នៅទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានប្រកាសនូវម៉ាកយីហោរថយន្តថ្មីរបស់ខ្លួនមួយទៀតហើយនោះគឺ Shangjie ដែលនេះគឺជាការបណ្តាក់ទុនរួមគ្នាជាមួយនឹងក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិន SAIC Motor។ ក្រុមហ៊ុនទាំងពីរនេះបានចុះកិច្ចព្រមព្រៀងជាផ្លូវការទៅលើកិច្ចសហការនេះហើយ។ លោក Richard Yu ដែលជានាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ទើបតែប្រកាសនូវម៉ាកយីហោ Shangjie នៅក្នុងព្រឹត្តិការណ៍មួយ Huawei's HIMA (Harmony Intelligent Mobility Alliance)។
គាត់បានប្រកាសថា រថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួន ដែលប្រើប្រាស់នូវម៉ាកយីហោ Shangjie នេះនឹងបង្ហាញខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះនេះ។ ជាមួយនិងម៉ាកយីហោ Shangjie នឹងក្លាយជាឈ្មោះរថយន្តទី 5 នៅក្រោមឆត្ររបស់ក្រុមហ៊ុន HIMA ដែលកន្លងមក មានម៉ាកយីហោជាច្រើនទៀតដូចជា Aito របស់ក្រុមហ៊ុន Seres Group, Luxeed របស់ក្រុមហ៊ុនChery, Stelato របស់ក្រុមហ៊ុន BAIC Group និង Maextro របស់ក្រុមហ៊ុន JAC ។
លោក Jia Jianxu ដែលជាអគ្គនាយករបស់ក្រុមហ៊ុន SAIC បានបញ្ជាក់ថា រថយន្ត Shangjie គឺមានកិច្ចសហការជាមួយនឹងទឹកប្រាក់ដល់ទៅ 6 ពាន់លាន RMB ដែលប្រហែលជា €739 លានយូរ៉ូ ហើយវក៏មានក្រុមការងារច្រើនជាង 5000 នាក់ ដែលធ្វើការនៅលើម៉ាកយីហោរថយន្តថ្មីនេះផងដែរ។ លោក Jia បានបន្ថែមថា រថយន្ត Shangjie នឹងប្រើប្រាស់នូវខ្សែសង្វាក់ផលិតកម្រិតខ្ពស់បំផុតរបស់ក្រុមហ៊ុន SAIC ហើយនឹងដំណើរការផ្តាច់មុខនៅរោងចក្ររបស់ខ្លួនថែមទៀតផង។
តាមការបញ្ជាក់របសលោក Jia បានអោយដឹងទៀតថា រថយន្តម៉ាកយីហោ Shangjie នឹងផ្តោតទៅលើរូបរាងស្ទាយ៍ដ៏ប្រណិត បច្ចេកវិទ្យាកម្រិតខ្ពស់ និងបទពិសោធន៍នៃការបើកបរដ៏អស្ចារ្យសម្រាប់អតិថិជាច្រើនរបស់ខ្លួន។ ក្រុមហ៊ុន SAIC និង Huawei ក៏បានចុះកិច្ចព្រមព្រៀងដ៏ស៊ីជម្រៅមួយរួចមកហើយ កាលពីថ្ងៃទី 21 ខែកុម្ភៈនៅក្នុងទីក្រុងស៊ាងហៃ ដែលនេះ គឺជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SAIC។ កិច្ចសហការនេះ គឺផ្តោតទៅលើផ្នែកជាច្រើននៃដំណើរការនៅក្នុងការផលិតរថយន្តនេះដែលមានការឌីស្សញ និងបង្គុំទៅលើផ្នែកផ្សេងៗនៃរថយន្ត និងវិធីសាស្រ្តនៃការលក់ទៅលើរថយន្តនេះថែមទៀត រួមជាមួយនឹងការផ្តល់សេវាកម្មផងដែរ។
យ៉ាងណាមិញ ក្រុមហ៊ុនទាំងពីរនេះ នៅមិនទាន់បានទម្លាយព័ត៌មានលម្អិតអំពីរថយន្តម៉ូដែល Shangjieនេះទេ ប៉ុន្តែរបាយការណ៍ជាច្រើនបញ្ជាក់ថា រថយន្តនេះគឺផ្តោតទៅលើអតិថិជនជាយុវវ័យ។ របាយការណ៍ទាំងនេះ បានបញ្ជាក់ថា តម្លៃរបស់រថយន្តនេះប្រហែល RMB 150,000 (€18,400 យូរ៉ូ) ដែលនេះ គឺជាតម្លៃដ៏សមរម្យបំផុតសម្រាប់រថយន្តអគ្គិសនីនៅក្រោមឆ័ត្ររបស់ក្រុមហ៊ុន HIMA នោះ៕