ថ្មីៗនេះ ក្រុមហ៊ុន Huawei និង Chery បានប្រកាសចេញជាផ្លូវការទៅលើរថយន្តស៊េរីថ្មីម៉ូឌែល Luxeed R7 Extended Range Electric Vehicle (EREV) នៅក្នុងប្រទេសចិន ដែលរថយន្តអគ្គិសនី EV នេះ មាន 2 ម៉ូដែល គឺមានប្រភេទ Max និង Ultra នឹងមានតម្លៃ 299,800 យ៉ន់ ($41,250) និង 319,800 យ៉ន់ ($43,700) ។ សូមជំរាបថា ដំណើរការប្រតិបត្តិរបស់ក្រុមហ៊ុនទាំងពីរនេះ គឺស្ថិតនៅក្រោមឆ័ត្ររបស់ក្រុមហ៊ុនធំ Harmony Intelligent Mobility Alliance (HIMA)។
Luxeed R7 គឺជារថយន្ត SUV ដែលមានប្រវែង 5 ម៉ែត្រ ដែលមានការឌីស្សាញរូបរាងស្អាត និងមានទាន់សម័យ ហើយនិងមានដំបូល Panoramic និងមានភ្លើង LED Light Bars ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ។ រថយន្តនេះ មានចំនួន 8 ពណ៌ផ្សេងគ្នាសម្រាប់ធ្វើការជ្រើសរើសដែលក្នុងនោះ ក៏មានពណ៌ថ្មី Tourmaline Blue ផងដែរ។ បើមើលទៅលើផ្នែកខាងក្នុងនៃរថយន្តនេះមានទំហំដល់ទៅ 2130L សម្រាប់ផ្នែកខាងក្រោយនៅពេលដែលបត់កៅអី។ បន្ថែមពីនេះ សម្រាប់ផ្នែក Cabin នៃរថយន្តនេះ ក៏បំពាក់នូវកៅអីប្រភេទ zero-gravity co-pilot ដែលអាចធ្វើការបានដល់ទៅ 18 មុខងារដូចជាការសម្រាកជើង កំដៅ និងម៉ាស្សាថេមទៀតផង។
សម្រាប់ការកម្សាន្តវិញនោះ រថយន្តស៊េរីថ្មីនេះមានបំពាក់នូវ Speaker ចំនូន 17 គ្រាប់ គាំទ្រដោយប្រព័ន្ធសម្លេង 1000W Huawei audio system ដែលផ្តល់នូវសម្លេងពិរោះបំផុត។ រថយន្តនេះ មានការប្រើប្រាស់នូវម៉ាស៊ីនសាំងចំណុះ 1.5L four-cylinder និងមានអាគុយទំហំ 53.4kWh LFP របស់ក្រុមហ៊ុន CATL។ សម្រាប់ប្រព័ន្ធសាកថ្មវិញ គឺដំណើរការនូវ Jujing 400V platform របស់ក្រុមហ៊ុន Huawei ដែលអាចធ្វើការសាកថ្មបានពី 20% ទៅ 80% នៅក្នុងពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។ ក្រឡេកមករថយន្ត Max(rear-wheel drive) អាចធ្វើដំណើរបានដល់ទៅ 1,673km ដែលអាចនឹងប្រជែងបានជាមួយនឹងរថយន្ត Model Y របស់ក្រុមហ៊ុន Tesla និង ES8 របស់ក្រុមហ៊ុន NIO ផងដែរ។
បើនិយាយអំពីកម្លាំងនៅលើរថយន្ត SUV នេះ គឺអាចធ្វើការដំណើរការពី 0 ទៅ 100km/h នៅក្នុងពេលត្រឹមតែ 7.4 វិនាទី។ សម្រាប់រថយន្តម៉ូដែល Ultra trim all-wheel drive និងមានបំពាក់នូវ dual motors ដែលមានកម្លាំងដល់ទៅ 510 សេះ ដែលអាចធ្វើការបង្កើនល្បឿនដល់ទៅ 100km/h នៅក្នុងពេល 4.9 វិនាទី ប៉ុន្តែវាធ្វើដំណើរបានចម្ងាយត្រឹមតែ 1,551km តែប៉ុណ្នោះ។
រថយន្ត R7 នេះ ក៏បំពាក់នូវប្រព័ន្ធ Qiankun ADS 3.0 System ជាមួយនឹង 192-line LiDAR, 3 Millimeter-wave radars, 12 ultrasonic sensors និងកាមេរ៉ាចំនួន 11 គ្រាប់ផងដែរ។ រថយន្តនេះទ្រទ្រង់ទៅលើប្រព័ន្ធ NOA navigation សម្រាប់ទីក្រុង និងផ្លូវហាយវេ ហើយក៏អាចចតដោយខ្លួនឯងបានថែមទៀតផង។ សម្រាប់ Dashboard នៅក្នុងរថយន្តនេះបំពាក់នូវ HarmonyOS 4 ដំណើរការនៅលើអេក្រង់ទំហំ 15.6-អ៊ីង Central touchscreen និង 12.3-អ៊ីង digital gauge cluster ហើយវាក៏ទ្រទ្រង់ទៅលើមុខងារ OTA ផងដែរ៕