Firefly គឺជាម៉ាកយីហោរថយន្តរងទីបីរបស់ក្រុមហ៊ុន Nio ហើយម៉ាកយីហោរថយន្តនេះបានធ្វើការប្រកាសចេញរថយន្តដំបូងរបស់ខ្លួនជាប្រភេទ Small electric hatchback ម៉ូដែល Firefly EV កាលពីអំឡុងនៃព្រឹត្តិការណ៍ Nio Day 2024។ រថយន្តអគ្គិសនីម៉ាកថ្មីនេះមានតម្លៃខ្ទង់ចាប់ពី $17,445 ទៅ $18,367 នៅទីផ្សារប្រទេសចិន។ យ៉ាងណាមិញ Nio បានធ្វើការលក់បញ្ចុះតម្លៃប្រមាណ 20% នៅថ្ងៃនៃការប្រកាសចេញលក់ផ្លូវការណ៍កាលពីថ្ងៃទី 19 ខែមេសា សប្តាហ៍មុននេះនៅក្នុងប្រទេសចិន ហើយការនាំចេញ Firefly EV នឹងត្រូវធ្វើឡើងនៅថ្ងៃទី 29 ចុងខែមេសានេះ។ ទន្ទឹងនឹងនេះ Nio ក៏ត្រៀមនាំចេញរថយន្តម៉ាក Nio Firefly EV របស់ខ្លួនចូលទៅកាន់ទីផ្សារអឺរ៉ុបផងដែរក្នុងពេលឆាប់ៗខាងមុខនេះ។
ទៅលើការរចនារបស់ Firefly EV គឺមានលក្ខណៈខុសប្លែកពីរថយន្តអគ្គិសនីដទៃត្រង់ចង្កៀងមុខក្រោយរបស់រថយន្តនេះត្រូវបានរចនាជារង្វង់មូលម្ខាងបីដូចនឹងលែនកាមេរ៉ារបស់ទូរស័ព្ទ iPhone អីចឹងដែរ។ នៅផ្នែកចំហៀងត្រូវបានរចនាជាមួយទ្វារប្រភេទ Hidden Door handle ព្រមទាំងមានដំបូលពណ៌ខ្មៅរចនាជារាង Aerodynamic។ Nio Firefly EV មានជម្រើសពណ៌ស្វាយ បៃតង ប្រផេះ ពងក្រសា និងស។
រថយន្ត Compact Hatchback មួយនេះមានបណ្តោយ 4,003mm/ ទទឹង 1,781mm/ កំពស់ 1,557mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,615mm។ Firefly EV មានប្រវែងតួរខ្លួនវែងជាងម៉ូដែល mini Cooper SE ប្រមាណ 153mm។ ដោយសារតែ Firefly EV ជារថយន្តអគ្គិសនីសុទ្ធ ដូចនេះនៅផ្នែកក្បាលរថយន្តមានកន្លែងដាក់អីវ៉ាន់បានចំណុះ 95 លីត្រ ខណៈឃ្លប់គូទក្រោយអាចដាក់អីវ៉ាន់បានចំណុះ 335លីត្រ និងអាចបានដល់ 1,253 លីត្រនៅពេលបត់កៅអីជួរខាងក្រោយចុះ។
នៅផ្នែកខាងក្នុងមានការរៀបចំតុបតែងបែបទំនើបភាព និងផាសុខភាព ដោយក្នុងនោះមានចង្កូត និងកៅអីស្បែក អេក្រង់កម្សាន្តទំហំ 13.2-inch floating touchscreen display ជាមួយអេក្រង់បង្ហាញព័ត៌មានតំហំ 6-inch LCD Instrument Panel ជាប់នៅខាងក្រោយដៃចង្កូត, ប្រព័ន្ធបំពងសំឡេង 14 គ្រាប់ និងគាំទ្រប្រព័ន្ធសំឡេង Dolby 7.1 Surround sound រួមនឹងប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient lighting ដែលមានចំនួន 256 ពណ៌។ នៅលើម៉ូដែល Firefly EV ស្តង់ដារត្រូវបានដាក់ឲ្យដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយមានកំលាំង 141 សេះ ដែលអាចជាន់ស្ទុះពីកុងទ័រ 0 ដល់ 100km/h ក្នុងរយះពេល 8.2 វិនាទី ព្រមទាំងអាចជាន់ល្បឿនលឿនបំផុត Top Speed បានដល់ 150km/h។
ម៉ូដែលនេះមានកញ្ចប់ថ្មទំហំ 42.1kWh ហើយសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 420km។ មិនខុសពីរថយន្តអគ្គិសនីរបស់ Nio ទាំងឡាយនោះទេ ដោយ Firefly EV គាំទ្របច្ចេកវិទ្យាដោះកញ្ចប់ថ្ម (battery swap technology) បានភ្លាមដោយមិនចាំបាច់រងចាំការសាកភ្លើងឡើយ។
បន្ថែមពីនេះ Firefly EV នៅមានពីរម៉ូដែលផ្សេងទៀត មានឈ្មោះថា Zizai និង Faguang ដែលមានអនុភាព Powertrain ដូចគ្នា គ្រាន់តែម៉ូដែល Faguang មានបំពាក់នូវប្រព័ន្ធប្រើប្រាស់ទំនើបជាងដូចជា មានប្រព័ន្ធកៅអីក្តៅ ត្រជាក់ និងម៉ាស្សាសម្រាប់កៅអីខាងមុខ ហើយអាចកំនត់សេរេបានដោយប្រើប្រព័ន្ធអេឡិចត្រូនិច ព្រមទាំងមានការ Upgrade នៅផ្នែកគ្រឿងតុបតែខាងក្នុងមួយចំនួន ហើយនិងកៅអីអ្នករួមដំណើរខាងមុខមានមុខងារ memory set។
សម្រាប់តម្លៃរបស់ម៉ូដែល Firefly Zizai EV គឺខ្ទង់ $17,445 ខណៈម៉ូដែល Firefly Faguang មានតម្លៃខ្ទង់ប្រហែល $18,367។ Nio Firefly EV Series នឹងក្លាយជាដៃគូប្រជែងទីផ្សារជាមួយនឹងរថយន្តម៉ាកមួយចំនួនទៀតស្ថិតក្នុងស្រឡាយដូចគ្នា រួមមានម៉ាក Volkswagen ID.3, Ora 03 ឬ Funky Cat និងLynk & Co 02 ជាដើម៕