យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះ គឺមានការចែកចាយព័ត៌មានថ្មីពីស្មាតហ្វូន HTC ថែមទៀតហើយ។ ការបែកធ្លាយថ្មី នៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុននេះ បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សារឆាប់ៗនេះ ដូចគ្នាដោយស្មាតហ្វូនថ្មីនេះ ត្រូវបានគេព្យាករណ៌ថា គឺជាម៉ូដែលថ្មី HTC U24 series។ នៅពេលនេះ អតីតក្រុមហ៊ុនផលិត ស្មាតហ្វូនដ៏ធំមួយនេះ ក៏បានបញ្ជាក់ពីពេលវេលាច្បាស់លាស់នៅក្នុងសម្ពោធជាផ្លូវការនូវស្មាតហ្វូននេះផងដែរ។
បើមើលទៅលើការបង្ហោះសាររបស់ក្រុមហ៊ុន HTC នៅលើបណ្តាញ X ផ្លូវការរបស់ខ្លួននោះ គឺមានការបង្ហាញពីកាលបិរច្ឆេត នៃការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីនេះហើយ។ ក្រុមហ៊ុន HTC នឹងសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីនេះ នៅថ្ងៃទី 12th ខែមិថុនាខាងមុខ។ ជាមួយគ្នានេះ រូបភាពដែលត្រូវបានក្រមហ៊ុននេះទម្លាយចេញ គឺបានសសេរថា “Coming Soon” ថែមទៀតផង។ ខណៈដែលមិនទាន់មានការទម្លាយចេញនូវព័ត៌មានលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូននេះនោះ ស្មាតហ្វូន U24 series ត្រូវបានគេបង្ហាញនៅលើ tweet ជាមួយលេខកូដ “AllForU”។ ស្មាតហ្វូននេះ អាចនឹងមានឈ្មោះថា HTC U24 ឬ U24 Pro។
គួរបញ្ជាក់ថា HTC U24 និង U24 Pro បានបង្ហាញវត្តមាននៅលើបញ្ជី GeekBench រួចហើយ។ បន្ថែមពីនេះសម្រាប់ម៉ូដែល Pro ក៏បានឆ្លងកាត់ការចុះបញ្ជីនៅលើ Google Play Console ផងដែរ។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានការបំពាក់ នូវបន្ទះឈីប Qualcomm Snapdragon 7 Gen 3 SoC រ៉េមទំហំ 12GB។ នៅលើបញ្ជីនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនថ្មី នេះ នឹងរត់នៅលើ Android 14 OS ចេញពីប្រអប់ផងដែរ។
បន្ថែមពីនេះនៅលើបញ្ជី Bluetooth SIG ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់នូវ Bluetooth 5.3 ដូចគ្នា។ ទាក់ទងនឹងស្មាតហ្វូននេះដែរ នៅលើ Google Play Console បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ 1080×2436 ដែលអាចនឹងមានទំហំ 6.78-អ៊ីង ល្បឿន 120Hz refresh rate ថែមទៀតផង។ ស្មាតហ្វូននេះ នឹងបំពាក់នូវអេក្រង់ OLED screen។ សម្រាប់ថាមពលថ្មនៅលើ U24 ត្រូវបានគេរំពឹងថា នឹងមានទំហំធំជាង 5,000mAh។