យោងតាមអ្នកទម្លាយ BenIt Bruhner Pro ដែលបង្ហោះសារនៅលើបណ្តាញ X នៅថ្ងៃនេះ គឺបានបង្ហាញពីមុខងារ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នេះថែមទៀតហើយ។ បើតាមការទម្លាយនៅពេលនេះ បានបង្ហាញថា Samsung Galaxy S25 Ultra នឹងមានអេក្រង់ទំហំ 6.9-អ៊ីង AMOLED 2x display មានកម្រិតពន្លឺ 3000nits ធំជាងម៉ូដែល Galaxy S24 Ultra មានអេក្រង់ត្រឹមតែ 6.8-អ៊ីងនិងមានកម្រិតត្រឹម 2,600nits។ សម្រាប់កម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូន ជំនាន់ថ្មី Samsung Galaxy S25 Ultra គឺនឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 4 SoC។
អ្នកទម្លាយរូបនេះបានបន្តថា កំពូលស្មាតហ្វូន Galaxy S25 Ultra គឺនឹងនៅតែបន្តប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 200MP និង 50MP ultrawide lens ដដែល ប៉ុន្តែសម្រាប់គ្រាប់ទីបីអាចនឹងមានការពង្រីកដល់ទំហំ 50MP Telephoto lens និងមានសមត្ថភាពអាចហ៊្សូមបាន 3x optical zoom ទៀតផង។ ចំពោះគ្រាប់ទីបួនដែលជាគ្រាប់ចុងក្រោយនោះ គឺអាចនឹងមានទំហំ 50MP telephoto sensor មានសមត្ថភាពអាចហ៊្សូម 5x optical zoom។ បើយើងប្រៀបធៀបជាមួយនិងម៉ូដែលមុន Galaxy គឺប្រើប្រាស់ប្រព័ន្ធកាមេរ៉ាបួនគ្រាប់ នឹងមានទំហំបែបនេះ គឺ 200MP+50MP+10MP+12MP។
នៅលើស្មាតហ្វូន Galaxy S25 Ultra គឺនឹងមានការបំពាក់នូវរ៉េមទំហំ 12GB និងទំហំ 16GB ហើយនិងការប្រើប្រាស់នូវ អង្គចងចាំដែលមានទំហំចាប់ពី 256GB, 512GB, និង 1TB។ បើសិនជាក្រឡេកទៅលើមើលស្មាតហ្វូនជំនាន់មុន Galaxy S24 Ultra វិញ គឺមានរ៉េមត្រឹមតែ 12GB ប៉ុណ្ណោះ ប៉ុន្តែមានអង្គចងចាំទំហំដូចគ្នា។ Samsung Galaxy S25 Ultra នឹងដំណើរការនៅលើ Android 15 ផ្អែកជាមួយស្បែកមុខកម្មវិធី One UI 7.1 ដែលមានការទ្រទ្រង់ជាមួយនិង AI integration ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ ក៏ត្រូវបានគេទម្លាយថា នឹងអាចអាប់ដែត 7 ទៅលើកម្មវិធី និងប្រព័ន្ធសុវត្ថិភាព។
Galaxy S25 Ultra អាចនឹងមានថ្មចន្លោះពីទំហំ 5,000mAh ទៅ 5,500mAh និងមានកម្លាំងសាក 65W wired fast charging ហើយក៏អាចនឹងមានបច្ចេកវិទ្យាសាក 25W wireless charging រួមនិង reverse wireless charging features ផងដែរ។ សូមជំរាបថា គិតមកទល់នឹងពេលនេះ សម្រាប់ការបង្ហាញវត្តមានរបស់ Samsung Galaxy S25 Ultra គឺនៅសល់ពេលជាច្រើនទៀត ដូច្នេះយើងនឹងទទួលបាននូវព័ត៌មានថ្មីៗបន្ថែមទៀតពីស្មាតហ្វូននេះទំរាំដល់ពលេនៃការប្រកាសចេញផ្លូវការ។
ទាក់ទងជាមួយនិងព័ត៌មាននេះ អ្នកទម្លាយថា Samsung Galaxy S25 Ultra នេះ បានបង្ហាញវត្តមាននៅលើបញ្ជីរបស់ IMEI ដោយថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺស្ថិតនៅក្នុងដំណើរការថែមទៀតផង។ នៅលើបញ្ជីនេះ បង្ហាញថា ស្មាតហ្វូននេះ ពីលេខកូដអក្សរ “U”។ ម៉ូដែលនេះ ត្រូវបានគេជឿជាក់ថា គឺស្មាតហ្វូន Galaxy S25 Ultra ដែលនឹងដាក់លក់នៅលើទីផ្សារអាមេរិក ជាមួយនិងទីផ្សារមួយចំនួនទៀត។ ប៉ុន្តែក្នុងបញ្ជីនេះ គឺនៅមិនទាន់មានការបញ្ជាក់ពីមុខងារសំខាន់ៗដែលនឹងមានការបំពាក់នៅលើស្មាតហ្វូន Samsung Galaxy S25 Ultra នេះនៅឡើយទេ។