
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល-ចែកចាយ និងផ្ដល់សេវាថែទាំរថយន្ដឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសផ្ដល់នូវអាហារូបករណ៍ចំនួន 100 នាក់ ជូនដល់ពលករ និងជនភៀសសឹក ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 27 ខែមករា ឆ្នាំ 2026 កន្លងទៅនេះ។
កម្មវិធីទទួលបានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា, លោក វ៉ាន់ វិចិត្រ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ACEC និងការចូលរួមពីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ គណៈគ្រប់គ្រងក្រុមហ៊ុន លោកគ្រូ អ្នកគ្រូ ពីមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា និងបណ្តាសមាជិកសារព័ត៌មាន។

កម្មវិធីនេះត្រូវបានរៀបចំដោយ ក្រុមហ៊ុន អ អិម អេ ខេមបូឌា និង ទទួលបានការគាំទ្រពី ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា។ សមិទ្ធផលនេះកើតចេញពីការប្តេជ្ញារួមគ្នារវាងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងភាពដៃគូយុទ្ធសាស្ត្រដើម្បីកសាងកម្លាំងពលកម្មជំនាញ និងលើកកម្ពស់ធនធានមនុស្ស ដែលផ្តល់ឱកាសអាទិភាពដល់ជនភៀសសឹក និងពលករដែលបានវិលត្រឡប់មកស្រុកវិញ។

បេក្ខជនដែលទទួលបានអាហារូបករណ៍មិនត្រឹមតែបានរៀនដោយឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានការរៀនជាមួយគ្រូជំនាញដែលមានវិញ្ញាបនបត្រទទួលស្គាល់ពីប្រទេសអូស្ត្រាលី និងការចុះអនុវត្តផ្ទាល់លើរថយន្តទំនើបៗ សម្រាប់វគ្គសិក្សារយៈពេល ៣ ខែ នៅមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា។ ជំនាញទាំងនោះរួមមាន៖ ជួសជុលតួយានយន្ត តោន បាញ់ថ្នាំពណ៌ និងជួសជុលផ្នែកមេកានិចយានយន្ត។

បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ បេក្ខជននឹងទទួលបាននូវជំនាញបច្ចេកទេសមួយយ៉ាងច្បាស់លាស់ ដែលអាចយកទៅប្រើប្រាស់ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។ លើសពីនេះទៀត បេក្ខជនក៏អាចទទួលបានឱកាសការងារនៅក្រុមហ៊ុន អ អិម អេ ខេមបូឌា ឬតាមបណ្តាក្រុមហ៊ុន ស្ថាប័នយានយន្តធំៗនៅកម្ពុជា ដែលកំពុងមានតម្រូវការខ្ពស់ចំពោះកម្លាំងពលកម្មមានជំនាញបច្ចេកទេសផងដែរ។

លោកអគ្គនាយក ងន សាំង បានមានប្រសាសន៍ថា៖ «នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា បានផ្ដល់អាហារូបករណ៍ដល់ប្រជាជនកម្ពុជា។ ជានិច្ចកាល ក្រុមហ៊ុន អ អិម អេ ខេមបូឌា តែងតែផ្តល់ត្រលប់ទៅឱ្យសង្គមជាតិវិញតាមរយៈសកម្មភាពទំនួលខុសត្រូវសង្គមសាជីវកម្ម ដូចជា ការសាងសង់ និងជួសជុលសាលារៀន បណ្ណាល័យ បន្ទប់ទឹកស្អាត ការឧបត្ថម្ភរថយន្តដឹកវ៉ាក់សាំង រថយន្តសង្គ្រោះបន្ទាន់ ការដាំដើមឈើ ការបរិច្ចាគឈាម ការផ្តល់ជំនួយសប្បុរសធម៌ និងជំនួយវេជ្ជសាស្ត្រដល់ជនភៀសសឹក។ល។

បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបង្កើតនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តហ្វដចំនួន 11 កន្លែង នៅទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលសិស្សនិស្សិតជំនាន់ក្រោយ ឱ្យមានជំនាញ ចំណេះដឹង និងសមត្ថភាពផ្នែកបច្ចេកទេសយានយន្ត ដោយមានការអនុវត្តផ្ទាល់ និងស្របតាមស្តង់ដាអន្តរជាតិ។» លោកជឿជាក់ថា ការវិនិយោគលើការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស សង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

អាហារូបករណ៍ 100% ចំនួន 100 កន្លែង បានបើកទទួលពាក្យហើយ និងចាប់ផ្តើមចូលរៀននៅថ្ងៃទី 1 ខែមីនា ឆ្នាំ 2026។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ សូមធ្វើការទំនាក់ទំនង ដើម្បីសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ ៖ 078 88 58 58 ។

អំពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក.
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៤ ឆ្នាំ មកហើយចាប់តាំងពីឆ្នាំ១៩៩២ ហើយជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូននូវសេវាកម្មផលិតផលល្បីៗលើពិភពលោក សម្រាប់សហគ្រាសពាណិជ្ជកម្ម និងសហគ្រាសមិនមែនពាណិជ្ជកម្មមានដូចជា៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម័្ពន្ធ ដំណោះស្រាយក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។ល។

ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនដូចជា៖ រថយន្តហ្វដ (Ford) រថយន្ត Jeep និង RAM រថយន្ត Peugeot រថយន្ត ChangAn រថយន្តអគ្គិសនី Deepal សេវាកម្មជួលជុល និងថែទាំរថយន្ត Mercedes-Benz គ្រឿងចក្រធុនធ្ងន់ម៉ាកជេស៊ីប៊ី (JCB) គ្រឿងយន្តកសិកម្មចនឌារ (John Deere) រថយន្តដឹកទំនិញ FUSO រថយន្តផលិត និងក្រឡុកបេតុង AJAX ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត Hako ឧបករណ៍ SATA និងផលិតផលជាច្រើនទៀតផងដែរ។

អំពីមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (អេស ខេមបូឌា)
មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា ឬហៅកាត់ថា អេស ខេមបូឌា គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសរថយន្តកម្រិតខ្ពស់ និងឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីសិក្សា និងបច្ចេកទេសបង្រៀនពីវិទ្យាស្ថាន Bendigo Kangan ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈដ៏ល្បីល្បាញបំផុតមួយរបស់អូស្ត្រាលី។ ដូចនេះ រាល់សិក្ខាកាមដែលទទួលបានការបណ្តុះបណ្តាលនៅ អេស ខេមបូឌា នឹងទទួលបានចំណេះដឹងដូចទៅនឹងការសិក្សានៅប្រទេសអូស្ត្រាលីដែរ៕











