ក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃ MSI បានធ្វើការបញ្ចេញស្រឡាយម៉ាស៊ីនកុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ខ្លួនដែលប្រើជាមួយអង្គក្រាហ្វិច កាតដ៏មានអនុភាពជំនាន់ថ្មី គឺ Nvidia GeForce RTX 5090។ ស្រឡាយកុំព្យូទ័រយួរដៃជំនាន់ថ្មីបំពាក់ក្រាហ្វិចកាតជំនាន់ថ្មីទាំងអស់នេះ ត្រូវបាន MSI រចនាផលិតឡើងដើម្បីបំពេញទៅតាមតម្រូវការប្រើប្រាស់របស់អ្នកប្រើ និងតម្រូវតាមទំហំការងារប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាកញ្ចប់ថវិការបស់អ្នកប្រើប្រាស់ផងដែរ។
ទី១៖ MSI Titan 18 HX Dragon Edition Norse Myth
ម៉ូដែលនេះ គឺជាស្តេច Gaming Laptop ដែលមានការរចនាឡើងយ៉ាងពិសេសជាមួយចំនួនមានកំណត់។ Titan 18 HX Dragon Edition Norse Myth មានការរចនាផ្នែក Lid ជាមួយគំនូក្បូរក្បាច់រចនារូបក្បាលនាគដ៏ទាក់ទាញរចនាបែបសិល្បៈ និងមាននិមត្តិសញ្ញា 3D Dragon Ring ស្ថិតនៅខាងឆ្វេង Touchpad ថែមទៀតផង។
តួរខ្លួនទាំងមូលរបស់ Titan 18 HX Dragon Edition Norse Myth ត្រូវបានស្រោបដោយលោហៈធាតុពិសេសដែលផ្តល់នូវភាពធន់រឹងមាំក្នុងការប្រើប្រាស់ប្រកបដោយសុវត្ថិភាពខ្ពស់។ ម៉ូដែលពិសេសនេះ មានភ្ជាប់មកជាមួយរបស់ពិសេសផ្តាច់មុខផងដែ រដូចជា 3D Dragon Keychain, mouse, mouse pad, និង color box ជាដើម។
MSI Titan 18 HX Dragon Edition Norse Myth បំពាក់នូវបច្ចេកវិទ្យាអេក្រង់ Mini LED Display ទំហំ 18-inch គាំទ្រកម្រិតបង្ហាញ 4K ល្បឿន refresh rate 120Hz។ ស្តេច Gaming Laptop នេះ ដំណើរការនៅលើអង្គ CPU ជំនាន់ចុងក្រោយបង្អស់ គឺ Intel® Core™ Ultra 9 processor 285HX ភ្ជាប់ជាមួយ Nvidia GeForce RTX5090 GPU រួមនឹងអង្គផ្ទុកទិន្នន័យជំនាន់ថ្មី PCIe Gen 5 SSD ដែលល្អបំផុតសម្រាប់ការដំណើរការមុខងារ AI ប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត។ បន្ថែមពីនេះ វាក៏មានភ្ជាប់មកជាមួយមុខងារ OverBoost Ultra technology របស់ MSI ក្នុងការសម្រួលដល់ដំណើរការការងារទូទៅនៅលើកុំព្យូទ័រឲ្យកាន់តែមានភាពរលូនខ្លាំងថែមទៀតផង។
ទី២៖ MSI Raider Series
Raider Series ក៏ជាត្រកូល Gaming Laptop ដ៏ពេញនិយមមួយរបស់ MSI ផងដែរ។ ហើយសម្រាប់ម៉ូដែលថ្មីនេះ គឺត្រូវបានក្រុមហ៊ុនដាក់ឲ្យដំណើរការនៅលើអង្គគណនា AMD Ryzen™ 9 9955HX3D Processor ឬ Intel® Core™ Ultra 9 processor 285HX ភ្ជាប់ជាមួយអង្គក្រាហ្វិច NVIDIA® GeForce RTX™ 5090 និងអង្គផ្ទុកទិន្នន័យជំនាន់ថ្មីចុងក្រោយបង្អស់ គឺ PCIe Gen 5 SSD។ MSI Raider Series ក៏ត្រូវបានក្រុមហ៊ុនធ្វើការរចនាជាមួយនឹងប្រព័ន្ធបំពងបន្សាបកំដៅថ្មីភ្ជាប់ជាមួយ PCIe Gen 5 SSD ដើម្បីជួយរក្សាល្បឿន read speed ប្រកបដោយស្ថិរភាព។ សម្រាប់ម៉ូដែលប្រើខួរក្បាល AMD Ryzen™ 9 9955HX3D Processor មានភ្ជាប់មកជាមួយប្រព័ន្ធ Zen 5 architecture ជំនាន់ចុងក្រោយ រួមជាមួយប្រព័ន្ធបច្ចេកវិទ្យា 2nd Gen AMD 3D V-Cache™ technology ដែលត្រូវបានកែប្រែឡើងថ្មី ដើម្បីជួយសម្រួលដល់ដំណើរការលេងហ្គេមកាន់តែមានភាពរលូន ហើយជាពិសេសនៅលើ Raider Series ជំនាន់ថ្មីក៏មានភ្លើង RGB Light ដែលអាចធ្វើការ Customize បានតម្រូវការចូលចិត្តថែមទៀតផង។
ទី៣៖ MSI Vector Series
Vector Series ជំនាន់ថ្មីត្រូវបានក្រុមហ៊ុន MSI រចនាផលិតសម្រិតសម្រាំងឡើងយ៉ាងពិសេសសម្រាប់បំពេញតាមតម្រូវការប្រើប្រាស់ទាំង Gamers, Engineers និង Creators។ ម៉ូដែលនេះមានការរចនារូបរាងឡើងយ៉ាងប្រណិត និងមានភាពរឹងមាំជាមួយទំងន់ស្រាលល្មម ផ្តល់ភាពងាយស្រួលក្នុងការទុកដាក់យកតាមខ្លួន។
Vector Series មានជម្រើសប្រើខួរម៉ាស៊ីន Intel® Core™ Ultra 9 processor 275HX ឬ AMD Ryzen™ 9 9955HX Processor ហើយភ្ជាប់ជាមួយ NVIDIA® GeForce RTX™ 5090 GPU។ ម៉ូដែលនេះ ក៏មានសមត្ថភាពខ្ពស់ក្នុងការដំណើរការជាមួយបច្ចេកវិទ្យា AI ផងដែរ ដើម្បីបផ្តល់នូវបទពិសោធន៍ប្រើប្រាស់កាន់តែអស្ចារ្យ និងកាន់តែទំនើប។ សម្រាប់ម៉ូដែល Vector មានអេក្រង់ទំហំ 16-inch និងមានលក់ក្នុងពេលឆាប់ៗនេះ ដោយម៉ូដែលប្រើ GeForce RTX™ 5080 GPU មានតម្លៃខ្ទង់ $2,199 ខណៈម៉ូដែលប្រើ RTX 5070 Ti មានតម្លៃខ្ទង់ $1,599 នៅទីផ្សារអាមេរិក។
ទី៤៖ MSI Stealth Series
សម្រាប់ម៉ូដែលចុងក្រោយនេះ ក៏មិនធម្មតាដែរ ដោយវាត្រូវបានក្រុមហ៊ុនរចនាឡើងប្រកបដោយភាពប្រណិត ធន់រឹងមាំ ជាមួយតួរខ្លួនស្រោបដោយលោហៈធាតុ Mg-Al alloy និងមានទំងន់ស្រាលល្មម។ MSI Stealth Series គឺជាម៉ាស៊ីនកុំព្យូទ័រ Copilot+ PC ដែលមានកម្រាស់ស្តើង និងទំងន់ស្រាល ប៉ុន្តែ បានញាត់បញ្ចូលនូវកំលាំងម៉ាស៊ីនដ៏ខ្លាំងក្លា អាចបំពេញបានតាមតម្រូវការប្រើប្រាស់។
MSI Stealth Series ជំនាន់ថ្មីមានជម្រើសប្រើខួរក្បាល Intel® Core™ Ultra 9 processor 275HX ឬ AMD Ryzen™ AI 300 Series Processor ភ្ជាប់ជាមួយ Copilot+ PC certification និងប្រើអង្គក្រាហ្វិចកាត NVIDIA® GeForce RTX™ 5090 GPU។ ទោះជាយ៉ាងណាសម្រាប់តម្លៃ ក្រុមហ៊ុនមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕