជ្រើសរើសកីឡាល្អៗមកប្រកួតប្រជែង ហើយនេះជាសកម្មភាពចូលរួមលើកស្ទួយវិស័យកីឡាប្រដាល់របស់យើង ផងដែរ»។
កីឡាករចំនួន៨នាក់ ត្រូវបានជ្រើសរើសចេញពីក្លិប-សមាគមចំនួន៨ នៅទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមការប្រកួតនេះ ហើយពួកគេក៏បានបង្ហាញមុខនៅក្នុងសន្និសីទកាសែតនោះផងដែរ ដោយក្នុងនោះមានកីឡាករ សារឹម ង៉ា ជ័យ វណ្ណៈ រាជសីហ៍ បាបា អ៊ឹង បូរ៉ា ភិរម្យ ភក្តី ទិត្យ សុវណ្ណគិរី ពៅ ស៊ីយ៉េត និងម៉ន សាម៉េត ហើយការប្រកួតនេះ គឺអនុវត្តតាមរូបមន្តវិលជុំ សន្សំពិន្ទុ ដើម្បីជ្រើសអ្នកមានពិន្ទុខ្ពស់៤នាក់ ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ ចំណែកលោក តែម ម៉ឺន ប្រធានសហ័ន្ធកីឡាប្រដាល់កម្ពុជា បានថ្លែងដែរថា ក្បាច់គុនបុរាណខ្មែរ ជាសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយការបង្កើតឲ្យមានការប្រកួតកំពូលអ្នកប្រដាល់ស្រាបៀរលីអូ លើកនេះ វាជាការចូលរួមលើកស្ទួយក្បាច់គុនបុរាណខ្មែររបស់យើងដ៏ល្អបំផុត។
លោក បានសង្កត់ធ្ងន់ថា៖«ក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយ ត្រូវនាំគ្នាចូលរួមលើកស្ទួយមរតកក្បាច់គុនដូនតាឲ្យមានការរីកចម្រើន និងគង់វង្ស ជាបន្តទៀត ហេតុនេះហើយកីឡាករទាំង៨នាក់ ដែលត្រូវជ្រើសរើសចូលរួមការប្រកួតនេះ ត្រូវខិតខំហ្វឹកហាត់ និងចេះថែសុខភាពឲ្យបានល្អ ហើយត្រូវខិតខំប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យស័ក្តិសមជាយុវជនខ្មែរដ៏គំរូ។ ចំណែកគ្រូបង្វឹក និងគណៈកម្មការរៀបចំការប្រកួត ត្រូវស្វែងយល់ពីច្បាប់ និងបទបញ្ជានៃការប្រកួតរបស់សហព័ន្ធឲ្យបានល្អ ដើម្បីចូលរួមកាត់សេចក្តីឲ្យបានសុក្រឹត យុត្តិធម៌ និងជំរុញឲ្យការប្រកួតមួយនេះទទួលបានជោគជ័យ»។
គួរកត់សម្គាល់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលស្រាបៀរ លីអូ បានបង្កើតកម្មវិធីកីឡាដ៏ធំបែបនេះ ព្រោះស្រាបៀរ លីអូ បាននឹងកំពុងដំណើរការកម្មវិធី “ប្រកួតបាល់ទះដណ្តើមពានរង្វាន់ លីអូបៀរ” ដោយជោគជ័យរួចមកហើយ។ជាថ្មីម្តងទៀត សូមកុំខកខានក្នុងការទស្សនាកីឡាប្រដាល់ដ៏ធំអស្ចារ្យនេះ ដើម្បីចូលរួមគាំទ្រកីឡាករដែលអ្នកពេញចិត្តក្នុងកម្មវិធី “កំពូលអ្នកប្រដាល់ ស្រាបៀរ លីអូ” នៅស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អិន និងរង់ចាំមើលថាតើកីឡាករណាមួយដែលនឹងក្លាយជាកំពូលជើងឯកក្នុងកម្មវិធីប្រដាល់នេះ។
