ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corporation និងរដ្ឋាភិបាលទីក្រុងសៀងហៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាយុទ្ធសាស្រ្តមួយកាលពីថ្ងៃទី 22 ខែមេសា ដោយបង្កើតភាពជាដៃគូដ៏សំខាន់មួយដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនរថយន្តយក្សរបស់ជប៉ុនមួយនេះធ្វើការអភិវឌ្ឍផលិតរថយន្តដំណើរការដោយថាមពលថ្មី (New Energy Vehicle) នៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសចិន។ ដែលចំណុចសំខាន់នៃកិច្ចព្រមព្រៀងនេះ គឺជារោងចក្រផលិតរថយន្តអគ្គិសនីម៉ាក Lexus ដែលគ្រប់គ្រងទាំងស្រុង នឹងត្រូវបានសាងសង់នៅក្នុងសង្កាត់ Jinshan នៃទីក្រុងសៀងហៃ។
កិច្ចព្រមព្រៀងនេះ គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ទាំង Toyota និងរដ្ឋាភិបាលទីក្រុងសៀងហៃ ដែលវាតំណាងឱ្យក្រុមហ៊ុនផលិតរថយន្តបរទេសធំទីពីរដែលបង្កើតរោងចក្រផលិតដែលគ្រប់គ្រងទាំងស្រុងនៅក្នុងប្រទេសចិនបន្ទាប់ពីក្រុមហ៊ុន Tesla's Shanghai Gigafactory ហើយក៏ជាការបណ្តាក់ទុនលើកដំបូងបង្អស់ដោយក្រុមហ៊ុនផលិតរថយន្តជប៉ុន។
បើយោងតាមមន្ត្រីនៅក្នុងពិធីចុះហត្ថលេខានេះ ក្រុមហ៊ុន Toyota នឹងវិនិយោគ 14.6 ពាន់លានយន់ ឬស្មើរនឹងប្រមាណ 2.02 ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោងនេះ ជាមួយនឹងការទិញដីដំបូងសម្រាប់ការសាងសង់រោងចក្រប្រហែល 277 ហិចតា។ រោងចក្រថ្មីរបស់ Toyota ដែលផលិតរថយន្តអគ្គិសនីម៉ាក Lexus របស់ខ្លួននឹងរួមបញ្ចូលនូវមន្ទីរសម្រាប់ការការស្រាវជ្រាវ និងការអភិវឌ្ឍន៍ រោងចក្រផលិតកម្ម និងដំណើរការលក់ ដោយផ្តោតលើការផលិតរថយន្តអគ្គិសនីម៉ាក Lexus និងអភិវឌ្ឍន៍នូវបច្ចេកវិទ្យាថ្មទំនើប។
ការចុះកិច្ចព្រមព្រៀងលើនេះ គឺយុទ្ធសាស្ត្រធ្វើមូលដ្ឋានីយកម្មយ៉ាងទូលំទូលាយ ហើយត្រូវបានគេរបាយការណ៍ថា ការផលិតនឹងប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុកសម្រាប់រថយន្តម៉ាក Lexus លើសពី 95% ដែលជាការកាត់បន្ថយការចំណាយយ៉ាងច្រើន និងអាចអនុញ្ញាតឱ្យកាត់បន្ថយរថយន្តពី 15-20% បើប្រៀបធៀបទៅនឹងម៉ូដែលនាំចូល។
ការសាងសង់រោងចក្រផលិតនៅក្នុងប្រទេសចិនលើកនេះ គឺជាការបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងយុទ្ធសាស្រ្តក្នុងប្រទេសចិនរបស់ Toyota កន្លងមកពឹងផ្អែកតែទៅលើការផលិតក្រោមការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតរបស់ប្រទេសចិន។ ហើយការសម្រេចចិត្តក្នុងការសាងសង់រោចក្រងផ្ទាល់ខ្លួននេះកើតឡើងចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងនៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិន ដែលម៉ូដែលអគ្គិសនីរបស់ Toyota មានចំនួនតិចជាង 1% នៃការលក់របស់ខ្លួន។
ទន្ទឹមនឹងនេះ ខណៈពេលដែលការរក្សាតំណែងរបស់ខ្លួនជាម៉ាករថយន្តប្រណីតនាំចូលជាមួយនឹងចំនួន 18 លានគ្រឿងដែលបានលក់ក្នុងឆ្នាំ 2024 ស្របពេលដែលម៉ាករថយន្ត Lexus បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងអត្រារក្សាតម្លៃរយៈពេលបីឆ្នាំរបស់ខ្លួនពី 87.5% ក្នុងឆ្នាំ 2021 មកត្រឹម 59.35% កាលពីឆ្នាំមុន។ ក្រុមហ៊ុន Toyota មានគោលបំណងពង្រីកស្រឡាយរថយន្តអគ្គិសនីជាសាកលរបស់ខ្លួន ប្រមាណ 15 ម៉ូដែលនៅឆ្នាំ 2027 ជាមួយនឹងគោលដៅផលិតរថយន្តអគ្គិសនីឲ្យបានប្រហែល 1 លានគ្រឿងក្នុងមួយឆ្នាំ។ ទីផ្សារចិនត្រូវបានចាត់ទុកថាជា "ទីផ្សារស្នូល" នៃគោលដៅរបស់ Toyota ក្នុងការលក់រថយន្តអគ្គិសនីសុទ្ធឲ្យបានចំនួន 1 លានគ្រឿងនៅទូទាំងពិភពលោកនៅឆ្នាំ 2030៕