រថយន្តប្រភេទ Plug-in-hybrid Van ដំបូងសម្រាប់ទីផ្សារអូស្រ្តាលីពីក្រុមហ៊ុនផលិតរថយន្តសហរដ្ឋអាមេរិក Ford ត្រៀមចេញលក់នៅក្នុងទីផ្សារប្រទេសអូស្រ្តាលីឆាប់ៗនេះ បន្ទាប់ពីការបង្ហាញវត្តមាននៅក្នុង Showroom ក្នុងប្រទេសនេះកាលពីអំឡុងខែ តុលា ឆ្នាំទៅមិញ។
រថយន្តប្រភេទដឹងទំនិញខ្នាតតូច ឬហៅថា Van ស៊េរីឆ្នាំ 2025 របស់ Ford មានចំនួនពីរស៊េរី គឺ Ford Transit Custom PHEV និង Ford E-Transit Custom EV។ ដោយតម្លៃរបស់ម៉ូដែល Ford Transit Custom PHEV គឺខ្ទង់ $67,590 ថ្លៃជាងម៉ូដែលប្រើម៉ាស៊ីនម៉ាសូតប្រមាណ $10,000 រីម៉ូដែល Ford E-Transit Custom EV មានតម្លៃខ្ទង់ $77,590 (តម្លៃមិនទាន់គិតពន្ធ)។
ឡាន Van ស៊េរីថ្មីទាំងពីម៉ូដែលរបស់ Ford នេះ ក៏មានមានជម្រើសម៉ូដែល long-wheelbase Trend និងshort-wheelbase Sport ផងដែរ។ ដោយម៉ូដែល Short-wheelbase Sport PHEV មានតម្លៃខ្ទង់ $69,990 ខណៈម៉ូដែល Short-wheelbase Sport EV មានតម្លៃខ្ទង់ $79,990។
Ford Transit Custom PHEV បំពាក់នូវប្រព័ន្ធ Powertrain ដូចគ្នានឹងម៉ូដែល Ford Escape PHEV ដែលបានចេញលក់នៅក្នុងទីផ្សារអូស្ត្រាលីកាលពីឆ្នាំ 2023។ ដោយម៉ូដែលនេះដំណើរនៅលើប្រព័ន្ធម៉ាស៊ីន 2.5-liter 4-cylinder petrol engine ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីមួយដែលមានកំលាំងសរុប 171kW និងដំណើរការដោយប្រព័ន្ធប្រអប់លេខ CVT ស្វ័យប្រវត្តិ 8 វគ្គ ដូចគ្នានឹងម៉ូដែល Transit Custom ដែលប្រើម៉ាស៊ីន 2.0-litre turbo-diesel និងដំណើរដោយប្រព័ន្ធ Front-wheel-drive។ Transit Custom PHEV 2025 ប្រើកញ្ចប់ថ្មទំហំ 11.8kWh ដែលសាកភ្លើងមួយពេញជិះដោយប្រើថាមពលថ្មសុទ្ធបានចម្ងាយ 54km ហើយនិងមានកម្រិតស៊ីប្រេងត្រឹម 1.7L/100km។
ចំនែកម៉ូដែល Ford E-Transit EV 2025 វិញ ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីខាងក្រោយមួយមានកំលាំង 160kW និងកំលាំង 415Nm ហើយក៏ Transit Custom ម៉ូដែលដំបូងគេដែលដំណើរការដោយប្រព័ន្ធ rear-wheel-drive។ ម៉ូដែល EV នេះ បំពាក់កញ្ចប់ថ្មទំហំ 64kWh ដែលសាកភ្លើងពេញម្តងជិះបានចម្ងាយ 301km។ សម្រាប់ការសាកភ្លើងចូលវិញ E-Transit EV 2025 គាំទ្រនូវប្រព័ន្ធសាកភ្លើង DC កំលាំង 125kW ដែលសាកពី 15 ដល់ 80% ចាយពេលប្រមាណ 32 នាទី។ ហើយបើតាមការបញ្ជាក់ពី Ford ការសាកភ្លើងពី 0-100% ចាយពេលប្រមាណ 6.7 ម៉ោង នៅពេលសាកជាមួយប្រព័ន្ធភ្លង AC កំលាំង 11kW នៅតាមផ្ទះ។ សម្រាប់ម៉ូដែល EV មានលក្ខណៈពិសេសលើសពីម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត និង PHEV ដោយសារវាបានបន្ថែមនូវមុខងារ vapour-injected heat pump, មុខងារ one-pedal driving mode, Sport drive mode និងមានការរចនាផ្នែកខាងមុខបិទជិត ឬ Closed-off grille design។
Ford Transit Series 2025 ប្រើប្រាស់យ៉ាន់កង់ទំហំ 16-inch។ រថយន្ត Van ស៊េរីថ្មីនេះ អាចផ្ទុកទំងន់សរុបបានចន្លោះពី 1,206kg ទៅ 1,255kg សម្រាប់ម៉ូដែល PHEV និង 1,111kg ដល់ 1,187kg សម្រាប់ម៉ូដែល EV ហើយទាំងពីរម៉ូដែលអាចអូសសណ្តោងទំងន់បាន 2.3 តោន តិចជាងម៉ូដែលប្រើម៉ាស៊ីន Diesel ដែលអូសបានទំងន់ 2.5 តោន។ ក្រុមហ៊ុន Ford Australia បានបើកទទួលការកក់មុនសម្រាប់ 2025 Ford Transit Custom PHEV និង Ford E-Transit Custom EV ខណៈការនាំចេញទៅកាន់ដៃអតិជនត្រូវបានគេរំពឹងថានៅធ្វើឡើងរវាងខែកក្តដា និងខែកញ្ញា ឆ្នាំ 2025៕
តម្លៃរបស់ 2025 Ford Transit Custom PHEV និង Ford E-Transit Custom EV ក្នុងទីផ្សារអូស្ត្រាលី
•Transit Custom PHEV Trend LWB FWD មានតម្លៃខ្ទង់ $67,590
•Transit Custom PHEV Sport SWB FWD មានតម្លៃខ្ទង់ $69,990
•E-Transit Custom EV Trend LWB RWD មានតម្លៃខ្ទង់ $77,590
•E-Transit Custom EV Sport SWB RWDមានតម្លៃខ្ទង់ $79,990