ថ្មីៗនេះ Nio ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីល្បីឈ្មោះមួយរបស់ចិន បានសម្រេចនូវព្រឹត្តិការណ៍ដ៏សំខាន់មួយកាលពីថ្ងៃទី 9 ខែឧសភា ដើម្បីអបអរសារទរពីភាពជោគជ័យដែលក្រុមហ៊ុនខ្លួនបានផលិតរថយន្តដល់គ្រឿងទី 500,000។ ដោយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Nio នេះត្រូវបានប្រារព្ធឡើងនៅ សួនឧស្សាហកម្មរថយន្ត Xinqiao Intelligent Electric Vehicle Industrial Park ក្នុងទីក្រុង Hefei នៃខេត្ត Anhui ប្រទេសចិន។ នៅក្នុងព្រឹត្តិការណ៍នេះ មានការចូលរួមពីឥស្សរជនជាច្រើន ថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រុមហ៊ុនឧស្សាហកម្មជាច្រើន ក៏ដូចជាលោក William Li ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Nio ផងដែរ។ ចំនែកអ្នកប្រើប្រាស់រថយន្តម៉ាក Nio ទី 500,000 គឺលោក Liu Qingfeng ដែលជាប្រធានក្រុមហ៊ុន iFlytek Co។
លោក Han Jun លេខាគណៈកម្មាធិការបក្សខេត្តបានសង្កត់ធ្ងន់ថា អគ្គិសនី ភាពវៃឆ្លាត ការតភ្ជាប់ និងការចែករំលែកគឺជានិន្នាការចម្បងដែលជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មរថយន្ត។ លោកបាននិយាយថា “ក្នុងនាមជាក្រុមហ៊ុនរថយន្តអគ្គិសនីឆ្លាតវៃឈានមុខគេនៅលើពិភពលោក Nio គួរតែចាប់យកឱកាសដែលនាំមកដោយការផ្លាស់ប្តូរនៃឧស្សាហកម្មរថយន្ត។ លើសពីនេះទៅទៀត Nio គួរតែខិតខំបង្កើតប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរថយន្តឲ្យកាន់តែទូលំទូលាយមួយ»។ លោក Han Jun បានបង្ហាញក្តីសង្ឃឹមរបស់គាត់ថា ការផលិតរថយន្តគ្រឿងទី 500,000 នឹងដើរតួជាចំណុចចាប់ផ្តើមថ្មីសម្រាប់ Nio ដែលអាចឱ្យក្រុមហ៊ុនឆ្ពោះទៅរកគោលដៅកាន់តែខ្ពស់ បង្កើតមហិច្ឆតា ពង្រីកចំណែកទីផ្សាររបស់ខ្លួន និងបន្តបង្កើនភាពរឹងមាំ និងការប្រកួតប្រជែងយ៉ាងទូលំទូលាយ។
នៅក្នុងព្រឹត្តិការណ៍នោះ មានអ្នកចូលរួម តំណាងអ្នកប្រើប្រាស់ និងបុគ្គលិកបច្ចេកទេសជួរមុខ ដែលជានិមិត្តរូបនៃការបញ្ចប់ការផលិតរថយន្តម៉ាក Nio គ្រឿងទី 500,000។ ចាប់តាំងពីការបង្កើតទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុង Hefei ខេត្ត Anhui ក្នុងខែមេសា ឆ្នាំ 2020 មក Nio បានបញ្ចប់ជាបន្តបន្ទាប់នូវការបង្កើត ឬផ្លាស់ប្តូរទីតាំងនៃអង្គភាពអាជីវកម្មស្នូលជាច្រើន រួមទាំងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ការលក់ និងសេវាកម្ម ការអភិវឌ្ឍន៍ផ្នែកសំខាន់ៗ និងការផលិត និងប្រព័ន្ធបើកបរដោយស្វ័យភាពជាដើម។ ក្រុមហ៊ុនបានអនុវត្តប្លង់នៃបច្ចេកវិទ្យាពេញលេញចំនួន 12 ដែលទទួលបានប៉ាតង់ជាង 8.700។ នៅឆ្នាំ 2023 ក្រុមហ៊ុន Nio សម្រេចបានប្រាក់ចំណូលលើសពី 55.6 ពាន់លានយន់ ដែលមានកំណើន 12.9% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។
លោក William Li ដែលជាស្ថាបនិក និងជា CEO របស់ Nio បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា ការផលិតរថយន្តទី 500,000 របស់ Nio គឺបានបង្ហាញពីជំហររឹងមាំរបស់ក្រុមហ៊ុននៅក្នុងទីផ្សាររថយន្តអគ្គិសនីឆ្លាតវៃកម្រិតខ្ពស់។ លោកបានសង្កត់ធ្ងន់ថា ខេត្ត Anhui មានបរិយាកាសធុរកិច្ចអំណោយផល និងសក្តានុពលអភិវឌ្ឍន៍ដ៏អស្ចារ្យ ហើយ Nio នឹងនៅតែចាក់ឫសយ៉ាងរឹងមាំនៅក្នុង Anhui ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ក្រុមហ៊ុននឹងបន្តដាក់បង្ហាញនូវបច្ចេកវិទ្យាថ្មីៗ និងម៉ូដែលរថយន្តថ្មីៗ ដែលអាចជួយខេត្តមួយនេះក្លាយជាកន្លែងដ៏ល្អបំផុតនៅទូទាំងពិភពលោកក្នុងការទទួលបានបទពិសោធន៍ប្រើប្រាស់រថយន្តអគ្គិសនីឆ្លាតវៃ និងបង្កើតការច្នៃប្រឌិតសកល និងតំបន់ខ្ពង់រាបឧស្សាហកម្មសម្រាប់រថយន្តអគ្គិសនីឆ្លាតវៃ”៕