ច្បាស់ៗហើយ iPhone 15 Series ទាំងអស់គឺប្រើរន្ធ USB-C ជំនួសឲ្យ Lightning Connector

យើងដឹងហើយថា ទូរស័ព្ទ iPhone គឺជាស្មាតហ្វូនឯកបគ្សមិនចូលបគ្សសម្ព័ន្ធអស់ជាង 10 ឆ្នាំមកហើយ គិតត្រឹម iPhone 14 Series បច្ចុប្បន្ននេះ គឺមានន័យថា គ្រប់ទូរស័ព្ទ iPhones គឺប្រើរន្ធសាកភ្លើង និងចម្លងទិន្នន័យជាប្រភេទ Lightning Connector ដែលផលិតដោយ Apple ផ្ទាល់តែម្តង មិនប្រើរន្ធ USB ដូចស្មាតហ្វូនក្រុមហ៊ុនដទៃឡើយ។ យ៉ាងណាមិញរឿងរស៊ើបសម្រាប់ឆ្នាំនេះវិញ គឺថា សភាពាណិជ្ជកម្មអឺរ៉ុបបានចែងច្បាប់ថ្មីមួយដែលតម្រូវឲ្យគ្រប់ក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់ត្រូវប្រើរន្ធ USB-C ជាស្តង់ដារតែមួយដើម្បីរក្សាទីផ្សារប្រគូតប្រជែងឲ្យមានតម្លាភាពក្នុងនោះ Apple ក៏ត្រូវតែគោរពតាមច្បាប់ថ្មីនេះផងដែរ ព្រោះថាច្បាប់ថ្មីនេះបានប្រកាសអនុម័តឲ្យអនុវត្តន៍ចាប់ពីចុងឆ្នាំនេះទៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកសម្រាប់ iPhone ដំបូងដែលត្រូវកែប្រែប្រវត្តិសាស្ត្រផ្លាស់ប្តូររន្ធគូដថ្មីនេះ ត្រូវបានគេដឹងថាជា iPhone 15 Series ដែលចេញនៅក្នុងខែកញ្ញា ឆ្នាំនេះ។ ហើយអ្វីដែលកាន់តែច្បាស់ក្នុងពេលនេះ គឺថាមានវីដេអូបង្ហាញពីគំរូរបស់ iPhone 15 Series ដែលបង្ហាញច្បាស់ពីការប្រើប្រាស់រន្ធ USB-C ទាំងបួនម៉ូដែលតែម្តង។ ហើយបើយើងពិនិត្យទៅលើគំរូនៃការរចនារបស់ iPhone 15 Series គឺមិនមានអ្វីខុសគ្នាពី iPhone 14 Series បច្ចុប្បន្ននោះទេ។ សម្រាប់រន្ធ USB-C ដែលត្រូវប្រើនៅលើ iPhone 15 Series គឺមានការបែងចែកខុសពីគ្នារវាងម៉ូដែលធម្មតា និងម៉ូដែល Pro។ 

 

បើតាមប្រភពរបាយការណ៍កន្លងមកបាននិយាយថា iPhone 15 និង iPhone 15 Max នឹងប្រើរន្ធ USB-C ដែលមានល្បឿនចម្លងទិន្នន័យប្រហាក់ប្រហែលគ្នានឹង Lightning Connector នៅលើ iPhone 14 Pro Series ដែរ ប៉ុន្តែ នៅលើម៉ូដែល iPhone 15 Pro  និង 15 Pro Max គឺនិងប្រើ USB-C ដែលមានល្បឿនលឿនព្រមទាំងគាំទ្រមុខងារ Thunderbolt ថែមទៀតផងដែលមានន័យថា iPhone 15 Pro Series នឹងអាចប្រើខ្សែសាករបស់ MacBook និង iPads បាន។ ទាក់ទងនឹងខ្សែ USB-C វិញ ត្រូវបានគេដឹងថា Apple នឹងធ្វើការលើមុខងារ Encryption ដើម្បីរារាំងខ្សែសាក USB-C ដែលគ្មានគុណភាព និងមិនមានការទទួលស្គាល់ផ្លូវការណ៍ពី Apple ផ្ទាល់ ដែលមានន័យថា ខ្សែ USB-C ដែលអាចដោតសាក iPhone 15 Series បានលុះត្រាតែមានការទទួលស្គាល់ផ្លូវការណ៍ពី Apple។

 

iPhone 15 Pro និង iPhone 15 Pro Max ត្រូវបានគេដឹងថានឹងមានស៊ុមជុំវិញផលិតឡើងពីសារធាតុលោហៈ Titanium Frame ជំនួសឲ្យ Stainless Steel Frame  និងដំណើរការដោយបន្ទះឈីបជំនាន់ថ្មី A17 Bionic ខ្នាត 4nm ព្រមទាំងមានទំហំរ៉េមឡើងដល់ 8GB។ ហើយសម្រាប់ iPhone 15 ទាំងអស់នឹងទទួលបានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ Dynamic Island ដូចគ្នាទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម