មួយរយៈនេះ មានពាក្យចចាមអារ៉ាម និងការបែកធ្លាយជាច្រើនអំពីស្មាតហ្វូន Samsung Galaxy S23 series ហើយនៅក្នុងការបែកធ្លាយចុងក្រោយបំផុតនេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានសមត្ថភាពដ៏ខ្លាំងក្លាជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 8 Gen 2។ តាមការបញ្ជាក់របស់អ្នកប្រើប្រាស់នៅលើ Twitter ដែលមានឈ្មោះហៅថា “@AhmedQwaider888” បានអោយដឹងថា ស្មាតហ្វូន Galaxy S23 series នឹងមានល្បឿនកើនឡើងជាងមុន 36% ក្រាហ្វិកលឿនជាងមុន 48% និង AI លឿនជាងមុន 60% ។
ដូចអ្វីដែលបានលើកឡើងនោះ ស្មាតហ្វូន Samsung Galaxy S23 series នេះនឹងមានបន្ទះឈីប Snapdragon 8 Gen 2 និង overclocked version 3.3GHz Cortex-X3 core និង 2.8GHz Cortex-A715 និង Cortex-A710 performance cores។ ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់ដោយដំណើរការនូវបច្ចេកវិទ្យា 4nm របស់ក្រុមហ៊ុន TSMC ហើយវាក៏មានដំណោះស្រាយត្រជាក់ដើម្បីបង្កើនទៅលើល្បឿនផងដែរ។
ស្មាតហ្វូន Samsung Galaxy S23 Ultra នេះ នឹងមានកាមេរ៉ាគោល 200MP ជាមួយនឹង Samsung ISOCELL sensor និងអេក្រង់ 6.8-អ៊ីង Dynamic AMOLED ជាមួយនឹង refresh rate 1-120 Hz និងពន្លឺដល់ទៅ 2,000 nits។ ស្មាតហ្វូននេះមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB, 512GB និង 1TB ។ ស្មាតហ្វូន Samsung Galaxy S23 និង Galaxy S23 Plus នឹងមានថាមពលថ្មទំហំ 3,900mAh និង 4,700mAh ។ តម្លៃ និងកាលបរិច្ឆេទផ្លូវការនៃការបង្ហាញនូវស្មាតហ្វូន Galaxy S23 series នៅមិនទាន់ទម្លាយនៅឡើយទេ ប៉ុន្តែវានឹងបង្ហាញខ្លួននៅដើមឆ្នាំ 2023 នេះ៕