TOYOTA នឹងមានការដាក់តាំងបង្ហាញគំរូរថយន្តអគ្គិសនីម៉ាកថ្មីរួមនឹងបច្ចេកវិទ្យា Self-Driving Taxi នៅក្នុងព្រឹត្តិការណ៍ Beijing Auto Show

បើយោងទៅលើប្រភពរបាយការណ៍ចុងក្រោយបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន TOYOTA នឹងមានការដាក់តាំងបង្ហាញគំរូរថយន្តអគ្គិសនីម៉ាកថ្មីនៅក្នុងព្រឹត្តិការណ៍ Beijing Auto Show នៅក្នុងប្រទេសចិន។ បើតាមរូបភាពដែលបានបែកធ្លាយថ្មីៗនេះ រថយន្តអគ្គិសនីថ្មីនេះ គឺត្រូវបានរចនារូបរាងឡើងថ្មីទាំងស្រុងពីក្រុមហ៊ុន ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ និងមានភាពឆ្លាតវៃបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចុប្បន្នក្រុមហ៊ុន Toyota បាននឹងកំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សាររថយន្តប្រទេសចិន ដោយបានធ្វើការសហការយ៉ាងស៊ីជម្រៅជាមួយនឹង "ក្រុមហ៊ុនផលិតធំៗរបស់ប្រទេសចិន"។ ហើយការផ្លាស់ប្តូរនេះ គឺបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ Toyota សម្រាប់រយៈពេលវែងក្នុងការធ្វើការជាមួយដៃគូនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកក្នុងតំបន់អាស៊ីមួយនេះ។ 

 

Toyota ត្រូវបានគេដឹងថាបានធ្វើការផ្តោតយកចិត្តខ្លាំងទៅលើបច្ចេកវិទ្យាផលិតថ្មរថយន្តអគ្គិសនី ដោយក្រុមហ៊ុនមានការអះអាងថា ការផលិតថ្មអគ្គិសនីសម្រាប់រថយន្តទ្រង់ទ្រាយធំរបស់ខ្លួនអាចនឹងចាប់ផ្តើមយ៉ាងយូរនៅឆ្នាំ 2027 ដោយសារបច្ចុប្បន្នសង្វាក់ផលិតកម្មថ្មខ្នាតតូច គឺបាននឹងកំពុងដំណើរការ ហើយបច្ចេកវិទ្យាថ្មជំនាន់ក្រោយនេះសន្យាថានឹងមានការកែលម្អយ៉ាងសំខាន់សម្រាប់សមត្ថភាពក្នុងការបើកបររថយន្តអគ្គិសនី និងថេរវេលាក្នុងការសាក។

 

ក្រុមហ៊ុន Toyota គ្រោងនឹងបញ្ចេញរថយន្តជាច្រើនប្រភេទផ្សេងទៀត។ ដោយក្នុងនោះរថយន្ត bZ4X ROBOTAXI ត្រូវបានក្រុមហ៊ុនអះអាងថា ជាប្រភេទរថយន្តតាក់ស៊ីបើកបរដោយខ្លួនឯង (Self-Driving Taxi)ដោយមានការសហការបង្កើតឡើងដោយ Pony.ai ហើយនឹងមានការដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ Beijing Auto Show ផងដែរ។

 

បន្ថែមពីនេះ សម្រាប់ម៉ូដេល TOYOTA GR YARIS និង Camry 2.5L dual-engine version ក៏ត្រូវបានគេរំពឹងថានឹងមានការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តនោះផងដែរ។ Toyota ក៏ត្រូវបានគេដឹងថាទៀតថា គ្រោងនឹងដាក់បង្ហាញរថយន្តម៉ាក iconic Supra ជំនាន់ទីប្រាំមួយនៅឆ្នាំក្រោយថែមទៀតផង។ 

TOYOTA បានធ្វើការរំកឹលខ្លួនបន្តិចម្តងៗ ចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនីដែលកំពុងមានការរីកចម្រើនខ្លាំងក្នុងពេលបច្ចុប្បន្ន។ ហើយទីផ្សារប្រទេសចិន គឺជាទីផ្សារនាំចេញ-លក់ និងផលិតរថយន្តធំជាងគេបំផុតក្នុងពិភពលោក ហើយបច្ចុប្បន្នក្រុមហ៊ុនដែលកំពុងនាំមុខគេក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិន និងនៅទីផ្សារពិភពលោក គឺ BYD (Build Your Dream)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍