គិតមកទល់នឹងថ្ងៃនេះ ស្មាតហ្វូនស៊េរីថ្មី iPhone 17 Series របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គឺមានការបែកធ្លាយនូវព័ត៌មានជាច្រើនរួចមកហើយ ដោយក្នុងថែមទាំងមានការបញ្ជាក់ច្បាស់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមាន 4 ម៉ូដែល រួមមាន iPhone 17, 17 Air, 17 Pro និង 17 Pro Max។ កាលពីខែមុននេះ មានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានតួខ្លួនធ្វើពីលោហធាតុថែមទៀតផង។
តាមរយៈរូបភាពខាងលើនេះបង្ហាញថា ស្មាតហ្វូនម៉ូដែលពិសេស iPhone 17 Air នេះ នឹងមានកម្រាស់ 5.65mm ហើយក៏មានការតម្រៀបស្មាតហ្វូននេះរួមគ្នាជាមួយនិង iPhone 17, 17 Air, 17 Pro និង 17 Pro Max សម្រាប់ពណ៌ខ្មៅ ខណៈដែលពណ៌ស គឺមានការតម្រៀបពីស្មាតហ្វូន 17 Pro Max, 17 Pro, 17 Air និង 17។ បើមើលទៅលើស្មាតហ្វូន 17 Air គឺមានកម្រាស់ស្តើងបំផុត។ ខណៈពេលដែលលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងទេនោះ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6.7-inch display និងបន្ទះឈីប A19 chip ខណៈពេលដែលស្មាតហ្វូន Pro គឺមានបន្ទះឈីប A19 Pro និង periscope telephoto lenses ។
នៅក្នុងការត្រៀមប្រកាសខ្លួននៅក្នុងខែកញ្ញាឆ្នាំ 2025 នេះ ស្មាតហ្វូនជំនាន់ថ្មី iPhone 17 series នេះ នឹងមានការឌីស្សាញយ៉ាងទាក់ទាញបំផុត។ យើងអាចដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការ upgrade ខ្លាំងទៅលើស្មាតហ្វូន iPhone 17 នេះ។ សម្រាប់ព័ត៌មានបន្ថែម យើងនឹងបានដឹងបន្ថែមទៀតនាពេលខាងមុខនេះ៕