ក្រុមហ៊ុន Apple បានប្រកាសចេញម៉ាស៊ីនកុំព្យូទ័រ MacBook Pro 2020 ដែលប្រើប្រាស់ឈីបខួរក្បាលម៉ាស៊ីនដំបូងរបស់ខ្លួនស៊េរី M1 Processor កាលពីថ្ងៃទី 13 ខែវិច្ឆិកាសប្តាហ៍មុននេះ។ ហើយឥលូវនេះម៉ាស៊ីន M1 MacBook Pro ជំនាន់ថ្មី 2020 នេះគឺបានធ្លាក់ទៅដល់ដៃអតិជនដំបូងម្នាក់រួចរាល់ហើយដែរ។ ហើយអតិថិនជនដំបូងរបស់ MacBook Pro ជំនាន់ថ្មីនេះគឺទទួលបាននូវម៉ាស៊ីន MacBook ដែលមានអង្គ CPU 8-Core, អង្គ GPU 8-Core, រ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 512GB។ ក្រោយទទួលបានម៉ាស៊ីន MacBook ជំនាន់ថ្មីភ្លាមអតិថិជនរូបនោះក៏បានធ្វើការតេស្តសាកល្បងកំលាំងម៉ាស៊ីនរបស់វាភ្លាតតែម្តង់ជាមួយនឹងកម្មវិធី Cinabench Benchmark។
បើតាមរយះរូបភាពមួយសន្លឹកដែលបានបង្ហោះនៅលើគណនីធ្វីស្ទ័រឈ្មោះថា @mnloona48_ បានបង្ហាញថាសមត្ថភាព Multi-core CPU របស់ឈីប Apple M1 គឺទទួលបានពិន្ទុខ្ទង់ 7,508 និង Single-Core CPU ទទួលបានពិន្ទុខ្ទង់ 1,498 ពីកម្មវិធីតេស្ត Cinebench R23។ ដែលពិន្ទុរបស់ឈីប Apple M1 របស់ MacBook Pro 2020 ទទួលបាននេះគឺប្រហាក់ប្រហែលគ្នាជាមួយនឹងឈីប Intel ជំនាន់ទី 11 ដែរ។ បើធ្វើការប្រៀបធៀបជាមួយម៉ាស៊ីន MacBook Pro ជំនាន់មុនដូចជា MacBook Pro 16” 2019 ប្រើឈីប Intel-Core i9 2.3GHz គឺមានពិន្ទុខ្ទង់ 8,818 នៅលើ Multi-Core CPU រីឯ MacBook Pro 16” 2019 ស៊េរីទាបប្រើ CPU ល្បឿន 2.6GHz វិញគឺមានពិន្ទុខ្ទង់ 6,912 នៅលើ Multi-Core CPU និងពិន្ទុ 1,113 នៅលើ Single-Core CPU។
ម៉ាស៊ីន MacBook Pro ជំនាន់ថ្មីដែលប្រើឈីប Apple M1 គឺចេញមកជំនួយដំណែង MacBook Pro ដែលមានតម្លៃធូរថ្លៃដែលចេញកាលពីឆ្នាំមុន ដូចនេះកំលាំងម៉ាស៊ីនវាគឺនៅមានកម្រិតមិនខ្លាំងជាង MacBook Pro ជំនាន់មុនដែលប្រើឈីប Intel នោះទេ ប៉ុន្តែសម្រាប់ម៉ូដែល MacBook Air ជំនាន់ថ្មីដែលចេញដំណាលគ្នា និងប្រើប្រាស់ឈីប Apple M1 ដូចគ្នាគឺមានសមត្ថភាពប្រើការខ្លាំងជាងម៉ូដែល Pro។
ទោះជាយ៉ាងក្រុមហ៊ុន Apple ពិតជាមានផែនការក្នុងការផលិតចេញនូវម៉ាស៊ីន MacBook Pro ដែលមានសមត្ថភាពខ្ពស់ជាមួយការប្រើបន្ទះឈីប Apple Silicon ផ្ទាល់ខ្លួន ប៉ុន្តែក្រុមហ៊ុនបាននិយាយថាវានឹងត្រូវការរយះពេលប្រហែលពីរឆ្នាំទៀតដើម្បីផ្លាស់ប្តូរត្រកូល MacBook Pro ទាំងអស់ទៅប្រើបន្ទះឈីបដែលពឹងផ្អែកទៅលើបច្ចេកវិទ្យា ARM នេះ។ ដូច្នេះសម្រាប់អនាគតម៉ាស៊ីន MacBook Pro ត្រូវបានគេរំពឹងថានឹងទទួលបានការបង្កើនកំលាំងប្រើការខ្លាំងជាមួយបន្ទះឈីប Apple M-Series ជំនាន់ថ្មីដែលមានសមត្ថភាពខ្លាំងជាងបច្ចុប្បន្ន៕