ស្វែងរកពួកយើង:

Bosch​ បន្ត​កំណើន​អាជីវកម្ម​ជា​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​

ដោយ

Koun Jab Luffy

26 កក្កដា 2016 02:11 រសៀល

អាន 4 នាទី

​នៅ​ថ្ងៃ​ទី​ 26​ ខែកក្កដា​ ឆ្នាំ​ 2016​ នេះ​ Bosch​ ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅ​លើ​ពិភពលោក​ខាង​ផ្នែក​ផ្ត​ត់​ផ្គង់​បច្ចេកវិទ្យា​ និង​សេវាកម្ម​ បាន​ធ្វើការ​បូក​សរុប​តួលេខ​លក់​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​សារពើពន្ធ​ឆ្នាំ​ 2015​ ជាមួយនឹង​កំណើន​ជា​វិជ្ជមាន​។​ នេះ​គឺជា​ឆ្នាំ​ទី​ប្រាំ​ដែល​  Bosch​ ទទួល​បាន​កំណើន​តួលេខ​ជា​ភាគរយ​ពីរ​ខ្ទង់​ជាប់ៗ​គ្នា​ចាប់តាំងពី​ក្រុមហ៊ុន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​ 2010​។​
​លោក​ Andre​ de​ Jong​ អគ្គនាយក​ក្រុមហ៊ុន​ Bosch​ ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ កម្ពុជា​គឺជា​ទីផ្សារ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​រីក​ចម្រើន​នៃ​អាជីវកម្ម​របស់​ Bosch​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​ កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ជាង​ប្រាំពីរ​ភាគរយ​ក្នុងអំឡុងពេល​ជាង​ប្រាំ​ឆ្នាំ​មកនេះ​ ជា​ពិសេស​យើង​ឃើញ​មាន​កំណើន​គួ​ឲ្យ​កត់សំគាល់​ក្នុង​វិស័យ​សំណង់​ និង​យានយន្ត​។​ ក្នុង​នាម​ជា​ក្រុមហ៊ុន​នាំមុខ​គេ​មួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​យានយន្ត​ ប្រព័ន្ធ​សុវត្ថិភាព​ និង​ឧបករណ៍​ជាង​ជំនាញ​ Bosch​ បាន​ពង្រីក​នូវ​ការ​ផ្គត់ផ្គង់​ផលិតផល​ និង​សេវាកម្ម​ដែល​មានគុណ​ភាព​ខ្ពស់​ដើម្បី​លើកកម្ពស់​កំរិតស្តង់ដា​គុណភាព​ក្នុង​វិស័យ​ទាំង​ពីរ​ខាងលើ​នេះ​។​”
​នៅ​ក្នុង​ឆ្នាំ​ 2015​ វិស័យ​អាជីវកម្ម​ផ្នែក​បច្ចេកវិទ្យា​យានយន្ត​របស់​ Bosch​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​ទទួល​បាន​កំណើន​ជា​វិជ្ជមាន​ស្របគ្នា​ទៅ​នឹង​ការ​រីក​ចម្រើន​របស់​វិស័យ​យានយន្ត​នៅ​កម្ពុជា​។​ បើ​យោង​តាម​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ចំនួន​យានជំនិះ​ដែល​បាន​ចុះបញ្ជី​ថ្មី​នៅ​ក្នុង​ឆ្នាំ​ 2015​ មាន​កំណើន​ 14​ភាគរយ​ ដែល​ចំនួន​សរុប​បាន​កើន​ដល់​ 3.2​ លាន​គ្រឿង​ ក្នុង​នោះ​ទោច​ក្រ​យាន្ត​មាន​ចំនួន​ប្រមា​ន​ 2,7​ លាន​គ្រឿង​។​ លោក​ De​ Jong​ បាន​មាន​ប្រសាសន៍​ថា​៖​ “​កំណើន​នេះ​ធ្វើ​ឲ្យ​យានយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ចម្រុះ​ម៉ូ​ដ​ម៉ាក​។​ Bosch​ គាំទ្រ​ការ​អភិវឌ្ឍន៍​នេះ​ដោយ​ពង្រីក​នូវ​ប្រភេទ​ផលិតផល​បន្ថែម​ជា​ច្រើន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ទីផ្សារ​។​ ជា​ពិសេស​នៅ​ក្នុងឆ្នាំនេះ​ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ផ្គត់ផ្គង់​គ្រឿងបន្លាស់​សម្រាប់​យានយន្ត​ធន់​ធំ​ ដែល​ស្របគ្នា​ទៅ​នឹង​គោលការណ៍​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ដែល​កំពុង​ជម្រុញ​ពង្រឹង​សុវត្ថិភាព​យានយន្ត​ធន់​ធំ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​”​ ។​
​វិស័យ​អាជីវកម្ម​ផ្នែក​ផលិតផល​ប្រើប្រាស់​ទូទៅ​របស់​ Bosch​ នៅ​បន្ត​កំណើន​ការ​លក់​ជា​ភាគរយ​ពីរ​ខ្ទង់​ និង​នៅ​តែ​ជា​ផ្នែក​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជាងគេ​សម្រាប់​អា​ជី​កម្ម​របស់​ Bosch​ ក្នុង​ប្រទេស​កម្ពុជា​។​ អាជីវកម្ម​ផ្នែក​នេះ​មានការ​រីក​លូតលាស់​ក្នុង​កម្រិត​នេះ​ក៏​ដោយសារ​កំណើន​ដ៏​ខ្ពស់​នៃ​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ការ​វិនិយោគ​នៅ​ទូ​ទាំង​ប្រទេស​កើន​ដល់​ទៅ​ 33​ ភាគរយ​ ស្មើនឹង​ 3.3​ ប៊ី​លាន​ដុល្លា​សហរដ្ឋអាមេរិក​។​  Bosch​ មាន​គោលដៅ​គាំទ្រ​ដល់​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​នៃ​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​យល់​ថា​ការ​រីក​ចម្រើន​នេះ​នឹង​អាច​មាន​សន្ទុះ​កាន់តែ​លឿន​ប្រសិនបើ​អ្នក​សាងសង​អាច​មាន​ឧបករណ៍​ដែល​សាក​សម​បំផុត​សម្រាប់​គាត់​។​ លោក​ De​ Jong​ បាន​មាន​ប្រសាសន៍​ថា​៖​ “​នៅ​ក្នុង​ឆ្នាំ​2015​ យើង​បាន​ណែនាំ​ជូន​នូវ​ឧបករណ៍​ជាង​ថ្មី​ជា​ច្រើន​ហៅ​ថា​ ជម្រើស​សម្រាប់​អ្នកម៉ៅការ​ ដែល​ជា​ឧបករណ៍​ដែល​ Bosch​ បាន​រចនា​សា​ជា​ថ្មី​ រក្សា​នូវ​ភាព​ធន់​ និង​ប្រសិទ្ធភាព​ខ្ពស់​ ខណៈ​ដែល​តម្លៃ​ត្រឹម​មធ្យម​តែ​ប៉ុណ្ណោះ​។​ តាម​រយះ​នេះ​ Bosch​ ជួយ​ឲ្យ​ជាង​ជំនាញ​កាន់តែ​ច្រើន​អាច​ទទួលយក​នូវ​ឧបករណ៍​គុណភាព​ល្អ​ទៅ​ប្រើប្រាស់​”​។​
​ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​ក៏​បាន​ផ្តល់​ឱកាស​ជា​ច្រើន​ដល់​វិស័យ​អា​ជី​កម្ម​បច្ចេកវិទ្យា​សម្រាប់​ថាមពល​ និង​អគារ​របស់​ Bosch​ ផង​ដែរ​។​ ដោយ​ផ្នែក​នេះ​បាន​បំពាក់​ជូន​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ និង​សន្តិសុខ​សម្រាប់​គម្រោង​អគារ​ពា​និ​ជ្ជ​កម្ម​ ខុន​ដូរ​ និង​សណ្ឋាគារ​ជា​ច្រើន​ផង​ដែរ​។​  អាជីវកម្ម​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​បាន​បូក​សរុប​លទ្ធផល​លក់​នៅ​ក្នុង​ឆ្នាំ​ 2015​ ជាមួយ​កំណើន​ភាគរយ​ពីរ​ខ្ទង់​ផង​ដែរ​។​កា​ម៉េ​រា​សុវត្ថិភាព​ និង​ប្រព័ន្ធ​សោរ​ទ្វា​សុវត្ថិភាព​ ជា​ផលិតផល​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាងគេ​។​
​វិស័យ​អា​ជី​កម្ម​ផ្នែក​បច្ចេកវិទ្យា​ឧស្សាហកម្ម​របស់​ Bosch​ បាន​បោះ​ជំហាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ជាមួយនឹង​ផ្នែក​គ្រឿងចក្រ​បញ្ជា​កាលពី​ដើមឆ្នាំ​ 2015​ ដើម្បី​សិក្សា​អំពី​ឱកាស​អាជីវកម្ម​ និង​សម្រាប់​គាំទ្រ​ដល់​គោលនយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម​របស់​កម្ពុជា​ (IDP​ 2015-2025)​ ដែល​មាន​គោលបំណង​ពង្រីក​មូលដ្ឋាន​ផលិតកម្ម​ក្នុងស្រុក​។​ ជាមួយនឹង​ផ្នែក​ថ្មី​នេះ​  Bosch​ ធ្វើការ​ផ្តល់​ជូន​នូវ​ផលិតផល​បន្ថែម​ដូច​ជា​គ្រឿង​បង្គុំ​ និង​គ្រឿងបន្លាស់​សម្រាប់​ម៉ាស៊ីន​ និង​ឧបករណ៍​ធុន​ធំ​ដែល​ប្រើ​នៅ​ក្នុង​ឧស្សាហកម្ម​រោងចក្រ​ កសិកម្ម​ និង​សំណង់​ ក៏​ដូច​ជា​រ៉ែ​ និង​ថាមពល​ផង​ដែរ​។​
Bosch​ បន្ត​កំណើន​អាជីវកម្ម​ជា​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​