ថ្មីៗនេះ ក្រុមហ៊ុន BYD ទើបតែបានបញ្ចេញឡានអគ្គិសនីថ្មីចំនួន 2 ម៉ូដែល គឺ Han L ដែលជាប្រភេទឡាន Sedan និង Tang L ដែលជាប្រភេទឡាន SUV ហើយប្រើប្រាស់នូវបច្ចេកវិទ្យាកាន់តែទំនើប និងគ្រោងឆ្អឹងថ្មី ហៅថា Super e-Platform។ ក្រុមហ៊ុន BYD បានអះអាងថា ឡានទាំង 2 ម៉ូដែលថ្មីនេះ នឹងមានសមត្ថភាពអាចសាកភ្លើងល្បឿនលឿន ស្ទើរតែដូចការចាក់សាំងទៅហើយ ជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់ពួកគេ។
គួរបញ្ជាក់ឲ្យដឹងដែរថា Super e-Platform គឺជាគ្រោងឆ្អឹង 1000-volt Architecture ដែលត្រូវបានប្រកាសចេញកាលពីខែមីនា កន្លងទៅ ហើយឥឡូវនេះ ត្រូវបានយកមកប្រើលើ BYD Han L និង Tang L។ ចំពោះ BYD Han L នឹងបំពាក់កញ្ចប់អាគុយទំហំ 83.2 kWh ជាប្រភេទ Blade Battery ដែលអាចសាកភ្លើងពីថាមពល 10-70% ឬស្មើនឹង 400 KM ចាយពេលត្រឹមតែ 6 នាទីប៉ុណ្ណោះ ឬ ពី 0-100% ប្រើពេល 20 នាទី។
ដោយឡែក សម្រាប់ BYD Tang L វិញ នឹងបំពាក់កញ្ចប់អាគុយទំហំ 100.5 kWh ដែលអាចសាកភ្លើងបានថាមពល 370 KM ដោយប្រើពេលត្រឹម 5 នាទី ឬ ពី 0-100% ត្រឹម 30 នាទីប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ល្បឿននៃការសាកភ្លើងដ៏លឿនបែបនេះ អាចទទួលបានលុះត្រាតែប្រើ ជាមួយនឹងឆ្នាំងសាក កម្លាំង 1000 kW ថ្មី របស់ BYD ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ឡាន BYD Tang L ថ្មីនេះ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ $30,000 សម្រាប់ម៉ូដែល LiDAR Premium និង $32,000 សម្រាប់ម៉ូដែល LiDAR Flagship។ ពួកវាទាំង 2 ប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (RWD) មានកម្លាំង 671 HP និង កម្លាំងរមួល 420 NM ហើយសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 701 KM។
BYD Tang L ក៏នៅមានមួយជម្រើសទៀត គឺ LiDAR Flahship AWD ប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 មានកម្លាំង 778 HP អាចបើកបរបានចម្ងាយ 601 KM ហើយមានតម្លៃខ្ទង់ $38,000 សម្រាប់ទីផ្សារប្រទេសចិន។ ដោយឡែក ចំពោះ BYD Han L វិញ មានជម្រើសកម្លាំង 788 HP និង 1,100 HP ហើយអាចបើកបរបានចម្ងាយ 560 KM និង 670 KM នៅពេលសាកភ្លើងពេញម្តង៕