បន្ទាប់ពីរយះពេលប្រហែល 6 ឆ្នាំ នៃការបង្ហាញវត្តមានលើកដំបូងលើពីភពលោកនៃកំពូលរថយន្តប្រណិតបែបអភិជនម៉ាក Rolls-Royce Cullinan នៅពេលពេលនេះក្រុមហ៊ុន Rolls-Royce បានធ្វើការប្រកាសចេញជំនាន់ថ្មីទីពីរដែលមានឈ្មោះថា Rolls-Royce Cullinan Series II 2025 ឬ Facelift។រថយន្តប្រណិតជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការកែប្រែរចនាបថបែបថ្មីខុសពីជំនាន់ដែលចេញកាលពី 6 ឆ្នាំមុន ដូចជាការបង្កើនកម្ពស់ខ្ពស់ជាងមុនជាដើម។
Rolls-Royce Cullinan Series II 2025 បំពាក់នូវយ៉ាន់កង់ទំហំធំដល់ 23-inch ដែលតាមការបញ្ជាក់ពីក្រុមហ៊ុន នេះ គឺជាលើកដំបូងសម្រាប់រថយន្តម៉ាក Cullinan របស់ខ្លួនដែលប្រើប្រាស់យ៉ាងកង់ទំហំធំដល់ 23-inch។ ដោយយ៉ាន់កង់របស់ Cullinan Series II ផលិតឡើងពីអែកអ៊ីណុកជាមួយការឌីស្សាញបែបភ្លឺឆ្លុះដូចកញ្ចក់ mirror-finish stainless steel trim។
រថយន្តស៊េរីថ្មីប្រណិតកម្រិតអភិជនរបស់ចក្រភពអង់គ្លេសមួយនេះមានបំពាក់នូវបច្ចេកវិទ្យាប្រើប្រាស់ប្រណិតប្រកបដោយផាសុខភាព ដែលមិនអាចកាន់ថ្លៃបាន។ ដោយនៅផ្នែកខាងក្នុងមានការឌីស្សាញបែបសាមញ្ញតែប្រកបដោយប្រណិតភាព ហើយអ្វីដែលពិសេសនៅខាងក្នុងរបស់ Rolls-Royce Cullinan Series II 2025 មានបំពាក់នូវប្រព័ន្ធបំពងសំឡេងចំនួន 8 គ្រាប់ (18-speaker Bespoke Audio system)។
រថយន្តប្រណិតជំនាន់ថ្មីនេះ បំពាក់នូវម៉ាស៊ីនចំនុះ 6.75L twin-turbo V12 Engine ដែលអាចផលិតកំលាំងបាន 571 សេះ ជាមួយកំលាំងរមូល 850Nm សម្រាប់ម៉ូដែលស្តង់ដារ និងកំលាំង 600 សេះ ជាមួយកំលាំងរមូល 900Nm សម្រាប់ម៉ូដែល Black Badge Variant។
ម៉ាស៊ីនរបស់ Rolls-Royce Cullinan Series II 2025 ដំណើរការជាមួយប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គ (8-speed automatic) ជាប្រភេទប្រអប់លេខ ZF Gearbox។ ទោះបីជាបានធ្វើការប្រកាសចេញផ្លូវការណ៍នូវរថយន្តប្រណិតជំនាន់ថ្មី Cullinan Series II ឆ្នាំ 2025 ក៏ពិតមែន ប៉ុន្តែ Rolls-Royce មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទចេញលក់ និងតម្លៃរបស់រថយន្តប្រណិតជំនាន់ថ្មីរបស់ខ្លួននៅឡើយទេ៕