Apple បានប្រើប្រាស់រន្ធសាកថ្ម និងចម្លងទិន្នន័យស្តង់ដារ USB-C លើដំបូងបំផុតនៅលើ iPhone 15 Series ដែលបានប្រកាសចេញកាលពីថ្ងៃទី 12 កញ្ញា កន្លងទៅ។ ហើយនៅពេលនេះ iPhone 15 Series បានទៅដល់ដៃរបស់អ្នកប្រើប្រាស់នៅលើបណ្តាប្រទេសជាច្រើននៅទូទាំងពិភពលោក ហើយក៏មានលេចចេញនៅរបាយការណ៍ជាច្រើនទាក់ទងនឹងសមត្ថភាព និងបច្ចេកវិទ្យាថ្មីៗនៅលើ iPhone ជំនាន់ថ្មីឆ្នាំ 2023 នេះជាហូរហែរដែលមានទាំងដំណឹងមិនល្អ និងដំណឹងល្អ។
ដោយមួយរយះពេលនេះលេចលឺដំណឹងថា iPhone 15 Pro និង 15 Pro Max មានបញ្ហាឡើងកំដៅខ្លាំងខុសពីធម្មតា ដោយប្រភពខ្លះបានបញ្ជាក់ថាបណ្តាលមកពីបន្ទះឈីបថ្មី A17 Pro 3nm ហើយប្រភពខ្លះបានបញ្ជាក់ថា អាចបណ្តាលមកពីការកាត់បន្ថយកម្រាស់ និងទំងន់ក៏ដូចជាការប្រើប្រាស់ស៊ុមប្រភេទថ្មី Titanium Frame ជំនួស Stainless Steel Frame ជាដើម។ ប៉ុន្តែ បញ្ហានេះមិនទាន់មានការបញ្ជាក់ពី Apple នោះឡើយទេ ដោយក្រុមហ៊ុនកំពុងធ្វើការតាមដានលើបញ្ហានេះយ៉ាងយកចិត្តទុកដាក់បំផុត។
ដោយឡែកបើនិយាយពីរន្ធសាកថ្មថ្មី USB-C របស់ iPhone 15 Series វិញ ក៏ជាផលរំខានអារម្មណ៍ដល់អ្នកប្រើប្រាស់បន្តិចផងដែរ ព្រោះថា ចាប់តាំងពីមុនពេលប្រកាសចេញផ្លូវការណ៍ និងក្រោយប្រកាសចេញផ្លូវការណ៍ មានប្រភពជាច្រើនបានបញ្ជាក់ថា រន្ធ USB-C នៅលើ iPhone 15 Series គឺនឹងមិនគាំទ្រការសាកភ្លើងជាមួយខ្សែ USB-C ឬផលិតផលឆ្នាំងសាកដែលគ្មានការបញ្ជាក់ស្តង់ដារ ឬមានការទទួលស្គាល់ពី Apple ឡើយ។ ជាការពិតណាស់ ក្នុងពេលនេះមានរបាយការណ៍ពីអ្នកប្រើប្រាស់ iPhone 15 បានបញ្ជាក់ថា រន្ធសាកភ្លើង USB-C នៅលើ iPhone ជំនាន់ថ្មីនេះ គឺមិនគាំទ្រការសាកភ្លើងចេញពីរន្ធ USB-C នៅលើឧបករណ៍ Power Bank មួយចំនួនឡើយ។
បើតាមសេចក្តីរាយការណ៍ពីអ្នកប្រើប្រាស់ម្នាក់បានបញ្ជាក់ថា iPhone 15 មិនដំណើរការសាកថ្មចេញពីរន្ធ USB-C របស់ឧបករណ៍ Anker PowerCore Slim 10K PD ហើយអ្នកប្រើប្រាស់នោះ បានធ្វើការទំនាក់ទំនងទៅក្រុមហ៊ុន Anker ដោយខាងក្រុមហ៊ុនបានបញ្ជាក់ថា មានតែការសាកភ្លើងចេញតាមរយះរន្ធ USB-A នៅលើ Anker PowerCore Slim 10K PD ទើបអាចសាកថ្មឲ្យ iPhone 15 Series បាន។ ហើយ Anker បានសន្យាថា នឹងធ្វើកំនែប្រែថ្មី និងដំណោះស្រាយដើម្បីធ្វើយ៉ាងណាឲ្យឧបករណ៍ Power Bank ទាំងអស់របស់ខ្លួនអាចគាំទ្រការសាកថ្មតាមរយះរន្ធ USB-C ទៅកាន់ iPhone ជំនាន់ថ្មីទាំងអស់បាន។
សម្រាប់រន្ធ USB-C របស់ iPhone 15 Series គឺអាចសាកភ្លើងបន្តទៅកាន់ Apple Watch Series, AirPods និងទូរស័ព្ទ iPhone មួយផ្សេងទៀតដែលគាំទ្ររន្ធ USB-C ដែលមុខងារនេះហើយដែលជាមូលហេតុដែលធ្វើឲ្យការសាកថ្មចេញពីរន្ធUSB-C នៅលើ Power Bank មួយចំនួនមិនអាចសាកភ្លើងឲ្យ iPhone 15 Series បាន៕