ស្វែងរកពួកយើង:

Toyota GRMN Corolla ឆ្នាំ 2026 Limited Edition តម្លៃជាង 8 ម៉ឺនដុល្លារ ត្រៀមបង្ហាញខ្លួននៅខែតុលានេះហើយ

ដោយ

Koun Jab Luffy

17 កញ្ញា 2025 08:24 ព្រឹក

អាន 2 នាទី

Article image
រថយន្តម៉ាក Corolla ម៉ូដែល Flagship ថ្មីរបស់ Toyota ត្រូវបានគេប្រទះឃើញនៅក្នុង Showroom តំណាងចែកចាយមួយនៅក្នុងសហរដ្ឋអាមេរិក នៅមុនការបង្ហាញមុខជាសាធារណៈដែលគេរំពឹងថា នឹងត្រូវធ្វើឡើងនៅខែតុលា ឆ្នាំ 2025 ខាងមុខនេះ។ Corolla Flagship ថ្មីនេះ ត្រូវបានគេស្គាល់ថា ជាម៉ូដែល Limited Edition GRMN របស់ស៊េរី GR Corolla ឆ្នាំ 2026 របស់ Toyota។
រូបភាពមួយសន្លឹករបស់ Toyota GRMN Corolla ស៊េរីឆ្នាំ 2026 ត្រូវបានគេថតនៅក្នុងហាងតំណាងចែកចាយ  Toyota North America និងត្រូវបានបង្ហោះនៅលើ Instagram ជាងមួយសប្តាហ៍មុន នៅមុនថ្ងៃនៃការបង្ហាញគំរូរថយន្ត Toyota GR Corolla។ សម្រាប់ស្លាកឈ្មោះ GRMN នេះ ត្រូវបានក្រុមហ៊ុន Toyota ប្រើសម្រាប់រថយន្តម៉ូឌែលមានកំណត់ ឬ Limited Edition របស់ខ្លួនតែប៉ុណ្ណោះ ជាក់ស្តែងឈ្មោះនេះត្រូវបានប្រើនៅលើម៉ូដែល Yaris គឺ GRMN Yaris ដែលបានចេញលក់នៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ 2022។ ហើយ GRMN Corolla គឺជាស្លាកឈ្មោះដំបូងបង្អស់សម្រាប់ទីផ្សារអាមេរិកខាងជើង ដែលជាទីផ្សារលក់ដ៏ធំបំផុតក្នុងចំណោមទីផ្សារធំៗសម្រាប់ម៉ាក GR Corolla បន្ទាប់ពីជប៉ុន និងអូស្ត្រាលី។
Article image
ចំនុចដែលឃើញថាមានការ Upgrade ខុសពីម៉ូឌែល GR Corolla នៅលើម៉ូដែល GRMN Corolla ឆ្នាំ 2026 គឺការរចនាកន្ទុយ Spoiler ខាងក្រោយជាមួយ Carbon-fibre ងើបខ្ពស់ជាង គម្របម៉ាស៊ីនខាងមុខរចនាជាមួយ Carbon-fibre, ការឌីស្សាញយ៉ាន់ខាងមុខថ្មីរំលេចជាមួយពណ៌ទឹកមាសមានទំហំ 18-inch និងប្រើសម្បកកង់ប្រភេទ Michelin Pilot Sport Cup 2 track-day tyres។ នៅផ្នែកខាងក្នុងឃើញមានការបំពាក់កៅអីចំនួនពីរ ខណៈនៅផ្នែកខាងក្រោយ គឺមានភាពទូលាយមិនមានការបំពាក់កៅអីបន្ថែមនោះទេ។
Article image
ចំពោះអនុភាពម៉ាស៊ីនរបស់ Toyota GRMN Corolla ឆ្នាំ 2026 Limited Edition មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែ ប្រធានផ្នែកវិស្វ័ករនៃម៉ូដែល GR Corolla លោក Naoyuki Sakamoto បានបង្ហើបថា អាចនឹងប្រើម៉ាស៊ីនប្រភេទ 1.6-litre turbocharged three-cylinder petrol engine ដែលមានការបង្កើនអនុភាពកម្លាំងកាន់តែខ្លាំង។ សម្រាប់ម៉ូដែលស្តង់ដារ GR Corolla 2026 គឺបំពាក់ម៉ាស៊ីនដែលមានកម្លាំង 221kW និងកម្លាំងរមួល 400Nm។
Article image
តាមការព្យាករណ៍តម្លៃរបស់ Toyota GRMN Corolla 2026 នៅទីផ្សារអូស្ត្រាលីអាចនឹងមានតម្លៃថ្លៃ បើធៀបនឹងតម្លៃរបស់ម៉ូឌែល GR Corolla 2026 បច្ចុប្បន្ន គឺខ្ទង់ $67,990, ម៉ូឌែល Morizo មានតម្លៃខ្ទង់ $77,800 និង GTS មានតម្លៃខ្ទង់ $62,300។ GRMN Corolla 2026 Limited Edition វិញអាចមានតម្លៃខ្ទង់ប្រហែល $85,000៕
Article image
Toyota GRMN Corolla ឆ្នាំ 2026 Limited Edition តម្លៃជាង 8 ម៉ឺនដុល្លារ ត្រៀមបង្ហាញខ្លួននៅខែតុលានេះហើយ