ក្រុមហ៊ុនផលិតរថយន្តប្រណិតម៉ាក Porsche បានបញ្ចេញរថយន្ត Hypercar របស់ខ្លួនបានជាច្រើនម៉ូដែលរួចហើយ ដោយក្នុងម៉ូដែល Porsche 918 Spider បង្ហាញខ្លួននៅឆ្នាំ 2013, ម៉ូដែល Porsche Carrera GT បានបង្ហាញវត្តមាននៅឆ្នាំ 2004 និងម៉ូដែល Porsche 959 បានប្រកាសចេញនៅឆ្នាំ 1986។
ដោយឡែកនៅក្នុងឆ្នាំ 2023 ក្រុមហ៊ុន Porsche ក៏បានធ្វើការបង្ហាញ Hypercar ស៊េរីថ្មីមួយទៀតដែលមានឈ្មោះថា Mission X ហើយនៅដើមឆ្នាំ 2024 ក្រុមហ៊ុនក៏បានបង្ហាញផ្លូវការនៅគំរូរថយន្ត Hypercar ជំនាន់ថ្មីរបស់ខ្លួន ដែលបង្ហាញច្បាស់ថា Porsche នឹងធ្វើការប្រកាសចេញរថយន្ត Hypercar ជំនាន់ថ្មីរបស់ខ្លួនឆាប់ៗក្នុងឆ្នាំនេះ។
Porsche Mission X ដែលជា all-electric hypercar ជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុនបានដាក់បង្ហាញលើកដំបូងនៅក្នុងព្រឹត្តិការណ៍គម្រប់ខួប 75 ឆ្នាំ កាលពីខែមិថុនា ឆ្នាំ 2023។ ដោយគំរូរថយន្ត Hypercar ជំនាន់ថ្មីកាលនោះ ដំណើរការដោយប្រព័ន្ធ RWD ឬ rear-wheel-drive ប៉ុន្តែ នៅពេលនេះបើតាមការបញ្ជាក់ពី លោក Michael Behr ដែលជាប្រធានកាន់កម្រោង Mission X Project បញ្ជាក់ប្រាប់ទស្សនាវដ្តី Which Car របស់អូស្រ្តាលី ថាពេលនេះ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរពីការប្រើប្រាស់ប្រព័ន្ធដំណើរការ RWD មកប្រើប្រព័ន្ធ AWD ឬ All-wheel-drive វិញសម្រាប់កំពូលរថយន្ត Hypercar ជំនាន់ថ្មីនេះ។ លោកបញ្ជាក់បន្ថែមទៀតថា ការផ្លាស់ប្តូរនេះ គឺដើម្បីបង្កើនប្រសិទ្ធិភាពកំលាំងកាន់តែខ្លាំង និងសន្ទុះល្បឿនកាន់តែលឿនសម្រាប់ Mission X។
បើតាមការបង្ហាញគំរូ Porsche Mission X ការដំឡើងកញ្ចប់អាគុយអគ្គិសនីរបស់ Hypercar ថ្មីនេះ គឺមានទីតាំងស្ថិតនៅខាងក្រោយកៅអីដែលភ្ជាប់ជាមួយប្រព័ន្ធ oil-cooling ផ្ទាល់តែម្តង។ រថយន្ត Hypercar ជំនាន់ថ្មីនេះ ក៏នឹងបំពាក់នូវប្រព័ន្ធ 900-volt system architecture ដើម្បីធ្វើឲ្យការសាកភ្លើងបានលឿនរហ័ស ដែលអាចសាកភ្លើងចូលលឿនជាងម៉ូដែល Taycan Turbo ដល់ទៅ 2 ដងឯណោះ។
Mission X គាំទ្រប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងកំលាំងខ្លាំងដល់ទៅ 320kW Charging ដែលអាចសាកភ្លើងពី 10 ទៅ 80% ប្រើពេលប្រមាណតែ 18 នាទីប៉ុណ្ណោះ។ Porsche Mission X មានការឌីស្សាញជាមួយទ្វារសងខាងទាំងពីរបើកឡើងទៅលើ រួចរុញមកមុខដូច គ្នានឹងម៉ូដែល 917 Le Mans racer ជាមួយដំបូងកញ្ចប់រចនាបែប Curved ដើម្បីជួយពង្រីកទំហំដំបូលនៅពេលបិតទ្វារទាំងពីរ។
ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិរបស់ Porsche Mission X Electric Hypercar មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់លម្អិតនោះទេ ប៉ុន្តែ បើតាមប្រភពរបាយការណ៍មួយចំនួនបាននិយាយថា Mission X អាចនឹងបំពាក់ម៉ូទ័រអគ្គិសនីពីរដែលអាចផលិតកំលាំងបាន 1,500 សេះ ឬអាចដល់ 1,700 សេះឯណោះ។ ហើយរថយន្ត Hypercar ជំនាន់ថ្មីរបស់ Porsche នេះ នឹងផលិតក្នុងចំនួនមានកំនត់ ដែលការបង្ហាញវត្តមានផ្លូវការណ៍អាចនឹងត្រូវធ្វើឡើងក្នុងឆ្នាំនេះ ហើយការនាំចេញលើកដំបូងអាចនឹងត្រូវធ្វើឡើងនៅមុនឆ្នាំ 2026៕