
អីចឹងនេះគឺជាឡានអគ្គិសនី Kia EV2 ស៊េរីថ្មី ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារបរទេស ជាប្រភេទ SUV អគ្គិសនីតម្លៃសមរម្យ អាចចាប់ពីខ្ទង់ $26,000 ប៉ុណ្ណោះ នៅពេលចេញលក់ជាផ្លូវការ។ Kia EV2 ថ្មីនេះ ផ្តល់ជម្រើសអាគុយចំនួន 2 ដោយជម្រើសទី 1 មានថ្មទំហំ 42.2 kWh ប្រើម៉ូទ័រអគ្គិសនី 1 មានកម្លាំង 145 HP អាចបើកបរបានចម្ងាយ 320 KM និងជម្រើសទី 2 មានថ្មទំហំ 61 kWh អាចបើកបរបានចម្ងាយ 450 KM នៅពេលសាកភ្លើងពេញម្តង។
នៅលើរថយន្ត Kia EV2 ថ្មីនេះ ក៏មានការគាំទ្រជាមួយការសាកភ្លើងល្បឿនលឿន ផងដែរ ដោយសាកថាមពលពី 20%-80% ចំណាយពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។ ឡាន Kia EV2 បំពាក់យ៉ាន់កង់ទំហំ 16 អ៊ីង ដល់ 19 អ៊ីង អាស្រ័យទៅតាម Option ដែលជ្រើសរើស ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ 2.56m ប៉ុន្តែផ្តល់ឲ្យនូវកាប៊ីនខាងក្នុងធំទូលាយ ជាមួយនឹងជម្រើសកៅអីអង្គុយ ចំនួន 4 និង 5 អាចរំកិលទៅមុខថយក្រោយបាន កាន់តែផ្តល់ភាពងាយស្រួល នៅក្នុងការប្រើប្រាស់ ហើយថែមទាំងអាចផ្ទុកអីវាន់បានចំណុះដល់ 403 លីត្រ ទៀតផង។

បើនិយាយពី Option វិញ គឺពិតជាទំនើប និងសម្បូរច្រើន ដោយវាបានបំពាក់អេក្រង់ចំនួន 3 ផ្ទាំងដោយក្នុងនោះរួមមាន កុងទ័រឌីជីថល,អេក្រង់កម្សាន្តផ្នែកកណ្តាល និង អេក្រង់បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ ផងដែរ។ បន្ថែមពីនេះ វាប្រើសោរប្រភេទឌីជីថល, មានមុខងារបញ្ជាចូលចតពីចម្ងាយ, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ និង មុខងារ ADAS ជាច្រើន ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ឡាន Kia EV2 នេះ ត្រូវបានផលិតឡើងសម្រាប់ទីផ្សារអឺរ៉ុបប៉ុណ្ណោះ ហើយត្រូវបានគេប៉ាន់ស្មានថា នឹងក្លាយជាម៉ូដែលលក់ដាច់បំផុតមួយ ក្នុងចំណោមម៉ូដែលឡានអគ្គិសនីរបស់ Kia៕






