មានរបាយការណ៍ជាច្រើនបាននិយាយថា Xiaomi បានត្រៀមប្រារព្ធព្រឹត្តិការណ៍ពិសេសមួយនៅក្នុងប្រទេសចិនក្នុងខែនេះដើម្បីធ្វើការប្រកាសចេញកំពូលស្មាតហ្វូន Xiaomi 14 Ultra សម្រាប់ទីផ្សារប្រទេសចិន។ ហើយនៅក្នុងព្រឹត្តិការណ៍នោះ ត្រូវបានគេរំពឹងថា Xiaomi ក៏អាចនឹងមានការដាក់បង្ហាញចេញ Tablet ជំនាន់ថ្មីមួយចំនួនផងដែរ។ ខណៈដែលមិនមានរបាយការណ៍ជាក់លាក់អំពី Tablet ជំនាន់ថ្មីរបស់ Xiaomi ដែលអាចជាម៉ូដែលក្នុងគ្រួសារ Xiaomi Pad 6 ឬក៏ជា Pad 7 Series នៅឡើយទេ ប៉ុន្តែ បើតាមគេហទំព័រសកលរបស់ Xiaomi បង្ហាញថា Tablet ថ្មីដែលនឹងមកដល់ឆាប់ៗខាងមុខនេះ គឺជាម៉ូដែល Xiaomi Pad 6S Pro។
បើតាមរូបភាពដែលបានបែកធ្លាយបង្ហាញថា Xiaomi Pad 6S Pro គឺមានការឌីស្សាញដូចគ្នាទៅនឹងសមាជិកគ្រួសារ Xiaomi Pad 6 Family ដែលមានដូចជា Xiaomi Pad 6, Pad 6 Pro និង Pad 6 Max អីចឹងដែរ។ ប្រភពក៏បានបញ្ជាក់ទៀតថា Xiaomi Pad 6S Pro ត្រូវបានរចនាពិសេសសម្រាប់ធ្វើការតភ្ជាប់ដំណើរការជាមួយនឹងរថយន្តអគ្គិសនីរបស់ Xiaomi ម៉ូដែល SU7 ដោយផលិតផល Tablet ស៊េរីថ្មីនេះ គឺដំណើរការនៅលើ HyperOS ដែលផ្តល់ឲ្យការតភ្ជាប់ជាមួយរថយន្តអគ្គិសនី Xiaomi SU7 ប្រកបដោយប្រសិទ្ធិភាព និងស្ថិរភាពខ្ពស់។
Xiaomi Pad 6S Pro ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 12.4-inch ជាប្រភេទបន្ទះបង្ហាញ IPS LCD Display ល្បឿន 144Hz បំពាក់នូវបន្ទះឈីប Snapdragon 8 Gen បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 120W Wired Fast Charging។ Tablet សមាជិកថ្មីស្ថិតក្នុងគ្រួសារ Xiaomi Pad 6 នេះ នឹងមានលក្ខណៈសម្បត្តិដូចគ្នាជាមួយនឹងម៉ូដែល Xiaomi Pad 6 Pro ឬ Pad 6 Ultra ដែរ។ ដោយ Xiaomi Pad 6S Pro នឹងមានបំពាក់មកជាមួយប្រព័ន្ធកាមេរ៉ាក្រោយទំហំ 50MP ជាមួយកាមេរ៉ាមុខទំហំ 2MP ហើយនិងមានកាមេរ៉ាមុខទំហំ 20MP។ Xiaomi Pad 6S Pro នឹងមានថ្មទំហំយក្សដល់ទៅ 10,000mAh រួមនិងប្រព័ន្ធបំពងសំឡេងចំនួន 4 គ្រាប់។
ទោះជាយ៉ាងណា គេមិនទាន់ដឹងពីតម្លៃ ឬក៏ទីផ្សារដែល Xiaomi Pad 6S Pro ត្រូវចេញលក់នៅឡើយទេ ហើយបើតាមការព្យាករណ៍ Tablet ស៊េរីថ្មីរបស់ Xiaomi នេះអាចនឹងត្រូវប្រកាសចេញលក់ផ្លូវការណ៍នៅថ្ងៃទី 02 ខែកុម្ភៈ ឆ្នាំ 2024 ក្រោយពីការបង្ហាញវត្តមាននៅខែនេះ៕