
ថ្មីៗនេះ មានការបែកធ្លាយនូវការឌីស្សាញ និងលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S26 Ultra ដោយថែមទាំងមានការបង្ហាញនូវ Hardware របស់ស្មាតហ្វូននេះថែមទៀតផង។ ផ្អែកតាមការចេញផ្សាយរបស់ Android Headlines នាពេលថ្មីៗនេះ ក៏ទើបតែចែករំលែកនូវរូបភាព renders ថ្មីរបស់ស្មាតហ្វូននេះ ជាមួយនឹងលក្ខណៈសម្បត្តិលម្អិតជាច្រើនផងដែរ។ នៅពេលនេះ អ្នកទម្លាយ Evan Blass ក៏បានបង្ហាញនូវរូបភាពផ្សព្វផ្សាយថ្មីជាលើកដំបូងបំផុតដូចគ្នា។
តាមការបញ្ជាក់ចេញពី Android Headlines បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra មានការឌីស្សាញរូបរាងស្លីមជាងមុន និងមានគែម bezels ស្តើងនៅជុំវិញអេក្រង់ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ មានពណ៌ខ្មៅ និង Cobalt Violet។ ទៅលើរូបភាពខាងលើបង្ហាញថា ផ្នែកខាងមុខរបស់ស្មាតហ្វូនថ្មីនេះ គឺមានបំពាក់នូវរន្ធកាមេរ៉ា hole-punch។ ហើយជាមួយគ្នានេះ ក្រុមហ៊ុន Samsung អាចនឹងបន្តក្នុងការប្រើប្រាស់នូវ S Pen សម្រាប់ស្មាតហ្វូន Ultra។

ស្មាតហ្វូន Galaxy S26 Ultra នេះ នឹងមានអេក្រង់ទំហំ 6.9-អ៊ីង QHD+ Dynamic AMOLED display ហើយនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 16 ជាមួយនឹង One UI 8.5។ ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 ជាមួយនឹងម៉េមូរីទំហំចាប់ពី 256GB ឡើងទៅ។ ទៅលើរូបរាងស្មាតហ្វូននេះ អាចនឹងមានកម្រាស់ 7.9mm ទម្ងន់ 214g និងមានថាមពលថ្មទំហំ 5,000mAh ជាមួយនឹងបច្ចេកវិទ្យាសាក wireless power sharing ថែមទៀតផង។

ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នឹងមានកាមេរ៉ា 200MP, 50MP Ultrawide, 10MP Telephoto lens និង 50MP Periscope Telephoto ខណៈដែលកាមេរ៉ាខាងមុខ នឹងមានទំហំ 12MP។ ក្រុមហ៊ុន Samsung អាចនឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra ជាមួយនឹងស្មាតហ្វូន Galaxy S26, Galaxy S26+ និង Galaxy Buds 4 series នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked ដែលនឹងធ្វើឡើងនៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ៕





