ទូរស័ព្ទ iOS ជំនាន់ថ្មីស៊េរីឆ្នាំ 2024 គឺ iPhone 16 Series ដែលនឹងបង្ហាញវត្តមាននៅខែកញ្ញា ត្រូវបានគេរាយការណ៍ថា ទំនងជានឹងមានការផ្លាស់ប្តូរទម្រង់នៃការរចនាថ្មីមួយចំនួនដូចជាប្រព័ន្ធម៉ូឌុលកាមេរ៉ា និងលក្ខណៈពិសេសថ្មីជាច្រើនទៀតខុសពីជំនាន់មុន។
បើតាមរយះគំរូរូបភាពលេចធ្លាយចុងក្រោយបង្អស់ពីគណនី Majin Bu គឺបានបង្ហាញពីការផ្លាស់ប្តូរពីការដំឡើងកាមេរ៉ាផ្តេកមុំចង្រ្កានដែលប្រើជាច្រើនឆ្នាំ ទៅជាការតំរៀបបែបបញ្ឈរដែលស្រដៀងគ្នានឹងកាមេរ៉ារបស់ Galaxy S24 Series របស់ Samsung ដែរ។ ការកែប្រៃឌីស្សាញថ្មីនេះមិនត្រឹមតែផ្តល់នូវភាពស្រឡះ និងបង្កើននៅសោភ័ណភាពជាងមុនបន្តិច ប៉ុន្តែ ហាក់បាត់អត្តសញ្ញាណសំគាល់របស់ទូរស័ព្ទ iPhone ព្រោះថា ការរៀបម៉ូឌុលកាមេរ៉ា iPhone 16 Series ដូចនេះ វាមានភាពស្រដៀងគ្នាខ្លាំងមែនទែនទៅនឹងការរចនារបស់កាមេរ៉ាស្មាតហ្វូន Android បច្ចុប្បន្នជាពិសេសស្មាតហ្វូន Galaxy S-Series ជំនាន់ថ្មីរបស់ Samsung មែនទែន។
បើតាមប្រភពដែលបានទម្លាយរូបភាពបានបង្ហាញថា iPhone 16 Series គឺមានរហូតដល់ទៅជំនួន 5 ម៉ូដែលមានដូចជា iPhone 16 SE, iPhone 16 Plus SE, iPhone 16, iPhone 16 Pro និង iPhone 16 Pro Max។ ដោយប្រភពបានបញ្ជាក់ទៀតថា ការបន្ថែមម៉ូដែល iPhone SE ចូលក្នុងស្រឡាយ iPhone 16 Series គឺនឹងជួយឲ្យ Apple បង្កើនជម្រើសសម្រាប់អ្នកប្រើប្រាស់ទៅតាមតម្លៃផ្សេងៗគ្នា។ សម្រាប់ម៉ូដែល iPhone 16 SE និង iPhone 16 Plus SE នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ Dynamic Island កម្រិត 60Hz, មានកាមេរ៉ាក្រោយតែមួយ ហើយអាចកាត់បន្ថយបរិមាណទំហំថ្ម។ ម៉ូដែលទាំងពីរនេះ អាចស្ថិតក្នុងស្រឡាយទូរស័ព្ទស្មាតហ្វូន ឬ iPhone កម្រិតថវិកា (Budget-range)។
ចំនែកម៉ូដែល iPhone 16 វិញត្រូវបានគេដឹងថានឹងបំពាក់បច្ចេកវិទ្យាអេក្រង់ Dynamic Island ល្បឿន 120Hz, មានកាមេរ៉ាក្រោយពីរគ្រាប់ និងបង្កើនទំហំថ្មធំជាងមុន។ ម៉ូដែលនេះ គឺសម្រាប់ទីផ្សារស្មាតហ្វូនលំដាប់ថវិកា (Mid-range)។ ដោយឡែកសម្រាប់ម៉ូដែល iPhone 16 Pro និង iPhone 16 Pro Max គឺស្ថិតក្នុងលំដាប់ថ្នាក់ស្មាតហ្វូន Premium ដែលនឹងបំពាក់នូវបច្ចេកវិទ្យា និងមុខងារប្រើប្រាស់កម្រិតខ្ពស់បំផុត។ ទាំងពីរម៉ូដែលនេះ ត្រូវបានគេដឹងថា នឹងមានទំហំថ្មធំជាងជំនាន់មុន។
ក្រុមហ៊ុន Apple បានរក្សាការរចនា iPhone ដដែលអស់រយៈពេលជាច្រើនឆ្នាំដោយគ្មានការធ្វើឱ្យទាន់សម័យគួរឱ្យកត់សម្គាល់ ការមិនពេញចិត្តក្នុងចំណោមអ្នកប្រើប្រាស់ទាក់ទងនឹងការរក្សារូបរាងស្រដៀងគ្នាជាច្រើនឆ្នាំនៃទូរស័ព្ទ iPhone ត្រូវបានបង្ហាញឱ្យឃើញក្នុងអំឡុងពេលនៃការដាក់លក់កាលពីឆ្នាំមុន។ ជាមួយនឹងការកើនឡើងនៃការលក់ជាសកល ក្រុមហ៊ុន Apple ទំនងជាយល់ថា ដល់ពេលក្នុងការបង្ហាញការចេញនូវរចនាថ្មីដើម្បីផ្គាប់ចិត្តអតិថិជនរបស់ខ្លួន ដោយរំពឹងថាការផ្លាស់ប្តូរនេះ នឹងមិនត្រឹមតែបំពេញតាមការចង់បានរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកំណើនប្រាក់ចំណូលបន្ថែមពីការលក់ iPhone ថ្មីរបស់ខ្លួនផងដែរ។ យ៉ាងណាមិញនេះគ្រាន់តែជាការបែកធ្លាយប៉ុណ្ណោះ ដូចនេះចំពោះអារម្មណ៍របស់អ្នកតើយល់យ៉ាងណាដែរប្រសិនបើ iPhone 16 Series ពិតជាមានការឌីស្សាញម៉ូឌុលកាមេរ៉ាថ្មីដូចនេះ៕