
BYD ត្រៀមធ្វើការប្រកាសចេញឡានអគ្គិសនីស៊េរីថ្មីប្រភេទ mid-size crossover ម៉ូដែល Song Ultra នៅប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ។ នៅមុនការបង្ហាញខ្លួនផ្លូវការណ៍មកដល់ ក៏មានការទម្លាយរូបភាពផ្លូវការណជាលើកដំបូងរបស់ Song Ultra EV ផងដែរ។ BYD Song គឺជាម៉ាកឡានអគ្គិសនីមួយស្ថិតក្នុងម៉ាកយីយោឡានអគ្គិសនី BYD។ Song បានចាក់ចូលក្នុងស្រឡាយឡានអគ្គិសនីខ្នាតតូច ឬ Small Crossover។ ក្នុងពេលបច្ចុប្បន្នម៉ាក BYD Song មានម៉ូដែលដូចជា Song Pro DM-i, Song L EV និង Song L DM-i ចំនែក Song Plug SUV ត្រូវបានចេញលក់នៅលើទីផ្សារសកលក្រោមឈ្មោះថាថ្មីថា Sealion 6 និង Seal U។
បើតាមរូបភាពរបស់ Song Ultra ដែលជាសមាជិកថ្មីដែល BYD បានទម្លាយចេញ គឺបង្ហាញពីការឌីស្សាញរូបរាងថ្មីបែប B-Class all Electric Car ដែលស្ថិតនៅក្រោមម៉ាក Dynasty Series ដែលម៉ាកនេះរួមមានដូចជាម៉ូដែល BYD Han, Tang, Yuan និង Xia ជាដើម។ តាមការឌីស្សាញរូបរាងខាងក្រៅរបស់ Song Ultra បានបង្ហាញឲ្យឃើញថា គឺមានភាពស្រដៀងគ្នានឹង Song L DM-i plug-in hybrid crossover ទាំងការឌីស្សាញផ្នែកខាងក្រៅ និងទំហំ។
BYD Song Ultra EV នឹងមានតួរខ្លួនប្រវែង 4,850mm/ទទឹង 1,910mm/កម្ពស់ 1,670mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,840mm។ Song Ultra EV ថ្មី មានតួរខ្លួនវែងជាង 70mm ធៀបនឹង Song L DM-i និង 115mm ធៀបនឹងម៉ូដែល Song Pro DM-i។ ឡានអគ្គិសនី Crossover ស៊េរីថ្មីនេះ មានទំងន់តួរខ្លួនពីរជម្រើស គឺ 1,990kg និង 2,050kg។

បើតាមការចុះបញ្ចីដោយស្ថាប័ន MIIT ថ្មីៗនេះ បានបង្ហាញឲ្យឃើញថា BYD Song Ultra ម៉ូដែល Entry-Level គឺប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយមានកម្លាំង 320 សេះ ខណៈម៉ូដែល High-Performance បំពាក់ម៉ូទ័រអគ្គិសនីប្រភេទ e-motor កម្លាំង 364 សេះ និងអាចជាន់ល្បឿនលឿនបំផុត (Top Speed) បានដល់ 210km/h។ BYD Song Ultra EV Series ទាំងពីរម៉ូដែល នឹងប្រើកញ្ចប់ថ្ម LFP Blade Battery របស់ BYD ប៉ុន្តែ មិនទាន់មានរបាយការណ៍បញ្ជាក់ពីទំហំថាមពលរបស់ថ្មនៅឡើយទេ៕





