ថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូនដ៏មានឥទ្ធិពលរបស់ចិន Xiaomi បានប្រកាសចាប់ដៃសហការជាមួយក្រុមហ៊ុន Padget Electronics ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Dixon Technologies។ សម្រាប់កិច្ចព្រមព្រាងរវាង Xiaomi ជាមួយ Padget Electronics គឺការផ្តោតទៅលើសង្វាក់ផលិតកម្មស្មាតហ្វូនរបស់ Xiaomi នៅក្នុងរោងចក្ររបស់ Padget Electronics ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Noida នៃរដ្ឋ Ultar Pradesh ប្រទេសឥណ្ឌាផ្ទាល់។
ការផលិតស្មាតហ្វូន Xiaomi នៅក្នុងប្រទេសឥណ្ឌាផ្ទាល់ គឺជាការបន្តជំហឈរកាន់តែរឹងមាំរបស់ក្រុមហ៊ុនស្មាតហ្វូនដែលមានសក្តានុពលរបស់ប្រទេសចិនមួយនេះ ហើយការផលិតស្មាតហ្វូន Xiaomi នៅក្នុងរោងចក្រ Padget Electronics គឺនឹងប្រើពាក្យថា “Make In India” ហើយក៏ជាការដើរស្របតាមមហិច្ឆតារបស់រដ្ឋាភិបាលរបស់ប្រទេសនេះផងដែរ។ លោក Atul B Lall ដែលជាអនុប្រធានរបស់ Dixon Technologies បានថ្លែងសាទរក្នុងភាពជាដៃគូជាមួយ Xiaomi ដោយលោកបានថ្លៃងថាជា "ព្រឹត្តិការណ៍ដ៏សំខាន់" សម្រាប់គម្រោងដែលមានបំណងជំរុញការផលិតនៅផលិតផលក្នុងស្រុក។
Padget Electronics គឺជាក្រុមហ៊ុនផលិតកិច្ចសន្យាមួយក្នុងចំណោមក្រុមហ៊ុនផលិតកិច្ចសន្យាចំនួន 5ដែលក្រុមហ៊ុន Xiaomi មាននៅក្នុងប្រទេសនេះ។ ហើយការបង្កើនដៃគូសហប្រតិបត្តិការនេះ គឺជាការពង្រឹងជំហររបស់ Xiaomi ក្នុងការជម្រុញកំណើតទីផ្សាររបស់ខ្លួន នៅក្នុងប្រទេសទីផ្សារស្មាតហ្វូនធំលំដាប់ទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសចិនមួយនេះ។ បច្ចុប្បន្ន Xiaomi កាន់កាប់ប្រហែល 15% នៃទីផ្សារស្មាតហ្វូនសរុបរបស់ប្រទេសឥណ្ឌាដែលស្ថិតនៅពីក្រោយក្រុមហ៊ុន Samsung និង Vivo។
សម្រាប់គម្រោងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលប្រទេសឥណ្ឌាក្នុងការលើកកម្ពស់ការផលិតផលិតផលក្នុងស្រុកបានទទួលជោគជ័យក្នុងការទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិធំៗល្បីៗឈ្មោះដូចជា Xiaomi និង Apple ក្នុងការដំណើរការផលិតផលិតផលរបស់ពួកគេក្នុងប្រទេសឥណ្ឌា។ ហើយ Padget Electronics ផ្ទាល់ គឺបានទទួលជំនួយពីកម្មវិធីរដ្ឋាភិបាលដែលមានគោលបំណងបង្កើនការផលិតផលិតផលទូរគមនាគមន៍ និងបណ្តាញនៅក្នុងប្រទេស។