Honor ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន បានចេញមកបញ្ជាក់ច្បាស់លាស់អំពីកាលបរិច្ឆេតនៃការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Honor 200 Series ហើយ។ ក្រុមហ៊ុននេះ នឹងមានការបង្ហាញវត្តមានស្មាតហ្វូនចំនួន 2 ម៉ូដែលនៅថ្ងៃទី 27 ខែឧសភាខាងមុខនេះ ដោយមានម៉ូដែលស្តង់ដារ Honor 200 និងម៉ូដែល Honor 200 Pro។ នៅពេលនេះ ស្មាតហ្វូននេះ បានដាក់អោយមានការ pre-orders នៅលើវិបសាយផ្លូវការបស់ក្រុមហ៊ុន Honor ហើយ។
នៅលើវិបសាយនេះ ក៏មានការបង្ហាញនូវការឌីស្សាញនូវរូបរាង និងពណ៌ដែលប្រើប្រាស់នៅលើស្មាតហ្វូនទាំងនេះដែរ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានជម្រើស 4 ពណ៌ រួមមានដូចជា ពណ៌ខ្មៅ ពណ៌ផ្កាឈូក ពណ៌ស និងពណ៌ខៀវ។ សម្រាប់រូបរាងវិញ ស្មាតហ្វូនទាំងពីរនេះ គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ាស្រដៀងគ្នា ប៉ុន្តែមានភាពខុសគ្នានៅផ្នែកខាងមុខ។
ស្មាតហ្វូនម៉ូដែលស្តង់ដារ Honor 200 គឺមានរន្ធនៅលើអេក្រង់មួយគ្រាប់ ខណៈដែលម៉ូដែល Pro មានរន្ធពីរគ្រាប់នៅលើអេក្រង់ ដែលមានការបំពាក់នូវកាមេរ៉ាមុខចំនួន 2 គ្រាប់។ ខណៈដែលលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូននេះ នៅមិនទាន់បានទម្លាយចេញក៏ដោយ ស្មាតហ្វូនថ្មីនេះ ក៏ធ្លាប់ត្រូវបានចែកចាយព័ត៌មានមួយចំនួនរួចមកហើយ។ យោងតាមអ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ បានបញ្ចេញនូវព័ត៌មានរបស់ស្មាតហ្វូននេះហើយ។
យោងតាមអ្នកទម្លាយរូបនេះបានបន្តថា ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺមានកាមេរ៉ាគោលទំហំ 50MP មានមុខងារ OIS (Optical Image Stabilization) និងគាំទ្រដោយកម្រិត f/1.9 aperture។ អ្នកទម្លាយ DCS បានបន្ថែមថា ស្មាតហ្វូននេះ នឹងមានថ្មទំហំ 5,200mAh ទ្រទ្រង់នូវកម្លាំងសាក 100W fast charging។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះក៏មានកាមេរ៉ា Telephoto ដែលមានសមត្ថភាពអាចហ៊្សូមបាន 50x digital zoom ថែមទៀតផង។ សូមជំរាបថា ក្រុមហ៊ុន Honor នៅមិនទាន់មានការបញ្ជាក់ច្បាស់ពីព័ត៌មានស្មាតហ្វូននេះនោះទេ។ ស្មាតហ្វូននេះ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី 27 ខែឧសភាខាងមុខនេះហើយ។