បន្ទាប់ពីពាក្យចចាមអារ៉ាម និងព័ត៌មានមួយចំនួនត្រូវបែកធ្លាយជាហូរហែរមកនោះ នៅទីបំផុតក្រុមហ៊ុន Samsung ក៏បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីមួយទៀត ដែលមានឈ្មោះហៅថា Galaxy A8s Unicorn edition ឬ FE (Female Edition) ដែលយើងធ្លាប់បានលឺកាលពីពេលមុននេះ។ ស្មាតហ្វូននេះ មានតែពីរពណ៌តែប៉ុណ្ណោះ គឺពណ៌ផ្កាឈូកលឿង និងពណ៌ផ្កាឈូកខៀវ ដើម្បីអោយសមទៅនឹងថ្ងៃបុណ្យនៃក្តីស្រឡាញ់។ ស្មាតហ្វូននេះ អាចរកទិញបាននៅលើគេហទំព័រ JD.com នៅក្នុងតម្លៃ 2799 Yuan ឬ $415 ។ ស្មាតហ្វូនស៊េរីថ្មី Galaxy A8s Unicorn Editionនេះ គឺមានលក្ខណៈស្រដៀងទៅនឹងប្រភេទស្តង់ដារទូទៅរបស់ស្មាតហ្វូននេះដែរ។
ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានលក្ខណៈស្រស់ស្អាតដូចគ្នាទៅនឹងប្រភេទ Version ធម្មតាដែរគឺទាំងការរចនារូបរាង និងលក្ខណៈសម្បត្តិរបស់វា។ វាមិនមានការផ្លាស់ប្តូរអ្វីនោះទេទៅលើលក្ខណៈសម្បត្តិរបស់វា។ ស្មាតហ្វូន Galaxy A8s Unicorn Edition នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 រួមជាមួយនឹងក្រាហ្វិកកាត Adreno 616។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.6-inch Full HD+ (2340x1080 pixels) Infinity-O display ជាមួយនឹងកម្រិត aspect ratio 19.5:9។ ស្មាតហ្វូនស៊េរីថ្មី Unicorn Edition នេះ មានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ ស្មាតហ្វូននេះ បានបោះបង់ចោលនូវរន្ធស្តាប់កាស 3.5 mm jack ដោយជំនួសនូវ USB-C។
បើនិយាយអំពីប្រព័ន្ធកាមេរ៉ាវិញនោះ ក្រុមហ៊ុន Samsung គឺមានកាមេរ៉ាខាងក្រោយទំហំ 24-megapixel primary sensor, 10-megapixel telephoto sensors ជាមួយនឹង 2X optical zoom និង 5-megapixel depth sensor ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រើប្រាស់នូវកាមេរ៉ាខាងមុខជាមួយនឹងទំហំ 24-megapixel selfie។ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A8s Unicorn Edition មានវិមាត្រ 158x74x7.4 mm និងទម្ងន់ 173 ក្រាម។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ថែមទៀត។ Samsung Galaxy A8s Unicorn edition នេះក៏ភ្ជាប់ជាមួយនឹងមុខងារពិសេស “magic mirror” ផងដែរ។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជាច្រើនប្រើប្រាស់នូវអេក្រង់នេះធ្វើជាកញ្ចក់តាមរយៈការដំណើរការមុខងារនេះចេញពីប៊ូតុង Bixby។ ស្មាតហ្វូនប្រភេទស្តង់ដារនេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើស គឺពណ៌ខៀវ ពណ៌បៃតង និងពណ៌ប្រផេះ៕