បច្ចុប្បន្ននេះ Xiaomi មិនមែនត្រឹមជាក្រុមហ៊ុនផលិតគ្រឿងបច្ចេកវិទ្យាអេឡិចត្រូនិច និងស្មាតហ្វូននោះទេ ដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានឥទ្ធិពលរបស់ប្រទេសចិនមួយនេះបានធ្វើការបដិវត្តន៍ក្រុមហ៊ុនរបស់ខ្លួនចូលក្នុងទីផ្សាររថយន្តអគ្គិសនី ជាមួយការបញ្ចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនជាផ្លូវការណ៍ដែលពាក់ស្លាក់ឈ្មោះថា SU7។ Xiaomi SU7 គឺជាប្រភេទរថយន្តអគ្គិសនីប្រភេទ Sedan ហើយម៉ូដែលដំបូងនេះ ក៏ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីនៅទីផ្សារប្រទេសចិន។
ជាមួយគ្នានេះ Xiaomi ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការរចនារចនាស៊េរីថ្មីបន្ថែមទៀត ដែលត្រូវបានគេដឹងថា ជាប្រភេទរថយន្តអគ្គិសនី SUV ដើម្បីធ្វើការប្រជែងជាមួយរថយន្តអគ្គិសនី SUV ដែលមាននៅលើទីផ្សារបច្ចុប្បន្ន ជាពិសេស គឺកំពូលរថយន្តអគ្គិសនីដែលពេញនិយមម៉ូដេល Tesla Model Y។ ដោយរថយន្តអគ្គីសនីប្រភេទ SUV នេះត្រូវបានគេដឹងថា Xiaomi បានធ្វើការរចនាឡើងចាប់តាំងពីលោក Lei Jun ដែលជាស្ថាបនិក និងជា CEO របស់ Xiaomi បានធ្វើការប្រកាសពីការហក់ចូលក្នុងទីផ្សាររថយន្តអគ្គិសនីកាលពីអំឡុងឆ្នាំ 2021 មកម្ល៉េះ។
ទោះជាយ៉ាងណាបច្ចុប្បន្ននេះ Xiaomi បាននឹងកំពុងផ្តោតទៅលើសង្វាក់ផលិតរថយន្ត Sedan ម៉ូដែល SU7 របស់ខ្លួន ដោយគ្រោងក្នុងការផលិតឲ្យបានដល់ 100,000 គ្រឿងក្នុងឆ្នាំ 2024 នេះ។ ជាមួយសង្វាក់ផលិតកម្មរបស់ SU7 បានដំណើរការផលិតរួចរាល់ហើយ ដោយឡែកសម្រាប់រថយន្តស៊េរីថ្មីប្រភេទ SUV វិញត្រូវបានគេរំពឹងថា Xiaomi អាចនឹងធ្វើការប្រកាសចេញនៅក្នុងឆ្នាំ 2025 ឬនៅដើមឆ្នាំ 2026។ ដោយការកំណត់ពេលវេលានេះ គឺស្របនឹងការបញ្ចប់ដំណាក់កាលទីពីរនៃរោងចក្រដំឡើងថ្មីរបស់ Xiaomi នៅទីក្រុងប៉េកាំង។ ប៉ុន្តែ គួរឲ្យស្តាយដោយសារតែមិនទាន់មានប្រភពណាមួយបង្ហាញពីគំរូនៃការឌីស្សាញរបស់ Xiaomi SUV និងគុណសម្បត្តិរបស់រថយន្តស៊េរីថ្មីនេះនៅឡើយទេ។
ទោះជាយ៉ាងណា Xiaomi ត្រូវបានគេរំពឹងថា អាចនឹងផ្តល់តម្លៃពិសេសសមរម្យសម្រាប់រថយន្ត SUV របស់ខ្លួន ដើម្បីរក្សាការប្រគូតប្រជែងទីផ្សារនៅក្នុងតំបន់។ តាមការប៉ាន់ប្រមាណតម្លៃរថយន្តអគ្គិសនី SUV របស់ Xiaomi អាចនឹងមានតម្លៃធូរថ្លៃជាង SU7 Sedan បច្ចុប្បន្នដែលមានតម្លៃចាប់ពីខ្ទង់ក្រោម $30,000 នៅក្នុងទីផ្សារប្រទេសចិន។ Xiaomi បាននឹងកំពុងខិតខំក្នុងការជម្រុញសង្វាក់ផលិតកម្មរថយន្តអគ្គិសនី SU7 Series របស់ខ្លួននៅក្នុងរោងចក្រផលិតស្ថិតនៅទីក្រុងប៉េកាំងឲ្យបានដល់ 300,000 គ្រឿងក្នុងមួយឆ្នាំ៕