យោងតាមរបាយការណ៌ថ្មីមួយដែលចេញផ្សាយសារព័ត៌មានកូរ៉េខាងត្បូង TheLec នៅថ្ងៃនេះ បានសសេរថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei អាចនឹងមានការនាំចេញនូវស្មាតហ្វូនរបស់ខ្លួនចំនួន 100 លានគ្រឿងនៅឆ្នាំ 2024 ដែលតួរលេខនេះ គឺ លើសការរំពឹកទុក 40% របស់ក្រុមហ៊ុន Huawei កាលពីមុននេះ។ ប្រភពព័ត៌មានខាងលើនេះ បាននិយាយថា ក្រុមហ៊ុន Huawei បាននឹងកំពុងរៀបចំនូវការនាំចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនចំនួន 100 លានគ្រឿងនៅឆ្នាំក្រោយនេះ។
បើតាមរបាយការណ៌កន្លងមក មានក្រុមហ៊ុនសិក្សាស្រាវជ្រាវជាច្រើន បានព្យាករណ៌ថា ក្រុមហ៊ុន Huawei នឹងមានការនាំចេញនូវស្មាតហ្វូនរបស់ខ្លួនអោយបានចន្លោះពី 60 ទៅ 70 លានគ្រឿងនៅក្នុងឆ្នាំ 2024 ខណៈដែលការជូនដំណឹងថ្មីនេះ គឺមានការកើនឡើង 40%។ របាយការណ៌ខាងលើបានបន្តថា ការស្ទុះឡើងនៃការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Huaweo នៅពេលនេះ គឺដោយសារតែវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 60 series ដែលជាម៉ូដែលថ្មីមួយមានការគាំទ្រខ្លាំងមែនទែនពីសំណាក់ប្រជាជនចិន បន្ទាប់ពីក្រុមហ៊ុននេះ បានដាក់អោយប្រើប្រាស់នូវបន្ទះឈីបថ្មី និងមានការគាំទ្រនូវបច្ចេកវិទ្យា 5G។ នៅពេលនេះ ការលក់ស្មាតហ្វូនជំនាន់ថ្មី Mate 60 series នៅលើទីផ្សារចិន កំពុងតែមានការនាំមុខដៃគូរគ្រប់គ្នាតែម្តងទៅលើស្មាតហ្វូនថ្នាក់ប្រណិត។
សូមជំរាបថា គិតចាប់តាំងពីឆ្នាំ 2019 មក សហរដ្ឋអាមេរិក បានប្រកាសធ្វើការហាមប្រាមក្រុមហ៊ុន Huawei មិនអាចមានការទិញសមាសភាគថ្មីៗសម្រាប់ផលិតស្មាតហ្វូនរបស់ខ្លួន ពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋមេរិកនោះទេ។ ហើយនៅក្នុងពេលនោះ ក្រុមហ៊ុន Huawei គឺកំពុងតែមានការរីកចំរើនខ្លាំងមែនទែន ដោយបាននាំចេញស្មាតហ្វូនរបស់ខ្លួនបានរហូតដល់ទៅ 240 លានគ្រឿង។ បន្ទាប់មកដោយសារតែបិទខ្ទប់ការនំាចូលនូវបច្ចេកវិទ្យាថ្មីៗពីរឆ្នាំ ក្រុមហ៊ុន Huawei បាននាំចេញបានត្រឹមតែ 30 លានគ្រឿងប៉ុណ្ណោះ គឺថយចុះខ្លាំងមែនទែននៅឆ្នាំ 2022។
នៅឆ្នាំនេះ ក្រុមហ៊ុននេះ បានការនាំចេញស្មាតហ្វូនបានចំនួន 30 លានគ្រឿង ហើយចុងក្រោយនេះ គឺមានចំនួនកើនឡើងដល់ទៅ 40 លានគ្រឿង។ របាយការណ៌ថ្មីនេះ បានប្តថា ការលក់ស្មាតហ្វូន Mate 60 អាចនឹងមានកំណើនបាន 20 លានគ្រឿងនៅត្រឹមចុងឆ្នាំ 2023។ ដូច្នេះសម្រាប់ការនាំចេញនូវស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei អាចនឹងមានកំនើនចន្លោះពី 40 លានទៅ 50 លានគ្រឿង ដែលកើនឡើងពី 30% ទៅ 70% ប្រៀបធៀបជាមួយនិងឆ្នាំ 2022។