
បច្ចុប្បន្ន BYD Shark 6 ute ដែលចេញលក់នៅទីផ្សារអូស្ត្រាលី គឺប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid 1.5-liter ប៉ុន្តែ នៅពេលនេះ BYD Australia បានបង្ហាញចេញម៉ូដែលថ្មីដែលបំពាក់ម៉ាស៊ីនធំជាងមុនឡើងដល់ 2.0-liter នឹងមានសមត្ថភាពខ្លាំង ជាមួយនឹងលទ្ធភាពអាចអូសសណ្តោងទំងន់បានដល់ 3,500kg។ Shark 6 ute 2026 ម៉ូដែលថ្មីនេះ ត្រូវបានគេរំពឹងថា នឹងចេញលក់នៅអូស្ត្រាលីនាចុងឆ្នាំ 2026 នេះ។
BYD Shark 6 ute ស៊េរីឆ្នាំ 2026 ដែលប្រើម៉ាស៊ីនធំជាងមុននេះ គឺជាការកែប្រែថ្មីរបស់ BYD ដើម្បីបំពេញតម្រូវការអតិថិជនដែលទន្ទឹងរងចាំវត្តមានរបស់ឡាន Plug-in-hybrid Pick up បំពាក់ម៉ាស៊ីនធំពីក្រុមហ៊ុន BYD។ បច្ចុប្បន្ននេះ Shark 6 ute ដែលកំពុងមានវត្តមាននៅទីផ្សារអូស្ត្រាលី គឺបំពាក់ម៉ាស៊ីន Plug-in-hybrid ទំហំ 1.5-liter turbocharged four-cylinder ដែលអាចផលិតកម្លាំង 135kW ជាមួយប្រព័ន្ធរង្វិលជុំ 5,400rpm។ ដោយឡែកសម្រាប់ម៉ូដែល Shark 6 ute 2026 បំពាក់ម៉ាស៊ីន 2.0-liter ថ្មីនេះ គឺអាចផលិតកម្លាំងបាន 180kW និង 5,000rpm។

ជាមួយគ្នានេះ BYD ក៏បានធ្វើបច្ចុប្បន្នភាពម៉ូទ័រអគ្គិសនីខាងមុខពីកម្លាំង 170kWh នៅលើម៉ូដែលបច្ចុប្បន្ន ឡើងទៅ 200kW នៅលើម៉ូដែលថ្មី (2.0-liter) ខណៈម៉ូទ័រខាងក្រោយវិញ គឺរក្សាកម្លាំង 150Kw ដដែល បើសរុបកម្លាំងដែល Shark 6 ute 2026 ថ្មីអាចធ្វើបាន គឺដល់ 345kW ខ្លាំងជាងមុនដែលធ្វើបាន 321kW។

BYD Shark 6 ute 2026 ម៉ូដែលថ្មីម៉ាស៊ីន 2.0-liter មានសមត្ថភាពខ្លាំងជាងមុនដោយអាចធ្វើការអូសសណ្តោងទំងន់បានដល់ 3,500kg ធៀបនឹង Shark 6 បច្ចុប្បន្នដែលអាចធ្វើបានត្រឹម 2,500kg។ ទោះបីជាប្រើម៉ាស៊ីនធំជាងមុន ប៉ុន្តែ សម្រាប់ទំហំវិមាត្ររបស់ Shark 6 ute 2026 ថ្មី គឺដូចគ្នានឹងម៉ូដែលបច្ចុប្បន្នដដែល ដោយមានតួរខ្លួនប្រវែង 5,457mm/ ទទឹង 1,971mm និងកម្ពស់ 1925mm ជាមួយយ៉ាន់កង់ទំហំ 18-inch និងសម្បកខ្នាត 265/65៕





