ស្វែងរកពួកយើង:

GAC សម្រេចសាងសង់រោងចក្រដំឡើងរថយន្តនៅកម្ពុជា ជាមួយនិងទុនវិនិយោគ 19 លានដុល្លារ

ដោយ

Koun Jab Luffy

19 កញ្ញា 2025 06:15 ព្រលប់

អាន 3 នាទី

Article image
នៅថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2025 នេះដែរ ក្រុមហ៊ុន GAC និង ក្រុមហ៊ុនTH Group បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាទៅលើការសាងសដ់រោងចក្រដំឡើងរថយន្តនៅកម្ពុជា ជាមួយនិងទុនវិនិយោគ 19 លានដុល្លារ ក្រោមអធិបតីភាពឯកឧត្តមជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗទាំងពីរ រួមជាមួយនិងភ្ញៀវកិត្តយស តារាល្បីៗ និងអ្នកសារព័ត៌មានជាច្រើនរូប។
តាមប្រសាសន៍របស់លោក ណម ហាវ ដែលជានាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន TH Group បានឱ្យដឹងថា បេសកកម្មរបស់ក្រុមហ៊ុន TH Group កាលពីឆ្នាំ 2019 គឺបានថែទាំរថយន្តម៉ាក GAC ដែលជារថយន្តមានគុណភាពខ្ពស់ជូនអតិថិជននៅក្នុងប្រទេសកម្ពុជា។
Article image
GAC ក៏បានរួមចំណែកក្នុងការកែប្រែផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជាពីការប្រើប្រាស់រថយន្តមួយទឹក មកប្រើរថយន្តថ្មីជំនួសវិញ ពីព្រោះថា ការប្រើប្រាស់រថយន្តថ្មី មានសុវត្ថិភាព និងមិនចំណាយថ្លៃថែទាំច្រើនដូចរថយន្តមួយទឹកនោះទេ។ ម្យ៉ាងទៀត GAC ក៏មានចក្ខុវិស័យក្នុងការផ្ដល់ជូននូវរថយន្តជូនពលរដ្ឋដែលមានតម្លៃសមរម្យនិងមានគុណភាពខ្ពស់ ។
Article image
លោកបន្តថា ដោយសារតែមានការជឿទុកចិត្តពីបងប្អូនប្រជាជនកម្ពុជា ទើបធ្វើឱ្យចក្ខុវិស័យមួយនេះ ក្លាយជាការពិត ហើយ GAC ក៏បានក្លាយជាម៉ាករថយន្តរបស់ប្រទេសចិន ដែលលក់ដាច់ច្រើនបំផុត នៅក្នុងប្រទេសកម្ពុជា ទើបធ្វើឱ្យក្រុមហ៊ុនបានសម្រេចបណ្ដាក់ទុនវិនិយោគលើរោងចក្រដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដងគឺស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង  ។
Article image
លោក Yu Jun ដែលជាអនុប្រធានក្រុមហ៊ុន GUANGZHOU AUTOMOBILE GROUP CO.,LTD  បានមានប្រសាសន៍ថា ជាមួយនឹងបរិយាកាសធុរកិច្ចដ៏ល្អ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងសក្ដានុពលទីផ្សារដ៏ធំសម្បើម និងមានប្រជាជនប្រកបដោយភាពកក់ក្តៅ រួសរាយរាក់ទាក់ កម្ពុជា គឺជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រដ៏សំខាន់មួយ។
Article image
កត្តាអំណោយផលទាំងអស់នេះហើយ ដែលធ្វើឱ្យកម្ពុជា ក្លាយជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់GAC នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ជាទីផ្សារមួយក្នុងក្នុងចំណោមទីផ្សារដែលរីកលូតលាស់លឿនបំផុត នៅក្នុងទីផ្សាររបស់ពិភពលោកនៃម៉ាកយីហោ GAC ។
Article image
លោកបានបន្តថា GAC គឺជាក្រុមហ៊ុនឈានមុខនៅក្នុងឧស្សាហកម្មរថយន្តនៅក្នុងជាមួយនឹងបទពិសោធន៍ទីផ្សារយ៉ាងទូលំទូលាយ និងធ្វើប្រតិបត្តិការយ៉ាងចាស់ទុំក្នុងការចែកចាយរថយន្ត GAC។
Article image
ក្រុមហ៊ុន GAC និងក្រុមហ៊ុន THG បានចាប់ផ្ដើមចាប់ដៃ ក្នុងភាពជាដៃគូជាផ្លូវការនៅក្នុងឆ្នាំ 2019 ហើយក្នុងរយៈពេល 6 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនទាំងពីរបានរក្សាការប្ដេជ្ញាចិត្ត ក្នុងការផ្ដល់ជូនឱ្យប្រជាពលរដ្ឋនូវរថយន្តដែលមានគុណភាពខ្ពស់ ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាក់បង្ហាញនូវម៉ូដែលរថយន្តចំនួន 6 ម៉ូដែល ។
Article image
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអបអរសាទរនូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន GAC និងក្រុមហ៊ុន THG ដែលបានសម្រេចក្នុងការវិនិយោគលើរោងចក្រដំឡើងរថយន្តGAC នៅក្នុងប្រទេសកម្ពុជា ។
Article image
ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់ក្រុមហ៊ុននានា ក្នុងការបណ្ដាក់ទុនវិនិយោគដំឡើងរថយន្តថ្មីៗ ដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់រថយន្តថ្មីនិងអាចកាត់បន្ថយការប្រើប្រាស់រថយន្តមួយទឹក ពីព្រោះថារថយន្តមួយទឹកនេះ ប្រឈមនឹងហានិភ័យជាច្រើន ។
Article image
ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កំណើននៃគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងក្នុងឆ្នាំ 2024 កម្ពុជាបានអនុម័តគម្រោងវិនិយោគរហូតដល់ 414គម្រោង និងជាប្រវត្តិសាស្ត្រក្នុងរយៈពេល 30 ឆ្នាំ ដែលមានគម្រោងវិនិយោគ ច្រើន ហើយក្នុងរយៈពេល 8 ខែនិង 2 សប្ដាហ៍ដើមខែកញ្ញានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តគម្រោងវិនិយោគរហូតដល់ 520 គម្រោង លើសឆ្នាំ 2024 រហូតដល់ជាង 100 គម្រោងទៅហើយ ៕
Article image
Article image
GAC សម្រេចសាងសង់រោងចក្រដំឡើងរថយន្តនៅកម្ពុជា ជាមួយនិងទុនវិនិយោគ 19 លានដុល្លារ