ទូរស័ព្ទ iOS ជំនាន់ថ្មី គឺ iPhone 15 Pro និង 15 Pro Max ជា iOS Devices ដែលទទួលបានប្រជាប្រិយភាពខ្លាំងក្លាបំផុតក្នុងពេលបច្ចុប្បន្ន ទោះបីជាតម្លៃរបស់ឧបករណ៍ជំនាន់ថ្មីនេះមានការឡើងតម្លៃជាងមុនបន្តិចក៏ដោយចុះ។ iPhone 15 Pro និង 15 Pro Max បានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីៗចុងក្រោយមួយចំនួនដោយក្នុងនោះរួមមានបន្ទះឈីបជំនាន់ថ្មី A17 Pro ផងដែរ។
បច្ចុប្បន្ននេះ iPhone 15 Pro និង 15 Pro Max ក៏បានទៅដល់ដៃអ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក បន្ទាប់ពីការនាំចេញលើកដំបូងកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។ ហើយរឿងដែលកំពុងកើតឡើងនៅលើ iPhone 15 Pro Max ក្នុងពេលនេះ គឺបញ្ហាកើនឡើងកំដៅខុសពីធម្មតា។ បើតាមការបញ្ជាក់ពីប្រភពមួយបានឲ្យដឹងដូច្នេះថា បន្ទះឈីបជំនាន់ថ្មី A17 Pro របស់ iPhone 15 Pro Max ដែលផលិតតាមស្តង់ដារថ្មី 3nm របស់ TSMC គឺធ្វើឲ្យទូរស័ព្ទមានការឡើងកំដៅខុសពីធម្មតា ទោះបីជាប្រើធម្មតាៗក៏ដោយ។
បន្ទះឈីបជំនាន់ថ្មី 3nm A17 Pro នេះ គឺមានការបង្កើនសមត្ថភាពប្រតិបត្តិការបានកាន់តែមានប្រសិទ្ធិភាពខ្ពស់ជាងបើធៀបនឹង A16 Bionic ដែលប្រើនៅលើ iPhone 14 Pro និង 14 Pro Max ឆ្នាំមុន ដែលបញ្ហាបង្កើនប្រសិទ្ធិភាពល្បឿនដំណើរការនេះហើយ ត្រូវបានគេជឿជាក់ថា ជាបញ្ហាដែលនាំឲ្យមានការកើនឡើងកំដៅដូចនេះ។ យោងទៅលើការបង្ហោះនៅលើគណនី Revegnus បានបញ្ជាក់ដូច្នេះថា បញ្ហាឡើងកំដៅនៅលើ iPhone 15 Pro គឺចាប់ផ្តើមពីជុំវិញកន្លែងដាក់បន្ទះឈីប ដែលកំដៅអាចឡើងដល់ 48 degrees Celsius ឬ 118.4 degrees Fahrenheit។
ដោយឡែកបើតាម Youtuber ដែលមានឈ្មោះថា Vadim Yuryev ជឿជាក់ថា Apple បានបង្កើនថាមពលនៃបន្ទះឈីប A17 Pro ដើម្បីសម្រេចបាននូវលទ្ធផលគោលដែលខ្លួនចង់បាន ប៉ុន្តែ ការកើនឡើងនៃការប្រើប្រាស់ថាមពលនេះអាចនាំឱ្យថាមពលថ្មធ្លាក់ចុះ ហើយថែមទាំងធ្វើឱ្យទូរស័ព្ទឡើងកំដៅលឿនជាងមុនផងដែរ។ ហើយដោយសារតែ iPhone 15 Pro ឡើងកំដៅយ៉ាងលឿនដូច្នេះ ជាហេតុធ្វើឲ្យទូរស័ព្ទបានបិទដំណើរការដោយស្វ័យប្រវត្តិដើម្បីការពារការខូចខាតដល់សមាសធាតុខាងក្នុងរបស់វា។ ម្យ៉ាងវិញទៀត នៅពេលដែលទូរស័ព្ទអាចឡើងកម្តៅដល់ទៅ 118.4 អង្សាហ្វារិនហៃ គឺវាក្តៅល្មមអាចបណ្តាលឱ្យរលាកដៃក្នុងកម្រិតទីមួយ។
ចំនែក Reviewer ឈ្មោះថា TechTablets ក៏បានបញ្ជាក់ផងដែរថា ការបិទបើក A17 Pro របស់ iPhone 15 Pro Max គឺមិនល្អនោះទេ។ គាត់និយាយបញ្ជាក់ថា វាចំណាយពេលត្រឹមតែ 2 នាទីដើម្បីបាត់បង់ដំណើរការស្ទើរតែ 25% ហើយបន្ទាប់ពី 20 នាទីនៃការផ្ទុកនៃ GPU ដំណើរការបានធ្លាក់ចុះដល់ជិត 34%។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា ពិន្ទុគោល គឺពិតជាគួរអោយចាប់អារម្មណ៍សម្រាប់បន្ទះឈីបនៃឧបករណ៍ចល័តមួយនេះ។
ទោះជាយ៉ាងណា ទាក់ទងនឹងបញ្ហាឡើងកំដៅរបស់ iPhone 15 Pro និង 15 Pro Max នេះ មិនទាន់ត្រូវបានបកស្រាយបំភ្លឺពីក្រុមហ៊ុន Apple នៅឡើយទេ យ៉ាងណាមិញ ប្រសិនបើលោកអ្នក មានបំណងជាវ iPhone ជំនាន់ថ្មីនេះយកទៅប្រើប្រាស់ ត្រូវចាំមើលស្ថានការណ៍បន្តិចសិនព្រោះថា រាល់ជំនាន់ iPhone តែងតែមានបញ្ហានៅពេលនៃការចេញលក់លើកដំបូង ដូចនេះ រងចាំការដោះស្រាយពីក្រុមហ៊ុនឲ្យមានប្រសិទ្ធិភាពសិនចាំជាវយកទៅប្រើប្រាស់ដោយមានទំនុកចិត្ត៕