
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ គឺការទម្លាយចេញនូវតម្លៃថ្មីរបស់កំពូលស្មាតហ្វូន Galaxy S26 Series ជាថ្មីទៀតហើយ ដោយលើកនេះ គឺមានប្រភពចេញពីប្រទេសបារាំងវិញម្តង។ សម្រាប់តម្លៃនេះ មើលទៅគឺមានភាពខុសគ្នាបន្តិចបន្តួចពីទីផ្សារនៅប្រទេស អ៊ឺរ៉ុបផ្សេងទៀត ដោយសារតែអត្រាពន្ធនៅក្នុងតំបន់នោះ គឺមានតម្លៃខុសៗគ្នាអាស្រ័យលើប្រទេសនីមួយៗ។
ផ្អែកតាមអ្វីដែលបានបង្ហោះនេះ គឺបានបង្ហាញថា សម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារ Galaxy S26 ដែលមានទំហំ 256GB គឺមានតម្លៃខ្ពស់ជាងម៉ូដែលមុន S25 ដល់ទៅ €40 យូរ៉ូ និងម៉ូដែលទំហំ 512GB វិញ គឺខ្ពស់ជាងមុនដល់ទៅ €120 យូរ៉ូឯណោះ។ ហើយបើក្រឡេកមកមើលម៉ូដែល Galaxy S26+ ដែលមានទំហំ 256GB គឺនឹងមានតម្លៃខ្ពស់ជាងមុន €100 យូរ៉ូ ខណៈដែលទំហំ 512GB គឺមានតម្លៃថ្លៃជាងមុនចំនួន €90 យូរ៉ូ។
ចំពោះម៉ូដែលធំជាងគេ Galaxy S26 Ultra គឺនឹងមានតម្លៃដូចគ្នាមួយនិងតម្លៃរបស់ S25 Ultra សម្រាប់ទំហំ 256GB ប៉ុន្តែបើមើលទៅលើទំហំ 512GB វិញ គឺមានភាពខុសគ្នារហូតដល់ទៅ €80 ខណៈដែលស្មាតហ្វូនដែលមានទំហំ 1TB គឺមានភាពខុសគ្នាដល់ទៅ €140 យូរ៉ូ។

សូមជំរាបថា ថ្មីៗនេះ ក៏មានការបែកធ្លាយនូវតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26, S26+ និង S26 Ultra នេះដែរ ដោយមានប្រភពខ្លះនិយាយថា តម្លៃស្មាតហ្វូនថ្មីៗទាំងនេះ គឺនឹងមិនមានការប្រែប្រួលនោះទេប្រៀបធៀបជាមួយនិងស្មាតហ្វូនជំនាន់មុន Galaxy S25 Series។ ប៉ុន្តែក៏មានការប្រភពខ្លះៗនិយាយថា នឹងមានការកើនឡើងដល់ទៅ €500។ ដូច្នេះអ្វីៗគឺមិនទាន់ច្បាស់នោះទេ គឺរង់ចាំដល់ថ្ងៃទី 25 ខែកុម្ភៈខាងមុខ នឹងបានច្បាស់ហើយពីតម្លៃស្មាតហ្វូនជំនាន់ថ្មី Galaxy S26, S26+ និង S26 Ultra នេះ។





