នៅថ្ងៃទី 31 ខែ សីហា នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រុមហ៊ុន Samsung បាននាំយកនូវគ្រឿងអេឡិចត្រូនិក និងសម្ភារៈសិក្សា ដើម្បីផ្គត់ផ្គងបន្ថែមទៀតដល់និស្សិត ដែលកំពុងសិក្សាក្នុងវគ្គបណ្តុះបណ្តាលបចេ្ចកវិទ្យា Samsung Tech Institute ។
លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន Samsung Electronics ប្រចាំនៅកម្ពុជា បានឲ្យដឹងថា៖ «យើងចង់ឲ្យនិស្សិតដែលចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏ដូចជាសាស្ត្រាចារ្យ អាចអនុវត្តជាមួយ និឹងសម្ភារៈអេឡិចត្រូនិកទំនើបៗរបស់សាមសុង ដូច្នេះហើយទើបយើងនាំមកជូននូវសម្ភារៈជាច្រើននៅថ្ងៃនេះ។ សម្ភារៈដែលត្រូវបានយកចែកជូនបន្ថែមនៅថ្ងៃនេះរួមមាន៖ ម៉ាស៊ីនបោកសំលៀកបំពាក់ទំនើបៗ Samsung Tablet ទូរស័ព្ទដៃ Samsung និងគ្រឿងអេឡិច ត្រូនិកជាច្រើនទៀត។
ជារៀងរាល់ឆ្នាំក្រុមហ៊ុន Samsung តែងផ្តល់ជូនសម្ភារៈសិក្សានិងគ្រឿងអេឡិចត្រូនិក ក៏ដូចជាបណ្តុះបណ្តាលគ្រូបង្គោលជាមួយនឹងអ្នកជំនាញរបស់ក្រុមហ៊ុន Samsung ដើម្បីឲ្យនិស្សិតដែលចូលរួមក្នុង វគ្គនេះអាចទទួលបានចំណេះដឹងថ្មីៗ។ វគ្គបណ្តុះបណ្តាលបចេ្ចកវិទ្យា Samsung Tech Institute នេះ ត្រូវរៀបចំឡើងដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដោយមានការសហការឧបត្ថម្ភ ពីក្រុមហ៊ុនសាមសុងតាំងពីឆ្នាំ 2014។
លោកសាស្ត្រាចារ្យ គឹម វណ្ណី ប្រធានការិយាល័យសិក្សានៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះបានឲ្យដឹង៖ ខ្ញុំពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយ ដែលក្រុមហ៊ុនសាមសុងតែងតែទំនុកបម្រុងគ្រឿងអេទ្បិចត្រូនិកទំនើប ដែលជួយ ឲ្យនិស្សិតអាចសិក្សាទាំងទ្រឹស្តី និងការអនុវត្តន៍បានយ៉ាងប្រសើរ។ ខ្ញុំសង្ឃឹមថាសាមសុងនឹងបន្តនូវ ការចែករំលែកនេះមកដល់និស្សិតកម្ពុជាដើម្បីជួយអភិវឌ្ឍចំណេះដឹង និងពង្រឹងសមត្ថភាពផ្ទាល់ ខ្លួនរបស់ពួកគេឲ្យទាន់សម័យកាល។»
លោក ជី ជូឡុង ដែលជានិស្សិតឆ្នាំទី 2 ផ្នែកបរិក្ខារត្រជាក់ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំ សប្បាយចិត្តណាស់ពេលដែលបានទទួលនូវសម្ភារៈសិក្សាក៏ដូចជាគ្រឿងអេឡិចត្រូនិករបស់ Samsung នៅថ្ងៃនេះ។ ជាការពិតណាស់ យើងមិនអាចបានរៀននិងអនុវត្តជាមួយគ្រឿងអេឡិចត្រូនិក ទំនើបដូច្នេះទេ បើគ្មាន Samsung។
រយៈពេលជិត 3 ឆ្នាំបន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះត្រូវបានបង្កើតឡើងមាននិស្សិតប្រមាណ 200នាក់ ដែលបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ។ មាននិស្សិតជាង10 នាក់ ដែលបានទទួលការងារដ៏សមរម្យនៅក្រុមហ៊ុន Samsung ក្នុងទីក្រុងភ្នំពេញហើយមាននិស្សិត ជាច្រើននាក់ ទៀតដែលបានចេញទៅបម្រើការងារនៅតាមស្ថាប័នឯកជនផ្សេងៗ ទាំងក្នុងប្រទេស និងក្រៅប្រទេស។
