ពាក្យចចាមអារ៉ាមថ្មីនៅពេលនេះ ពាក់ព័ន្ធជាមួយនឹងស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ដែលជាសមាជិករបស់ស្មាតហ្វូនត្រកូល Galaxy A ត្រូវបានទម្លាយព័ត៌មានដោយគណនីមួយឈ្មោះថា Roland Quandt។ នៅក្នុងសាររបស់គាត់លើបណ្តាញសង្គម Twitter បានប្រកាសថា ស្មាតហ្វូន Galaxy A8 (2018) នឹងមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ Orchid Gray ។ រហូតមកទល់ពេលនេះ វានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះយើងធ្លាប់ឃើញពណ៌ទាំង 3 របស់ស្មាតហ្វូននេះ ហើយ។ ប្រហែលជាមួយសប្តាហ៍មុននេះ សារព័ត៌មាន SamMobile ក៏បានរាយការណ៍ផងដែរថា សមាជិកបន្ទាប់របស់ស្មាតហ្វូន Galaxy A នឹងបង្ហាញខ្លួនជាមួយ 3 ពណ៌សម្រាប់ជ្រើសរើស។
សម្រាប់ពណ៌ខ្មៅ និងពណ៌មាស គឺស្ទើរតែមាននៅគ្រប់ទីកន្លែងនៅជុំវិញពិភពលោក ហើយស្មាតហ្វូន Galaxy A3 (2017), Galaxy A5 (2017) និង Galaxy A7 (2017) ក៏អាចរកទិញបានរួចមកហើយដែរ។ ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូនពណ៌ Orchid Gray គឺប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ខ្ពស់របស់ក្រុមហ៊ុន Samsung ឆ្នាំ 2017 គឺម៉ូដែល Galaxy S8/S8+ និងGalaxy Note 8 ។ ការបែកធ្លាយជាច្រើនទម្លាយថា ស្មាតហ្វូនត្រកូល Galaxy A 2018 នេះនឹងប្រើប្រាស់អេក្រង់ពេញលេញ All-Screen Displays ដូចគ្នាទៅនឹងស្មាតហ្វូនថ្នាក់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅឆ្នាំនេះនឹងមានច្រើនពណ៌បន្ថែមទៀតសម្រាប់ជ្រើសរើស៕