
បន្ទាប់ពីមានពាក្យចចាមអារ៉ាម ហើយនិងមានការបែកធ្លាយជាច្រើនខែកន្លងមកនេះ នៅទីបំផុតនៅថ្ងៃនេះ ក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm បានបញ្ជាក់អំពីពេលវេលានៃការប្រកាសចេញជាផ្លូវការទៅលើបន្ទះឈីប Snapdragon 8 Gen 5 របស់ខ្លួនហើយ។ បើមើលនៅក្នុងការបង្ហោះនៅលើ Weibo ក្រុមហ៊ុននេះ បានបញ្ជាក់ថា បន្ទះឈីបថ្មីនេះ នឹងបង្ហាញជាផ្លូវការនៅក្នុងប្រទេសចិននៅថ្ងៃទី 26 ខែវិច្ឆិកាខាងមុខនេះ។
តាមការបញ្ជាក់កន្លងមក បានអោយដឹងថា បន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 5 នេះ គឺមានសមត្ថភាពខ្លាំងក្លាប៉ុន្តែក្រោមបន្ទះឈីប Snapdragon 8 Elite Gen 5 ដែលចេញកន្លងមកបន្តិច។ សូមជំរាបថា កាលពីខែកញ្ញានេះនៅក្នុងព្រឹត្តិ ការណ៍មួយរបស់ក្រុមហ៊ុន Qualcomm មានការបញ្ជាក់ថា បន្ទះឈីប Snapdragon 8 Gen 5 នេះ គឺដំណើរការនៅលើបច្ចេកវិទ្យាកម្រិត 3nm ហើយក៏ប្រើប្រាស់នូវ Oryon CPU cores ផងដែរ។ សម្រាប់ Prime Core Clocks គឺមានល្បឿន 3.8GHz ខណៈដែល Performance Cores មានល្បឿន 3.32GHz។
តាមការបែកធ្លាយជាច្រើនមុននេះ ក៏ធ្លាប់បានបង្ហាញអំពីក្រាហ្វិកកាត GPU របស់បន្ទះឈីបនេះផងដែរ។ បន្ទះឈីប Snapdragon 8 Gen 5 នេះ នឹងប្រើប្រាស់នូវក្រាហ្វិកកាត Adreno 840 ដែលផ្អែកទៅលើ IP ដូចគ្នាទៅនឹង Elite GPU ដែរប៉ុន្តែល្បឿនរបស់ក្រាហ្វិកនេះ គឺដំណើរការនៅត្រឹមតែ 1.2GHz ប៉ុណ្ណោះ។ នៅក្នុងការតេស្តទៅលើ Benchmarks បង្ហាញថា បន្ទះឈីបនេះ មានពិន្ទុលើសពី 3.3 លាននៅលើ AnTuTu ដែលមានពិន្ទុ 3,000 single-core និង 10,000 multi-core នៅលើ Geekbench 6។ ឈីបនេះ អាចមានពិន្ទុដល់ទៅ 100fps នៅក្នុងការតេស្តនៅលើ Aztec 1440p benchmark។
.jpg)
ប្រភពខាងលើនេះ និយាយថា ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 6T ដែលបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែវិច្ឆិកានេះ នឹងក្លាយជាស្មាតហ្វូនដែលនឹងបំពាក់នូវបន្ទះឈីបនេះមុនគេ។ ជាមួយគ្នានេះ ក្រុមហ៊ុន vivo ក៏បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់់ថ្មី vivo S50 Pro Mini ក៏នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 5 ហើយនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែធ្នូនេះផងដែរ។ សម្រាប់ក្រុមហ៊ុន Honor អាចនឹងបង្ហាញស្មាតហ្វូន Honor GT 2 ននៅក្នុងខែធ្នូឆ្នាំនេះ ឬខែមករាឆ្នាំក្រោយ ហើយក៏នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 5 ដូចគ្នា៕





