ក្រុមហ៊ុនស្រាវជា្រវទីផ្សារលក់ស្មាតហ្វូន Counterpoint Research បានបង្ហាញចេញបញ្ជីស្តីពីទូរស័ព្ទស្មាតហ្វូនដែលមានទីផ្សារលក់ដាច់ជាងគេបំផុតក្នុងពិភព លោកនៅកំឡុងខែមិនា ដែលជាទិន្នន័យចុងក្រោយបំផុតរបស់ខ្លួន។ នៅក្នុងដ្យាក្រាមនៃបញ្ជី ដែលជាទិន្នន័យចុងក្រោយនេះ បានបង្ហាញថា ទូរស័ព្ទ Apple iPhone X នៅតែគ្រងដំណែងជាស្មាតហ្វូនដែលមានចំនែកទីផ្សារលក់ដាច់ជាងគេបំផុត ក្នុងទីផ្សារទូទាំងពិភពលោកដោយក្តោបក្តាប់ចំនែកទីផ្សារប្រមាណ 3,5%។
ចំនែក iPhone 8 Plus ស្ថិតនៅលំដាប់ទី 2 ជាមួយចំនែកទីផ្សារ 2,3%។ សម្រាប់ទីផ្សារស្មាតហ្វូន Android វិញក្រុមហ៊ុន Xiaomi បានឈរនៅលេខរៀងទី 3 បន្ទាប់ពី iPhone 8 Plus ជាមួយស្មាតហ្វូនម៉ូដែល Xiaomi Redmi A5 ដែលមានចំនែកទីផ្សារ 1.8% ដែលនេះគឺជាប្រវត្តិសាស្រ្តថ្មីសម្រាប់ក្រុមហ៊ុនចិនមួយនេះ។
ក្រុមហ៊ុន Oppo ក៏មានទីផ្សារលក់ល្អផងដែរសម្រាប់ទីផ្សារស្មាតហ្វូនពិភពលោកជាមួយស្មាតហ្វូនធុនកណ្តាលម៉ូដែល Oppo A83 ដែលទទួលបានចំនែកទីផ្សារ 1,8% ដូច Redmi A5 ដែរ។ ងាកមកកំពូលស្មាតហ្វូនប្រចាំឆ្នាំ 2018 របស់ Samsung ម៉ូដែល S9 និង S9 Plus វិញស្ថិតនៅលេខរៀងទី 5 និងទី 6 ជាកំពូលស្មាតហ្វូនដែលលក់ដាច់បំផុតនៅក្នុងខែមិនាជាមួយចំនែកទីផ្សារលក់ 1,6%, iPhone 7 ស្ថិតនៅលេខរៀងទី 7 ជាមួយចំនែកប្រទីផ្សារ 1,6% រី iPhone 8 ស្ថិតនៅលេខរៀងទី 8 ជាមួយចំនែកទីផ្សារ 1,4%។ Samsung Galaxy J7 Pro ស្ថិតនៅលេខរៀងទី 9 ដោយទទួលបានចំនែកទីផ្សារ 1,4% និង iPhone 6 ស្ថិតនៅលេខរៀងទី 10 ដែលមានចំនែកទីផ្សារ 1,2%។
បើតាមការអោយដឹងបន្ថែមពី Counterpoint បានអោយដឹងថា iPhone X នៅតែជាកំពូលស្មាតហ្វូនថ្នាក់ខ្ពស់ “Premium Phone” ដែលនាំមុខគេក្នុងទីផ្សារស្មាតហ្វូនពិភពលោក ខណះដែល Galaxy S9 និង S9 Plus ត្រូវបានក្រុមហ៊ុន Samsung កំពុងតែពង្រឹងទីផ្សារលក់របស់ខ្លួននៅលើទីផ្សារនៅទូទាំងពិភពលោកទ្វេរដងដែលមានតម្លៃចន្លោះពី $600 ទៅ $800។ ចំពោះក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Oppo, ViVo, Xiaomi និង Huawei ជាដើមត្រូវបានគេដឹងថា កំពុងតែមានទីផ្សារឈានមុខគេជាមួយការលក់ស្មាតហ្វូនធុនមធ្យម និងថ្នាក់ទាបដែលមានតម្លៃធូរថ្លៃ។ សម្រាប់ទីផ្សារស្មាតហ្វូនធុនទាបដែលមានតម្លៃចន្លោះពី $100 ទៅ $199 ក៏កំពុងមានសន្ទុះទីផ្សារល្អខ្លាំងផងដែរដែលមានស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung, Huawei (Honor) និង Xiaomi ដោយស្មាតហ្វូនថ្នាក់ទាបរបស់ក្រុមហ៊ុនទាំងបីនេះបានក្តោបចំនែកទីផ្សារលក់ជាងពាក់កណ្តាលនៅក្នុងទីផ្សារទូទាំងសកលលោក៕