មកដល់ថ្ងៃនេះ ក្រុមហ៊ុន HMD Global ពិតជាមានការពិបាកខ្លាំងមែនទែននៅក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ប្រទេសចិន ដើម្បីក្លាយជាក្រុមហ៊ុនដែលធំនៅលើទីផ្សារ ពីព្រោះថា ការលូតលាស់យ៉ាងរហ័សនៃបច្ចេកវិទ្យាហើយនិងតម្រូវការរបស់ក្រុមហ៊ុនទាំងនោះ គឺមានការកើនឡើងខ្លាំងណាស់ ស្របពេលដែលក្រុមហ៊ុន Nokia នៅមិនមានអ្វីថ្មី សម្រាប់ធ្វើការទាក់ទាញចិត្តអ្នកប្រើប្រាស់ដូចកាលជំនាន់ឆ្នាំ 2000 នៅឡើយទេ។ នៅថ្ងៃនេះ បើយោងតាមព័ត៌មានតួរលេខនៃការលក់នៅក្នុងត្រីមាសទី 1 ឆ្នាំនេះ បានបង្ហាញថា ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Nokia មួយ បានធ្វើការនាំចេញស្មាតហ្វូនរបស់ខ្លួនបានជាង 11 លានគ្រឿង។ ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏បានបញ្ចេញនូវទូរស័ព្ទចំនួន 2 ម៉ូដែលទៀតផងដែរនោះ គឺ Nokia 110 4G និង Nokia 105 4G។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា នេះគឺជាទូរស័ព្ទជំនាន់ថ្មីរបស់ទូរស័ព្ទ Nokia 110 និង 105 ដែលបានបង្ហាញខ្លួននៅក្នុងឆ្នាំ 2019 កន្លងទៅ។ ទូរស័ព្ទនេះ គឺមានការទ្រទ្រង់នូវ 4G LTE និងការឌីស្សាញរូបរាងថ្មីផងដែរ។ ទូរស័ព្ទទាំងពីរនេះ គឺមានអេក្រង់ទំហំ 1.8-inch ជាមួយនឹងកម្រិតភាពច្បាស់ 160×120 pixels, 3.5 mm headphone jack, microSD card slot ដែលមានទំហំ 32 GB, SIM card tray, FM receiver និងពិលផងដែរ។
ក្រុមហ៊ុនបានបន្តថា ថ្មរបស់ទូរស័ព្ទនេះ គឺមានថាមពលទំហំ 1020 mAh ហើយនៅក្នុងការសាកថ្មម្តង គឺប្រើប្រាស់សម្រាប់ការខលបានដល់ទៅ 5 ម៉ោង។ សម្រាប់ទូរស័ព្ទ Nokia 110 4G និង 105 4G គឺប្រើប្រាស់នូវបន្ទះឈីប UNISOC T107 chip និងរ៉េមទំហំ 128MB ។ ភាពខុសគ្នារបស់ទូរស័ព្ទទាំងពីរនេះ គឺកាមេរ៉ាខាងក្រោយរបស់វា។ ទូរស័ព្ទ Nokia 105 4G នេះមានពណ៌ខ្មៅ ក្រហម និងខៀវ ខណៈពេលដែលទូរស័ព្ទ Nokia 110 4G គឺមានពណ៌ខ្មៅ ខៀវ និងលឿង។ សម្រាប់តម្លៃរបស់វានៅមិនទាន់ដឹងនៅឡើយទេ៕