ក្រុមហ៊ុនផលិតរថយន្តម៉ាក Rivian បានបង្ហើបតម្រុយពីការប្រកាសចេញរថយន្តអគ្គិសនីស៊េរីម៉ូដែល R2 Electric SUV គឺនៅថ្ងៃទី 07 ខែមិនា ឆ្នាំ 2024។ ការប្រកាសនេះ គឺធ្វើឡើងបន្ទាប់ពីរយះពេលជាង 2 ឆ្នាំ ដែលក្រុមហ៊ុនបានធ្វើការប្រកាសចេញម៉ូដែល Rivian R1T ជាប្រភេទរថយន្ត Pick Up និង R1S ជាប្រភេទ SUV។ Rivian គឺជាក្រុមហ៊ុនបច្ចេកវិទ្យាច្នៃប្រឌិតរថយន្តអគ្គិសនីដ៏ល្បីឈ្មោះមួយដែលមានមូលដ្ឋាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
កាលពីជំនាន់ R1T Pickup និង R1S SUV ដែលផ្តល់នូវលក្ខណៈពិសេសសម្រាប់ និងបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ការបើកបរ ប៉ុន្តែ តម្លៃហាក់រាងថ្លៃបន្តិច គឺខ្ទង់ប្រមាណជា $73,000។ ទោះជាយ៉ាងណាសម្រាប់ម៉ូដែលជំនាន់ថ្មី Rivian R2 Electric SUV ត្រូវបានគេដឹងថា នឹងមានតម្លៃចន្លោះពី $45,000 ទៅ $50,000 ដែលជាតម្លៃប្រកូតប្រជែងមួយសម្រាប់ទីផ្សាររថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន។
Rivian R2 ដែលនឹងបង្ហាញវត្តមាននៅពេលខាងមុខនេះ ត្រូវបានគេដឹងថាជាប្រភេទរថយន្ត mid-size SUV ឬជាប្រភេទ Crossover ដែលនឹងមានភាពស្រដៀងគ្នាជាមួយនឹងរថយន្តដូចជា Tesla Model Y, Hyundai Ioniq 5 និង Kia EV6 អីចឹងដែរ។ Rivian R2 Electric SUV ដែលនឹងមកដល់នាពេលខាងមុខនេះ ត្រូវបានគេជឿជាក់ថានឹងមានការប្រកូតប្រជែងខ្ពស់ជាមួយនឹង Tesla Model Y ទាំងកត្តាតម្លៃ រយះចំងាយក្នុងការបើកបរ សមត្ថភាពសាកថាមពលថ្មល្បឿនលឿន និងសមត្ថភាពនៃបច្ចេកវិទ្យារបស់ Rivian ដើម្បីបំពេញតម្រូវរបស់អតិថិជនរបស់ខ្លួនផងដែរ។
រថយន្តអគ្គិសនីស៊េរីថ្មីរបស់ Rivian នឹងត្រូវផលិតនៅក្នុងរោងចក្រថ្មីដែលមានតម្លៃ 5 ពាន់លានដុល្លារអាមេរិកស្ថិតនៅក្នុងរដ្ឋ Georgia ដើម្បីបន្ថែមសមត្ថភាពសង្វាក់ផលិតនៅក្នុងរោងចក្រចាស់ស្ថិតនៅ Normal នៃរដ្ឋ Illinois ផងដែរ។ បន្ថែមពីនេះ Rivian R2 Electric SUV ក៏នឹងគាំទ្រការសាកថ្មនៅតាមស្ថានីយ៍សាក NACS របស់ក្រុមហ៊ុន Tesla ថែមទៀតផង។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិ និងបច្ចេកវិទ្យាដែលនឹងមានបំពាក់នៅលើ Rivian R2 Electric SUV នៅមិនទាន់ត្រូវបានក្រុមហ៊ុន ឬប្រភពណាមួយតម្លាយចេញនៅឡើយទេ ក្នុងពេលនេះ៕