
ឡានអគ្គិសនីស៊េរីថ្មីឆ្នាំ 2026 Subaru Trailseeker ដែលត្រូវបានគេស្គាល់ថា Subaru e-Outback នៅទីផ្សារអឺរ៉ុប ត្រូវបានក្រុមហ៊ុនបញ្ជាក់ផ្លូវការណ៍ថា នឹងមានវត្តមាននៅក្នុងបន្ទប់តាំងបង្ហាញ (Showroom) របស់ក្រុមហ៊ុនក្នុងប្រទេសអូស្ត្រាលីនាត្រីមាសទីពីរ (រវាងខែមេសា និងខែមិថុនា) ឆ្នាំ 2026។
Subaru Trailseeker 2026 មានការឌីស្សាញផ្នែកខាងក្រោយលំនាំម៉ូដែល Solterra 2026 និងការឌីស្សាញតួរខ្លួនខាងក្រៅដូចបងប្អូនភ្លោះជាមួយនឹងម៉ូដែល Toyota bZ4X Touring មានន័យថា Trailseeker 2026 មានការឌីស្សាញឡើងដោយការច្របាច់បញ្ចូលគ្នារវាង DNA របស់ Solterra និង bZ4X។
Subaru Trailseeker 2026 ត្រូវបានគេប៉ាន់ប្រមាណថា អាចនឹងមានតម្លៃខ្ពស់ជាងម៉ូដែល Solterra 2026 ជាមួយតម្លៃខ្ទង់ $63,990 (តម្លៃចេញពីរោងចក្រ)។ Trailseeker 2026 នឹងភ្ជាប់មកជាមួយកញ្ចប់ថ្ម Lithium-iron battery ផ្គត់ផ្គង់ដោយ CATLទំហំ 74.7kWh ដូចគ្នានឹង Solterra និង bZ4X ដែលអាចបើកបានចម្ងាយប្រហែល 533km នៅពេលសាកភ្លើងពេញម្តង នេះបើតាមការចុះបញ្ចីរបស់ Subaru Australia។

Trailseeker 2026 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរមានកម្លាំងសរុប 280kW បង្កើនកម្លាំងម៉ូទ័រខ្លាំងជាង Subaru Solterra 2026 AWD ដែលមានកម្លាំង 252kW។ Trailseeker 2026 អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 4.4 វិនាទី ដែលធ្វើឲ្យវាក្លាយជាម៉ូដែលឡានអគ្គិសនីដំបូងក្នុងប្រវត្តិសាស្ត្ររបស់ Subaru ដែលមានសន្ទុះល្បឿនលឿនបែបនេះ។

Trailseeker 2026 មានតួរខ្លួនវែងជាង 140mm ធៀបនឹងម៉ូដែល Solterra 2026 ដែលធ្វើឲ្យវាមានកន្លែងដាក់អីវ៉ាន់ខាងក្រោយធំទូលាយជាង ហើយកម្ពស់ខ្ពស់ជាង និងដំបូលមានទំហំធំជាងផងដែរ។ Trailseeker 2026 មានសមត្ថភាពអាចទំពក់អូស សណ្តោងទំងន់បាន 1,500kg ផងដែរ។ Subaru Australia បានបញ្ជាក់ថា ក្រុមហ៊ុននឹងប្រកាសពីតម្លៃ និងព័ត៌មានលម្អិតអំពីលក្ខណៈបច្ចេកទេសសម្រាប់ Trailseeker 2026 ជាផ្លូវការណ៍នៅជិតថ្ងៃចេញលក់ដែលបានគ្រោងទុកក្នុងត្រីមាសទីពីរ (រវាងខែមេសា និងខែមិថុនា) ឆ្នាំ 2026៕





