ស្វែងរកពួកយើង:

Xiaomi SU7 Ultra ដែលរថយន្ត Supercar EV ជំនាន់ថ្មី អាចនឹងប្រកាសចេញនៅខែមករាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

26 សីហា 2024 02:47 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុន Xiaomi បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងរថយន្តម៉ូដែល SU7 ដែលជារថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួន។ ក្រោយពីការប្រកាសចេញ និងការចេញលក់ផ្លូវការកាលពីខែមិនា ឆ្នាំ 2024 ឃើញថាការលក់នៃរថយន្តដំបូងរបស់ Xiaomi គឺមានសន្ទុះគាំទ្រខ្លាំងលើកពីការរំពឹងទុក ដែលបានធ្វើឲ្យក្រុមហ៊ុនបានប្រកាសបង្កើនគោលដៅលក់របស់ខ្លួនកាលពីពេលថ្មីនេះ ពី 10 ម៉ឺនគ្រឿង ដល់ 12 ម៉ឺនគ្រឿងសម្រាប់ការលក់ក្នុងឆ្នាំ 2024 នេះ។
ហើយអ្វីដែលកាន់តែធ្វើឲ្យមានការផ្ទុះការចាប់អារម្មណ៍ខ្លាំងបន្ថែមទៀតនោះ គឺកាលពីខែមុននេះ មានការទម្លាយចេញនូវគំរូរថយន្តអគ្គិសនីម៉ូដែលថ្មីដែលមានការឌីស្សាញរូបរាងបែបរថយន្ត Supercar Sport ដែលវាត្រូវបានគេស្គាល់ថាជា ម៉ូដែល Xiaomi SU7 Ultra ដែលមានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងសរុបបានដល់ 1,548 សេះឯណោះ។
Article image
ប៉ុន្មានថ្ងៃបន្ទាប់ពីការបង្ហាញវត្តមាន Xiaomi SU7 Ultra  ត្រូវបានគរំពឹងថា គំរូផលិតកម្មពិតប្រាកដនៃរថយន្ត Supercar EV នេះ អាចនឹងចាប់ផ្តើមនៅឆមាសទីមួយនៃឆ្នាំ 2025។ ដោយឡែកនៅថ្ងៃនេះ នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានធ្វើការបង្ហើបពីកាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ Xiaomi SU7 Ultra។ ដោយលោកបានបង្ហើបថា គំរូផលិតកម្មរបស់ SU7 Ultra ពិតជានឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 ដែលអាចស្ថិតនៅចន្លោះខែមករា ឬខែមីនា។ លោក Lei បាននិយាយថា SU7 Ultra នឹងមកដល់ដៃរបស់អតិថិជនជាមួយនឹង 'Beginner's Mode' ដែលនឹងតម្រូវឱ្យម្ចាស់ថ្មីឆ្លងកាត់ការប្រឡងមួយជំហានម្តងៗ ដើម្បីដោះសោសម្រាប់ដំណើរការពេញលេញរបស់រថយន្ត។
យើងសន្មត់ថា វិធីនេះត្រូវបានធ្វើឡើងដោយមានការប្រុងប្រយ័ត្នលើផ្នែកសុវត្ថិភាព ដើម្បីការពារជាមូលដ្ឋានសម្រាប់អតិថិជន ក្នុងការទទួលយកបទពិសោធន៍ក្នុងការប្រើប្រាស់ជាមួយរថយន្តកំពូលរបស់យើង។ ដោយសារតែរថយន្តនេះវាមានកម្លាំងខ្លាំងដល់ 1,548 សេះ ដូចនេះវាអាចបង្កើនល្បឿនពី 0 ទៅ 100 គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមរយៈពេល 1.97 វិនាទី និងពី 0 ទៅ 200 គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមរយៈពេល 5.96 វិនាទី ហើយអាចបើកល្បឿនអតិបរមាលើសពី 350 គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ត Supercar EV របស់ Xiaomi នឹងមានរចនាសម្ពន័្ធក្នុងការផលិតដូចគ្នា បំពាក់ប្រព័ន្ធម៉ូទរ័អគ្គិសនីបីដួចគ្នា និងកញ្ចប់អាគុយអគ្គិសនីដូចគ្នា នឹងរថយន្តគំរូដើមដែលបានបង្ហាញ។
Article image
សម្រាប់តម្លៃ SU7 Ultra វិញ ត្រូវបានលោកលោក Lei បង្ហើបថា "រាងថ្លៃបន្តិច" ប៉ុន្តែ មិនថ្លៃខ្លាំងពេកនោះទេ ដូចនេះ សាកទាយមើលថា រថយន្តអគ្គិសនី SU7 Ultra Supercar របស់ Xiaomi មួយនេះមានតម្លៃប្រហែលប៉ុន្មានដែរទៅ។ បច្ចុប្បន្នតម្លៃរបស់ SU7 ម៉ូដែលស្តង់ដារ គឺមានតម្លៃចាប់ផ្តើមក្រោម 3 ម៉ឺនដុល្លារនៅទីផ្សារប្រទេសចិន៕
Xiaomi SU7 Ultra ដែលរថយន្ត Supercar EV ជំនាន់ថ្មី អាចនឹងប្រកាសចេញនៅខែមករាខាងមុខនេះហើយ