និយាយដល់ស្មាតហ្វូន FE របស់ក្រុមហ៊ុន Samsung ដែលបានប្រកាសសចេញលក់កន្លងមក ត្រូវបានគេមើលឃើញថា បានទទួលជោគជ័យយ៉ាងខ្លាំងនៅលើទីផ្សារក្នុងស្រឡាយស្មាតហ្វូនត្រកូល Galaxy S ដែលមានតម្លៃសមរ្យ តែមានសមត្ថភាពខ្ពស់ដូចម៉ូដែលប្រណិតអញ្ចឹង។ ហើយថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏អាចនឹងពង្រីកបន្ថែមទៅលើស្មាតហ្វូនបត់បានជាច្រើនម៉ូដែលថែមទៀតផង។ តាមដំណឹងដែលទទួលបាននោះ សម្រាប់ FE ប្រហែលជាមិនមែនមានសម្រាប់តែស្មាតហ្វូនប៉ុណ្ណោះទេ។ ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់ FE នេះ នៅលើស្មាតវ៉ចផងដែរ នោះគឺ Galaxy Watch FE ផងដែរ។
នៅពេលនេះ បើតាមការចែកចែករបស់ Android Headlines បានបង្ហាញនូវ firmware ចុងក្រោយបំផុត ដែលបានធ្វើតេស្តសម្រាប់ Galaxy Watch FE នៅលើបញ្ជី Samsung OTA servers ហើយ។ ស្មាតវ៉ចថ្មីនេះ មានលេខម៉ូដែល SM-R861 ហើយនិងមានការបញ្ជាក់ថា គឺជាប្រភេទ WiFi។ សម្រាប់ software version វិញគឺ R861XXU0AXE5/R8610XM0AXE5 ដែលមានពាក្យថា “A” គឺសម្រាប់ One UI ដំបូងនៅលើឧបករណ៍នេះ ហើយសម្រាប់ “XE” គឺនឹងបង្ហាញខ្លួននៅក្នុងខែឧសភាឆ្នាំ 2024 នេះ។
របាយការណ៌ខាងលើនេះ ថែមទាំងមានការបង្ហាញអំពីការតេស្តទៅលើផលិតផលឆ្លាតវៃចំនួន 5 នៅក្នុងបញ្ជីនេះដែរ។ ហើយក្រុមហ៊ុន Samsung ពិតជាធ្វើការនៅលើ Watch FE ពិតមែន។ នៅក្នុងការតេស្តនេះក៏មានការទម្លាយអំពី WiFi version របស់ Watch FE ដែលនឹងមានវត្តមាននៅក្នុងប្រទេសកូរ៉េ អ៊ឺរ៉ុប និងទួរគីផងដែរ។ បើមើលទៅលើលេខម៉ូដែលខាងនេះ សម្រាប់ស្មាតវ៉ច Watch FE (SM-R861) នេះគឺមានភាពស្រដៀងគ្នាទៅនឹង Galaxy Watch4 (SM-R860) អញ្ចឹង។
ទាក់ទងនឹងរឿងនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានបបញ្ជាក់ថា ស្មាតវ៉ច Watch FE នេះ នឹងមានលក្ខណៈសម្បត្តិជាច្រើនដូចទៅនឹង Galaxy Watch 4 ផងដែរ។ បន្ថែមពីនេះទៀតនោះ កាលពីពេលមុននេះ ស្មាតវ៉ចដែលមានលេខកូដ SM-R866F, SM-R866U និង SM-R866N ក៏ត្រូវបានគេឃើញមាននៅក្នុងប្រព័ន្ធ IMEI database ដូចគ្នា។ សូមជំរាបថា របាយការណ៍ខាងលើនេះ គឺចេញពី Android Headlines នឹងមានការបញ្ជាក់ថា នាឡិកាឆ្លាតវៃនេះ គឺជាម៉ូដែល LTE របស់ Watch FE នេះ៕